Breaking News
Loading...
Sunday, September 22, 2013

ប្ដី​ប្រពន្ធ​ប្រើ​ផ្គាក់​និង​ត្បូងចប​សម្លាប់​អ្នកគ្រូ​ញាត់​ពាងទឹក​ត្រូវ​ប្រកាស​ទោស​ថ្ងៃ​២៦​កញ្ញា


​បន្ទាយមានជ័យ​៖ សវនាការ​រយៈពេល​៣​ម៉ោង​ជំនុំជម្រះ​រឿង​ព្រហ្មទណ្ឌ​ឃាតកម្ម​ប្ដី​ប្រពន្ធ ដែល​ពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​អ្នកគ្រូ​បង្រៀន​ម្នាក់​ញាត់​ក្នុង​ពាងទឹក​ដោយ​រឿង​គំនុំ​ផ្ទាល់ខ្លួន គ្រាន់តែ​ឈ្លោះប្រកែក​គ្នា​រហូតដល់​វាយ​នឹង​កាំបិតផ្គាក់ និង​ត្បូងចប​វាយ​ក្បាល​អោយស្លាប់​រួចហើយ​ញាត់​ក្នុង​ពាងទឹក​ដើម្បី បំបាត់ភស្តុតាង ត្រូវបាន​លើកយក​មក​បើកសវនាការ​ជំនុំជម្រះ​ហើយនឹង​ប្រកាស​ទោស​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខនេះ​។​

​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ លោក​អិត សម្ផស្ស ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក សាយ សម្ផស្ស​សេរី លោក​ធា​ម ច័ន្ទ​ពិសិដ្ឋ ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោកស្រី​កែវ សុគន្ធា​រី តំណាង​អយ្យកា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​សួរដេញដោល​ទៅលើ​ជនជាប់ចោទ​ទាំង ២​នាក់​ប្ដី​ប្រពន្ធ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម​បានសម្លាប់​អ្នកគ្រូ​កាលពី​ថ្ងៃទី​២៨ មករា ២០១៣ មក​ជម្រះ​ពីបទ​ឃាតកម្ម​។​

​ជនជាប់ចោទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវបាន​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន ប្រព្រឹត្ត​ឃាតកម្ម​សម្លាប់​អ្នកគ្រូ​បង្រៀន​សាលាបឋមសិក្សា​នៅ​ស្រុក​អូរជ្រៅ​ញាត់​ពាងទឹក​ផឹក បន្ទាប់ពី​រឿងហេតុ​កើតឡើង​វេលា​ម៉ោងជាង​១០​ព្រឹក នៅ​ចំណុច​ផ្ទះ​អតីត​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គុ​ត្ត​សត ខាងក្រោយ​១០០​ម៉ែត្រ​នៃ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​គុ​ត្ត​សត ភូមិ​-​ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ។​

​ជនជាប់ចោទ​ឈ្មោះ យ៉ាវ ថា​វី ភេទ​ស្រី រស់នៅ​ភូមិ​ខាងលើ​បាន​សារភាព​នៅ​អង្គ​សវនាការ​ថា ខ្លួន​ពិតជា​បាន​ឈ្លោះប្រកែក​គ្នា​រឿង​ជំពាក់​លុយ​បង្ខំ​អោយ​អ្នកគ្រូ​សង លុយ​តែ​ក៏មាន​ប៉ះ​សំដី​គ្នា​ក៏​ទាញ​កាំបិតផ្គាក់​មក​វាយ​អ្នកគ្រូ​ចំ​ពី​ក្រោយខ្នង​ផ្កាប់មុខ​ដួល​ទៅ​ក្រោមផ្ទះ​ហើយ​គេ​ក៏​ជិះ​កង់​ទៅ​កន្លែង​លក់​វិញ ស្រាប់តែ​ជួប​មាន​បុរស​ម្នាក់​សួរនាំ​រក​ចងការ​លុយ​តែ​ខ្លួន​ឆ្លើយ​ទៅវិញ​ថា ចងការ​អ្នកគ្រូ​ចុះ ការស្លាប់​របស់​អ្នកគ្រូ ឈ្មោះ ឡោ មួយ​សាយ ហៅ​គ្រុយ ពិតជា​ខ្លួន​បាន​ប្រព្រឹត្ត​ដោយ​វ៉ៃ​នឹង​កាំបិតផ្គាក់​ខាង​ខ្នង​ចំ​កញ្ចឹងក​ពិតប្រាកដ​មែន​។​

​ជនជាប់ចោទ​ជា​ប្ដី​ឈ្មោះ សិត សុខុម អាយុ​៤២​ឆ្នាំ រស់នៅ​ខាងលើ​បាន​សារភាព​នៅ​សវនាការ​ថា មុនពេល​កើតហេតុ​នេះ​ឡើងខ្លួន​បាន​អង្គុយ​លក់ដូរ​ក្នុង​សាលារៀន បាន​ប្រពន្ធ​ប្រើ​ទៅអោយ​ទិញ​ថ្នាំពេទ្យ​នៅក្នុង​ផ្សារ​គុ​ត្ត​សត​មក​ផឹក​ហើយ ខ្លួន​ក៏​មិន​បានដឹង​រឿងរ៉ាវ​កើតឡើង​ជាមួយ​ប្រពន្ធ​និង​អ្នកគ្រូ​ឈ្មោះ ឡោ មួយ​សាយ ហៅ​គ្រុយ នោះទេ​។ ពេល​ខ្លួន​ដើរទៅ​ក៏​ប្រទះឃើញ​សកម្មភាព​ប្រពន្ធ​បាន​វាយ​អោយ​អ្នកគ្រូ​របួស ជិត​ដាច់ខ្យល់​គេ​ក៏​បន្ថែម​ឲ្យ​ស្លាប់​តែម្តង រួច​ឲ្យ​នាយក លោកគ្រូ​និង​អ្នកភូមិ​ព្រមទាំង​សិស្ស​នាំគ្នា​ទៅ​មើល ឃើញថា​អ្នកគ្រូ​បាន​ស្លាប់​ទៅហើយ តែ​នៅ​ក្ដៅៗ​ដែល​ទំនងជា​កើតឡើង​មុននេះ​ជាង​កន្លះ​ម៉ោង​ជនរងគ្រោះ​សុំ​ចេញពី​បង្រៀន​មុន​ម៉ោង​បន្តិច​។ បន្ទាប់មក​នគរបាល​ចម្រុះ​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គុ​ត្ត​សត ពី​ស្រុក​អូរជ្រៅ​និង​ពី ការិយាល័យ​កណ្ដាល​នគ​របាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ចុះ​ពិនិត្យ ឃើញថា​ជនរងគ្រោះ​រង​របួស​ខ្ទេច​ក្បាល​ពីក្រោយ​និង​កញ្ចឹងក ដោយ​រង​នឹង​វត្ថុ​រឹង​។ ជនរងគ្រោះ​ត្រូវគេ​វាយ​សម្លាប់​មុន​រួច​លើកសព​ដាក់​ក្នុង​ពាង​ទឹកជា​ក្រោយ ។​

លោក អិត សម្ផស្ស ក្រុមប្រឹក្សា​ជម្រះ និង​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ និង​លោក សាយ សម្ផស្ស​សេរី បាន​សួរដេញដោល​ជនជាប់ចោទ​ទាំង​២​ប្ដី​ប្រពន្ធ​រឿងហេតុ​ការណ៍​កើតឡើង មុនដំបូង​ជនជាប់ចោទ​ជា​ប្រពន្ធ​ក៏បាន​ឆ្លើយ​សារភាពថា មុន​ពេលដែល​កើតហេតុ​ខ្លួន​នឹង​អ្នកគ្រូ​បាន​ជួបគ្នា​ឈ្លោះប្រកែក​គ្នា ពី​បញ្ហា​រឿង​លុយ​ជំពាក់​ក៏មាន​ការប្រតាយប្រតប់​គ្នា​ខ្លួន​ក៏បាន​ទាញ កាំបិត​មក​វ៉ៃ​អ្នកគ្រូ​ពីក្រោយ​ខ្នង​អោយ​ដួល​ផ្កាប់មុខ​ពិតប្រាកដ​មែន​បំណង គឺ​ចង់អោយ​គាត់​ស្លាប់បាត់​បំណុល​រឿង​លុយកាក់​។ ចំណែក​ប្ដី​ឈ្មោះ សិត សុខុម បាន​ឆ្លើយ​នៅមុខ​សមត្ថកិច្ច​ប៉ូលីស​ក៏ដូចជា​ឆ្លើយ​នៅ​សវនាការ​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​យក​ត្បូងចប​វាយ​វ​ពីមុខ​ពីក្រោយ​អោយ ដួង​ល​សន្លប់ រួច​លើក​អ្នកគ្រូ​ញាត់​ពាងទឹក​ខ្លួន​កាន់​ដើមទ្រូង​ប្រពន្ធ​កាន់ជើង ដើម្បី​បំបាត់​ភ័ស្តុតាង​ដែល​សម្លាប់ ហើយ​ខ្លួន​ក៏​ធ្វើជា​មិនដឹង​រឿងហេតុ​កើតឡើង​ក្រោយមក​ទើប​សមត្ថកិច្ច ចាប់ខ្លួន​ដោយមាន​ភស្តុតាង​ប្រលាក់​ឈាម និង​ភស្តុតាង​កាំបិត​និង​ចប​ដែល​បាន ទុក​នៅក្នុង​ផ្ទះ​។​

​តំណាង​អយ្យការ​បាន​សន្និដ្ឋាន និង​ចោទប្រកាន់​ទៅលើ​ជនជាប់ចោទ ១.​ឈ្មោះ សិត សុខុម និង​ឈ្មោះ យ៉ាវ ថា​វី ពីបទ​ឃាតកម្ម​ដែល​បានរួម​គំនិត​គ្នា​សម្លាប់​អ្នកគ្រូ​ត្រូវជា​ម្ដាយមីង​ដោយ​កាំបិតផ្គាក់ និង​ត្បូងចប​វាយ​ក្បាល​អោយដាច់​ដង្ហើម​ស្លាប់​រួច​គេ​ចាប់​ញាត់​ក្នុង​ពាងទឹក​។ ជនជាប់ចោទ​ទាំង​២​នាក់​នេះ លោក ប្រធាន​ក្រុមប្រឹក្សា​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៦ កញ្ញា ២០១៣​ខាងមុខនេះ រឿងនេះ​គឺ​ពិតជា​ដូច​គេ​និយាយថា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​៕

3

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved