Breaking News
Loading...
Thursday, September 19, 2013

កប៉ាល់ទេសចរ អាម៉េរិក ខ្នាតយក្ស នាំភ្ញៀវទេសចរ ចំនួន១៩៥៩នាក់ ចូលមកទស្សនា កំសាន្តក្នុងក្រុង ព្រះសីហនុ


ប្រភព៖Lookingtoday

ព្រះសីហនុ ៖ កប៉ាល់ទេសចរអាម៉េរិកាំង ១គ្រឿង បាននាំភ្ញៀវទេសចរចំនួន១,៩៥៩នាក់ សើ្មនឹង២០ សញ្ជាតិចូលមកទេសនាកម្សាន្ត នៅក្រុងព្រះសីហនុ ដោយមិនខ្វល់ពីបញ្ហានយោបាយ ក្នុងប្រទេសកម្ពុជា ឡើយ ។
លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បានមានប្រសាសន៍ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៧ និង៣០ នាទី មានកប៉ាល់ទេសចរសញ្ជាតិអាម៉េរិកឈ្មោះ SUN PRINCESS ១គ្រឿង បានចូលចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលដឹកនាំភ្ញៀវទេសចរ អន្តរជាតិចំនួន ១,៩៥៩នាក់ស្រី១,១៥៦ សើ្មនឹង ២០ សញ្ជាតិ ដែលក្នុងនោះ អ្វីដែលចាប់អារម្មណ៍ជាងគេ គឺភ្ញៀវទេសចរសញ្ជាតិអូស្ត្រាលី ដែលមានចំនួន ច្រើនជាងគេរហូតដល់ទៅ ១,៧៣១នាក់ ស្រី១,០៤៦នាក់ ។ ចំពោះភ្ញៀវទេសចរទាំងនេះ បន្ទាប់ពីកប៉ាល់ បានចូលចតនៅកំពង់ផែហើយ ក៏បានបន្តដំណើរតាមរយៈរថយន្តក្រុងធំៗ បន្តដំណើរមកទស្សនាកំសាន្ត ក្នុងក្រុងព្រះសីហនុបន្តទៀត ដោយភ្ញៀវខ្លះទស្សនាតំបន់ឆ្នេរ ដ៏ស្រស់ស្អាត ដែលមានខ្សាច់សក្បុស ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់ គួរឱ្យចង់ងូត មួយចំនួនទៀតទស្សនាទីក្រុងទេសចរចំណាស់មួយនេះ ដែលបានធ្វើការអភិវឌ្ឍន៍ លើគ្រប់វិស័យ ព្រមទាំងបានទិញវត្ថុអនុស្សាវរីយ៍កំដរដៃផងដែរ ។
លោកវរសេនីយ៍ឯក ស៊ាង ឡេង ក៏បានបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យទេសចរ ក្នុងការបើកចំហជើង មេឃដែលជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ខណៈដែលកប៉ាល់ទេសចរនេះ បានធ្វើដំណើរមកដល់ រូបលោកបានដឹកនាំ ក្រុមការងារតាមរយៈទូកតូចៗ ឡើងទៅកប៉ាល់ដែលចតនៅលំហរសមុទ្រ មុនចូលចតនៅកំពង់ផែ បាន ជួយសម្របសម្រួលត្រួតពិនិត្យឯកសារ និងវាយត្រា ក្នុងន័យសម្រួលការងារ ឱ្យបានឆាប់រហ័យ ព្រោះភ្ញៀវ ទាំងនេះចូលមកទស្សនាមានរយៈពេលខ្លី ទម្រាំកប៉ាល់ចូលចតស្រួលបួល ក្រុមការងាររបស់លោកបាន សម្រេចការងារបានមួយចំនួនធំទៅហើយ ។
លោកប្រធានច្រកទ្វារ ក៏បានបន្ថែមថា កប៉ាល់ទេសចរមួយនេះ នឹងធ្វើដំណើរចាកចេញវិញ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃនេះ ។ គួរបញ្ជាក់ថា កប៉ាល់ទេសចរនេះ មានបណ្តោយប្រវែង ២៦១,៣១ ម៉ែត្រ ទទឹងប្រវែង ៣២,២៥ម៉ែត្រ ជម្រៅ ៨,១០ម៉ែត្រ ល្បឿនអាចរត់បាន ៤១,៤៨ គីឡូម៉ែត្រ ក្នុងមួយ ម៉ោង និងមានកម្ពស់ ១៤ជាន់ មានក្រុមនាវិកបម្រើការងារចំនួន ៩០០នាក់ ហើយអាចផ្ទុកមនុស្សបាន ចំណុះ ១,៩៩០នាក់ កប៉ាល់ទេសចរនេះ ទើបតែធ្វើដំណើរមកពីប្រទេសវៀតណាម  បន្ទាប់ពីចូលចតនៅ ខេត្តព្រះសីហនុប្រទេសកម្ពុជា វេលាម៉ោង ១៥និង៣០នៅរសៀលថ្ងៃនេះ នឹងបន្តដំណើរទៅកាន់ព្រះរា ជាណាចក្រថៃបន្តទៀត ៕










ប្រភពពី៖​ www.khmerpage.info

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved