Breaking News
Loading...
Wednesday, September 18, 2013

បទ​ល្មើស​ព្រៃ​ឈើ​កាន់​តែ​កើន​ឡើង រ​ថ​យន្ត​ពាក់​ស្លាក​លេខ​ខេមរៈ​ភូមិន្ទ​ជាប់​អន្ទាក់​សមត្ថ​កិច្ច​ខេត្ត​កំពង់​ធំ​


ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះ បទល្មើសការដឹក ជញ្ជូនឈើគ្រញូង ការជួញដូរ ការស្តុកទុក និងការធ្វើចរាចរណ៍ឆ្លងកាត់ខេត្តកំពង់ធំ នៅតែមានភាពអាណាធិបតេយ្យ និងធ្វើសកម្មភាពដូចគោហ្វូង ជាក់ស្តែង កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី១៧ កញ្ញា ២០១៣ នេះ កម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុក សហការជាមួយនិងកងរាជអាវុធហត្ថក្រុងស្ទឹងសែន បានស្ទាក់ចាប់រថយន្តនីសាន់ណាវ៉ារ៉ា ពណ៌ស ១គ្រឿង ដែលមានពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02-2-4183 ដឹកឈើគ្រញូងពេញក្នុងរថយន្ត នៅចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថស្រុក ។

លោកវរៈសេនីយ៍ត្រី ស្រី សំណាង មេបញ្ចាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពី លោកវរៈសេនីយ៍ត្រី ហែម សំអាង មេបញ្ចាការកងរាជអាវុធហត្ថក្រុងស្ទឹងសែន ថា មានរថយន្ត ១គ្រឿង ដែលមានពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02-2-4183 ដឹកឈើគ្រញូងឆ្លងកាត់ខេត្តកំពង់ធំ ហួសទៅដល់ទឹកដីស្រុកសន្ទុកហើយ ពេលនោះ រូបលោកបានដាក់បារាសត្រួតពិនិត្យ និង ឃាត់នាំយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុក ជាមួយនិងតៃកុងឡានម្នាក់ និងព្រូឡានម្នាក់ ។

ប៉ុន្តែ ដោយសារតែអ្នកបើកបរស្លៀកពាក់ ឯកសណ្ឋានជាអង្គរក្សនោះ ក្រែងមានអាវុធនៅជាប់ខ្លួន ម្យ៉ាងទៀតដោយសាររថយន្តជាប់សោរ និងកញ្ចក់ពណ៌ខ្មៅមើលមិនឃើញខាងក្នុងនោះ ហើយរូបលោកក៏ជាប់រវល់ ក៏ឲ្យកូនចៅលោកនាំជនសង្ស័យទៅសាកសួរ ស្រាប់តែក្រោយមកជនសង្ស័យប្រើល្បិចថា ទៅនោម រួចបានរត់គេចខ្លួនបាត់ស្រមោលបាត់តែម្តង ។

លោកវរៈសេនីយ៍ត្រី ស្រី សំណាង បានទទួលកំហុសថា នេះជាការធ្វេសប្រហែសរបស់សមត្ថកិច្ច លោកសូមស្បថថា លោកមិនមានគំនិតដោះលែង ជនសង្ស័យឲ្យរត់រួចនោះទេ លោកបានឲ្យកម្លាំងដេញតាមដែរ តែតាមមិនទាន់ ។

ចំណែកប្រជាពលរដ្ឋ បានធ្វើការរិះគន់ថា ជនល្មើសទាំង ២នាក់ នោះ ប្រហែលជាចេះបំបាំងខ្លួនទើបបាត់ស្រមោលឈឹង ដោយមិនដឹងមូលហេតុ ខណៈពេលដែលចាប់យកមកដាក់នៅក្នុងការិយាល័យហើយនោះ ។

គួរបញ្ជាក់ថា រថយន្ត និងឈើគ្រញូង ត្រូវបានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញមេព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ថ្ម ធ្វើការវាស់វែងមានចំនួន ៦៨ដុំ ស្មើនឹង ១,៤៥៨ម៉ែត្រគូប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕











ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved