ក្រុម​ចាយ​លុយ​ធំ​ទាំង​ពីរ​របស់​បារាំង គឺ Paris Saint Germain និង​ក្រុម AS Monaco បញ្ចប់​ការ​ប្រកួត​​សប្ដាហ៍​ទី​៦​នៃ​ក្របខ័ណ្ឌ Ligue 1 ដោយ​មិន​ចាញ់​មិន​ឈ្នះ ពោល​គឺ​ស្មើ​គ្នា​១-១​ នៅ​កីឡដ្ឋាន​ Parc des Princes ​យប់មិញ​។​

ខ្សែ​ប្រយុទ្ធ​​ដែល​មាន​តម្លៃ​​ផ្ទេរ​សរុប​២៤០​លាន​ដុល្លារ​អាមេរិក​(ផ្ទេរ​ក្លិប​៥​លើក​កន្លង​មក)​ Zlatan Ibrahimovic ស៊ុត​ឱ្យ​ក្រុម​ការពារ​តំណែង​ជើងឯក PSG ​នាំ​មុខ​មុន​ក្នុង​នាទី​ទី​៥ ប៉ុន្តែ​១៥​នាទី​ក្រោយ​មក​ការ​នាំ​មុខ​នោះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​ដែល​ Monaco ទិញ​ពី Atlético Madrid តម្លៃ៨៥​លាន​ដុល្លារ​អាមេរិក Radamel Falcao​ ដើម្បី​រក្សា​ភាព​មិន​ដែល​ចាញ់​របស់​ក្លិប​ទើប​ឡើង​ពី​ក្របខ័ណ្ឌ Ligue 2 ​នេះ​។​​​

​ក្រុម​​ដែល​បង្វឹក​ដោយ​លោក​ Laurent Blanc ​មាន​ឱកាស​ស៊ុត​ច្រើន​ជាង​ ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​ Ibrahimovic ​ខ្ជះខ្ជាយ​ឱកាស​ជា​ច្រើនលើកច្រើនសា​ បណ្ដាល​ឱ្យ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​បាន​ ស្រប​ពេល​ក្រុម​ដែល​បង្វឹក​ដោយ​លោក​ ​Claudio Ranieri ​ក៏​មិន​អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​ម្ចាស់​ផ្ទះ​បាន​ទៀត​ដែរ ធ្វើ​ឱ្យ​គ្រាប់​បាល់​១-១​នៅ​ថេរ​រហូត​ដល់​អាជ្ញាកណ្ដាល​បន្លឺ​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​​។​

លទ្ធផល​ស្មើ​នេះ​រក្សា​ក្រុម Monaco ​ឱ្យ​បន្ត​កាន់កាប់​កំពូល​តារាង​លីក​កំពូល​បារាំង​ដដែល ដោយ​នាំ​មុខ PSG ២​ពិន្ទុ​៕​