Breaking News
Loading...
Wednesday, September 18, 2013

ខៀវ​ សុខារ៉ាវី ​បង្ហាញ​មុខ​​កូនប្រុស ​ជា​លើក​​ដំបូង​


ភ្នំពេញ៖  នៅទីបំផុត ខ្សែជីវិតរបស់អតីត តារាសម្ដែងល្បីឈ្មោះ ខៀវ សុខារ៉ាវី នៅតែបន្តវិលវល់ គ្មានថ្ងៃស្រាកស្រាន្ត ក្នុងពិភពសិល្បៈ បើទោះបីជានាង បានជួបជំពប់នូវរឿង ហេតុប្រេះឆា មួយចំនួន ក៏ដូចជាគំនាបពីគ្រួសារ ឲ្យនាងត្រូវដកថយ មួយរយគីឡូម៉ែត្រដី ដើរចេញពីសង្វៀន ប្រកបដោយភ្លើងពណ៌ ចម្រុះមួយនេះយ៉ាងណាក្ដី។ ជាការពិតបន្ទាប់ពី សម្ងំរួមសុខរួមទុក្ខ ជាមួយស្វាមីលាក់មុខ អស់រយៈពេល ជាច្រើនឆ្នាំរួចមក ខៀវ សុខារ៉ាវី បានបន្តបង្ហាញវត្តមាន ក្នុងកម្មវិធីអ្នកសិល្បៈ នៅរយៈពេលថ្មីៗនេះ ជាមាគ៌ាមួយបង្ហាញថា នាងនៅតែមិនទាន់ អស់អាល័យ នឹងខ្សែជីវិត ជាសិល្បៈដដែល ។

លើសពីនេះ ស្រីស្រស់ទងវង ដែលនៅតែរក្សា សម្រស់ឲ្យនៅក្មេងល្ហក់ មិនជ្រេជ្រុលតាមវ័យ នាង ខៀវ សុខារ៉ាវី បានបង្ហាញមុខ កូនប្រុសសំណព្វចិត្ត ដែលជាដំណក់ឈាម និងជាចំណងដៃ ជីវិតជាមួយស្វាមី ជាលើកដំបូង ក្នុងបណ្ដាញហ្វេសប៊ុក របស់នាង ដោយមើលទៅកូនប្រុស មានវ័យប្រហែល ជាង ២ឆ្នាំនោះ ហាក់មានទឹកមុខ សប្បាយរីករាយ និងស្រស់ស្អាតគួរ ជាទីស្រឡាញ់ ពេលបានថតរូបជាមួយ ម្ដាយរបស់ខ្លួន។ ក្នុងនោះក៏មានមិត្តភក្តិ មួយចំនួន ក៏បានបញ្ចេញ សូរ្យសៀងអបអរសាទរ និងសរសើមិនដាច់ពីមាត់ ជាហូរហែផងដែរ។

មានការកត់សម្គាល់ កន្លងមកថា ចាប់តាំងពី ខៀវ សុខារ៉ាវី សម្រេចចិត្តដើរចេញ ពីការងារសិល្បៈ និងមានគ្រួសារ ជាអ្នករកស៊ីធំដុំ ក្នុងពិភពជំនួញរួចមក ទស្សនិកជនមិនបានរំពឹងថា នាងនឹងអាចត្រឡប់មក កាន់ក្បាលមេក្រូអត្ថាធិប្បាយនៅលើឆាកតន្រ្តី ឬជ្រៀតជ្រែកបង្ហាញ វត្តមានក្នុងឈុតខារ៉ាអូខេ របស់ផលិតកម្មណាមួយ ដូចកាលពី ៥និង៦ឆ្នាំមុនឡើយ ព្រោះនាងតែងតែលេចឮ នូវព័ត៌មានជាហូរហែថា ទទួលគំនាបពីស្វាមី មិនឲ្យប្រឡូកប្រឡាក់ ក្នុងការងារសិល្បៈ បន្តទៀតទេ ខណៈឃើញអ្នកសិល្បៈមួយចំនួនធំ នៅតែមិនអាចគេចផុត ពីរឿងអាស្រូវស្នេហា បានឡើយ។

ការបង្ហាញមុខកូនប្រុស គួរឲ្យស្រឡាញ់ ជាលើកដំបូងក្នុង បណ្ដាញហ្វេសប៊ុក នៅពេលនេះ បានធ្វើឲ្យមិត្តភក្តិ ជាអ្នកសិល្បៈ ក៏ដូចជាអ្នកចូលចិត្ត បណ្ដាញសង្គម មួយនេះ មានអារម្មណ៍ ភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះកន្លងមក ខៀវ សុខារ៉ាវី មិនមែន ជាមនុស្សដែលចូលចិត្ត ទម្លាយអាថ៌កំបាំង ឲ្យមហាជនបានដឹងជា សាធារណៈ នូវជីវិតឯកជន របស់នាងឡើយ ។ ពោលគឺដូចទៅនឹងចរិតរបស់ អតីតគូដណ្ដឹងបែបគ្នា ក្នុងថ្ងៃរៀបការ លោក ស៊ុក សុភា ដែរ។ ប៉ុន្តែនៅពេលនេះ ជាសញ្ញាថ្មីមួយទៀត ដែលត្រូវបាន គេសង្ស័យថា ខៀវ សុខារ៉ាវី អាចគេចផុតពី គំនាបគ្រួសារ ឬពីស្វាមីក៏ថាបាន ដោយសារទឹកមុខរបស់នាង គឺហាក់ពោរពេញ ដោយសេរីភាព និងភាពម្ចាស់ការ លើខ្លួនឯង ផ្ទុយស្រឡះពីគ្រាមុន។

ក្រោយពីបង្ហាញខ្លួន ក្នុងកម្មវិធីសិល្បៈ ផ្សេងៗជាមួយមិត្តភក្តិ ក៏ដូចជាបង្ហាញមុខ កូនប្រុសជាសាធារណៈ នៅពេលនេះ អាចបញ្ជាក់បានថា ខៀវ សុខារ៉ាវី នឹងចូលប្រឡូក ក្នុងវិស័យសិល្បៈ ពោលគឺវិលរកឆ្នាំងចាស់វិញ តែមិនដឹងថា ក្នុងលក្ខណៈពេញទំហឹង ឬបែបលិបលៗនោះទេ។ ទោះបីជាយ៉ាងណា គេហទំព័រ LookingTODAY មិនអាចទាក់ទងបំភ្លឺ ពីនាងខៀវ សុខារ៉ាវី ជុំវិញបញ្ហានេះ បានទេ នៅព្រឹកថ្ងៃទី១៧ខែ កញ្ញា នេះ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបានបិទ៕















ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved