ក្រោយ​ចាញ់ West Brom ៣-០ កាល​ពី​ថ្ងៃ​​សៅរ៍​ដែល​ជា​បរាជ័យ​លើក​ទី​៤​របស់ Sunderland ក្នុង​ចំណោម​៥​ប្រកួត​​ដំបូង​នៃ​ក្របខ័ណ្ឌ Premier League ​រដូវ​កាល​នេះ លោក Paolo Di Canio ត្រូវ​ក្លិប Sunderland ​បញ្ឈប់​​ពី​តំណែង​គ្រូ​បង្វឹក​ហើយ​។

ក្រុម​ឆ្មា​ខ្មៅ​​​បញ្ជាក់​យ៉ាង​ខ្លី​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​ក្នុង​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​៖ “ក្លិប Sunderland AFC បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្គោល​ Paolo Di Canio ហើយ​វេលា​ល្ងាច​នេះ​។ លោក Kevin Ball នឹង​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​ក្នុង​ជំនួប​ពាន​រង្វាន់​ Capital One Cup ទល់​នឹង Peterborough United ​នៅ​រាត្រី​ថ្ងៃ​អង្គារ មុន​នឹង​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​ជា​ផ្លូវការ​បាន”​។ ជា​ចុង​ក្រោយ ក្លិប​ក៏​បាន​អរគុណ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​​រូប​នេះ​ចំពោះ​កិច្ច​ប្រឹងប្រែង​កន្លង​មក​និង​ជូនពរ​ឱ្យ​ទទួល​ជោគជ័យ​ក្នុង​ពេល​អនាគត​។​

​តាំង​ពី​ចូល​ជំនួស​តំណែង​លោក​ Martin O’Neill ​កាល​ពី​ខែ​មីនា​មក ​គ្រូ​បង្វឹក​ដែល​ធ្លាប់​តែ​ដឹក​នាំ​ក្រុម​ Swindon Town ​ពី​ឆ្នាំ​២០១១​ដល់​២០១៣​ខាង​លើ ​បាន​ធ្វើ​កំណែ​ទម្រង់​ក្រុម​ឆ្មា​ខ្មៅ​ជា​ច្រើន ​ពោល​គឺ​​​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ដល់​ទៅ​១៣​នាក់​សម្រាប់​ត្រៀម​ប្រជែង​ក្នុង​រដូវ​កាល​២០១៣-១៤​។ ​ប៉ុន្តែ​៥​ប្រកួត​កន្លង​មក​នេះ ​ក្រុម​ឆ្មា​ខ្មៅ​កំពុង​កាន់​តំណែង​បាត​តារាង​ ត្បិត​ទើប​តែ​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៥​លើក​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​៕​