Breaking News
Loading...
Saturday, September 21, 2013

សុខ មុន្នីពិសី អួតរឿងប្រុសៗញ៉ែ​តាមទូរស័ព្ទ ធ្វើឲ្យនាងកើតរោគធុញ..


ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model កញ្ញា សុខ មុន្នីពិសី ជាតារាស្រីមួយដួង ដែល មានសម្រស់ស្រស់ស្អាត មានអំណោយផលពីធម្មជាតិ ទាំងសម្បុរ ទម្រង់មុខស្រស់ឆើតឆាយ ធ្វើឲ្យបុរសៗជាច្រើនឈ្លក់វង្វេង ព្យាយាមទាក់ទងសុំធ្វើ ជាម្ចាស់គ្រងបេះដូងរបស់នាង ។ បុរសសម្បូរទ្រព្យទាំងអស់នោះ តែងតែយកទ្រព្យរបស់ពួកគេ មកធ្វើជានុយស្ទូច យកបេះដូងស្រីស្អាត រូបនេះ ។ មិនតែប៉ុណ្ណោះ ជារឿយៗ តែងតែតេទូរស័ព្ទសុំស្នេហ៍នាង មិនចេះចប់មិនចេះហើយ ។
ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣នេះ តារាសម្តែងស្រីស្អាតរាងខ្ពស់ស្រឡះ តូចច្រឡឹង កញ្ញា សុខ មុន្នីពិសី បានបង្ហើបប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ការងាររបស់នាង មានភាព មមាញឹកគ្មានពេលសម្រាកទេ ព្រោះត្រូវថតកាយវិការខារ៉ាអូខេ ទាំងយប់ទាំងថ្ងៃ ហើយក្រៅពីថតខារ៉ាអូខេនេះ នាងមិនទាន់មានគម្រោង ចាប់ផ្តើម ការងារថ្មី បន្តទៀតនៅឡើយទេ ។
ស្រីស្អាតរាងតូចច្រឡឹង សម្បូរមន្តស្នេហ៍ កញ្ញា សុខ មុន្នីពិសី បានបង្ហើបប្រាប់ឲ្យដឹងថា “ ខ្ញុំត្រូវថតខារ៉ាអូខេ ឲ្យផលិតកម្មអឹម និងផលិតកម្ម ថោន សម្រាប់វ៉ុលថ្មី ត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំពិតជាមានអារម្មណ៍ថា សប្បាយរីករាយណាស់ ដែលការងាររបស់ខ្ញុំ មានភាពរីកចម្រើន។ នេះជាសញ្ញានៃភាពជោគជ័យរបស់ខ្ញុំមួយផ្នែក បើទោះបីជាមានការហត់នឿយខ្លះៗ ក៏ដោយ តែមិនស្មើអារម្មណ៍ហត់នឿយ ព្រោះតែត្រូវគេតាមរំខាន មិនចេះចប់មិនចេះហើយ”។
តារាសម្តែងវ័យក្មេង សាច់សរម៉ដ្ឋរូបនេះ បានប្រាប់ឲ្យដឹងថា “ខ្ញុំមានអារម្មណ៍ធុញទ្រាន់ ព្រោះរាល់ថ្ងៃមានគេតេទូរស័ព្ទមកខ្ញុំ និយាយសុំស្គាល់រាប់អាន និងមានអ្នកខ្លះទៀត សុំស្រឡាញ់ ចំណាយពេល១ថ្ងៃហត់ ក្នុងការថតហើយ ត្រូវមកទទួលទូរស័ព្ទ រោទិ៍ មិនឈប់ ហើយមានតែអ្នកតេមកនិយាយលេង (សុំស្នេហ៍) មានពេលខ្លះ ខ្ញុំក៏បិទទូរស័ព្ទព្រោះតែធុញពេក.. ” ។
កញ្ញា សុខ មុន្នីពិសី បានប្រាប់ថា អ្នកសិល្បៈមិនថា បុរសឬក៏ស្រីទេ តែងតែមានអ្នកស្រឡាញ់ចូលចិត្តគាំទ្រ ទៅលើតារាក្នុងដួងចិត្តរបស់ពួកគាត់ នៅក្នុងនោះ មានបុរសមួយចំនួន ទាំងក្នុងនិង ក្រៅប្រទេស បានទូរស័ព្ទមកនាង ដោយមានអ្នកធានាសុំចិញ្ចឹម ចង់ចូលស្តីដណ្តឹងនាងជាដើម ។ “សម្រាប់រឿងនេះ ខ្ញុំ មិនមានបំណងប្តូរលេខទូរស័ព្ទទេ។ ម្យ៉ាងវិញទៀត ខ្ញុំមិនចង់ដូរលេខច្រើនដងទេ ព្រោះលេខនេះ ជាលេខសម្រាប់ការងារ គេស្គាល់ច្រើនណាស់។ ខ្ញុំក៏តែងតែប្រាប់ទៅ បុរសទាំងអស់នោះ ដោយនិយាយថា ខ្ញុំមិនទាន់ចង់គិត ពីរឿងស្នេហានោះទេ ព្រោះខ្ញុំរវល់ជាមួយការងារ គ្មានពេលគ្រប់គ្រាន់ គិតរឿងផ្សេងទេ.. ” ៕





ប្រភពពី៖​ www.khmerpage.info

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved