ក្រុម​ស្ដេច​ស​ Real Madrid ​ស៊ី​ក្រុម​ Getafe ៤-១ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៥​នៃ​ក្របខ័ណ្ឌ La Liga ​ដោយ​គ្មាន​វត្តមាន​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក​នា​ពេល​បច្ចុប្បន្ន​ Gareth Bale​ ដោយសារ​របួស​ភ្លៅ​អំឡុង​ពេល​កម្ដៅ​សាច់ដុំ​​មុន​ប្រកួត​។

Bale សង្ឃឹម​បាន​លេង​ឱ្យ Real ក្នុង​ផ្ទះ​ជា​លើក​ដំបូង​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​ខកខាន​ដោយសារ​របួស​ពេល​កម្ដៅ​សាច់​ដុំ

គ្រាន់​តែ​ចាប់​ផ្ដើម​ការ​ប្រកួត​បាន​៥​នាទី ក្រុម Getafe ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ស្ដេច​ស​ស្រឡាំងកាំង​ក្នុង​កីឡដ្ឋាន Santiago Bernabeu ដោយ​បើក​ការ​នាំ​មុខ​មុន​តាម​រយៈ​កីឡាករ Ángel Lafita​។ ប៉ុន្តែ​ក្ដី​រីករាយ​កើត​ឡើង​វិញ​ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ ពេល​ខ្សែ​ការពារ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Pepe ដែល​ពាក់​ស្លាក​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​នេះ ថែម​បាល់​​ដែល​ស៊ុត​ឡង​ដោយ Cristiano Ronaldo តាម​យក​ស្មើ​១-១​វិញ​។​


ចាប់​ពី​​នាទី​នោះ​មក ក្រុម​ភ្ញៀវ​តដៃ​លែង​រួច​តែ​ម្ដង ​ហើយ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​ដែល​មាន​លោក Carlo Ancelotti ស៊ុត​ថែម​៣​គ្រាប់​ទៀត ដោយ​ Ronaldo ​ពីរ​គ្រាប់​ក្នុង​នាទី​ទី​៣៤​និង​៩០+៣​ និង Isco មួយ​គ្រាប់​ក្នុង​នាទី​ទី​៥៩​។​


​ក្រោយ​រក​បាន​ពីរ​គ្រាប់​បន្ថែម​ទៀត​កាល​ពី​យប់មិញ​នេះ​ ខ្សែ​ប្រយុទ្ធ​ដែល​ផ្ទេរ​ពី​ Man Utd ​​ក្នុង​តម្លៃ​១២៨​លាន​ដុល្លារ​អាមេរិក​(៨០​លាន​ផោន)​​កាល​ពី​ឆ្នាំ​២០០៩ CR7​ ក្លាយ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ស្ដេច​ស​។ ក្នុង​ការ​ពាក់​អាវ Real Madrid ចូល​លេង​​២០៥​ប្រកួត​​មក​នេះ​ អតីត​យុវជន​របស់​ក្លិប​ Sporting Lisbon ​ទាត់​បញ្ចូល​ទី​បាន​​ដល់​ទៅ​២០៧​គ្រាប់ ​ហើយ​ចំនួន​គ្រាប់​បាល់​នេះ​នៅ​ចាញ់​តែ​ ​Ferenc Puskas, Santillana, Alfredo Di Stefano ​និង​ Raul ​ប៉ុណ្ណោះ​។​


លទ្ធផល La Liga សប្ដាហ៍​ទី​៥

ចំណាត់ថ្នាក់​គិត​ត្រឹម​សប្ដាហ៍​ទី​៥

អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គិត​ត្រឹម​សប្ដាហ៍​ទី​៥