​យោង​តាម​​បណ្ដាញ​សារព័ត៌មាន​​​​​អន្តរជាតិ​ធំ​ៗ​​ចុះ​ផ្សាយ​ព្រោង​ព្រាត​​​កាល​ពី​ម្សិលមិញ​ និង​ថ្ងៃ​នេះ​ ​​​បាន​ឱ្យ​ដឹង​ថា​ ​​​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​​​សញ្ជាតិ​ខ្មែរ​​ដ៏​ល្បី​​មួយ​រូប​ត្រូវ​បាន​​ចាប់​ខ្លួន​ ​រួម​ជា​មួយ​មន្ត្រី​យោធា​អាមេរិក​​​​ម្នាក់​​​ទៀត​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

លោក​ Michael Vannak Khem Misiewicz ថ្លែង​សុន្ទរកថា​នៅ​ពេល​​ដែល​​នាវា​​ពិឃាដ​​អាមេរិក USS Mustin ​សំចត​នៅ​ខេត្ត​ព្រះ​សីហនុ​​កាល​ពី​ឆ្នាំ​២០១០

លោក​ Michael Vannak Khem Misiewicz ​វ័យ​ ៤៦​ ឆ្នាំ​​ជា​ ​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​​​សញ្ជាតិ​ខ្មែរ​​​​​​​​​​ ​​រួម​ជា​មួយ​លោក​ John Bertrand Beliveau II​ ​ទីភ្នាក់ងារ​​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​កងទ័ព​ជើងទឹក​អាមេរិក​ (Naval Criminal Investigative Service supervisory agent) ​និង​ ​​លោក Leonard Glenn Francis ​ជា​​​​ម្ចាស់​ និង​ជា​​នាយក​ប្រតិបត្តិ​​​​ក្រុមហ៊ុន​​ Glenn Defense Marine Asia Ltd. ​​ដែល​មាន​​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ត្រូវ​បាន​ចោទ​ប្រកាន់​ពាន់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ចំនួន​ពីរ​ករណី​ធំៗ​ ​ដែល​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​​​​លាន​ដុល្លារ​អាមេរិក។

សូម​អាន៖ ចោរ​ឆក់​កាបូប ​​មើល​ហើយ​ធានា​​ថា​សើច​ (វីដេអូ)

​​យោង​តាម​​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​​មេធាវី​អាមេរិក​ បាន​ឱ្យ​ដឹង​ថា​ ​​កាល​នៅ​កាន់​​តួនាទី​ជា​​​​អនុប្រធាន​ការិយាល័យ​ប្រតិបត្តិការ​​នៃ​​កង​ទ័ព​ជើង​ទឹក​​លេខ​​ ៧​ ​អាមេរិក​ ​(US Seventh Fleet) ​​​​លោក​ Michael Vannak Khem Misiewicz​​ ​​បាន​ប្រើ​ប្រាស់​​តួនាទី​របស់​ខ្លួន​ ​​​រៀប​​ចំ​​​កាល​វិភាគ​​​​​សម្រាប់​ឱ្យ​កង​នាវា​​អាមេរិក​ចូល​សំចត​នៅ​កំពង់ផែ​របស់​ Francis ​នៅ​ប្រទេស​សិង្ហបុរី​​ដែល​ជា​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​នឹង​គ្នា​ ​​​​ខណៈ​ដែល​​ក្រុមហ៊ុន​ Francis ​មាន​​ផ្ដល់​សេវាកម្ម​​​ត្រួត​ពិនិត្យ​​ប្រព័ន្ធ​សុវត្ថិភាព​ ​ដឹក​ជញ្ជូន​ ​​ផ្គត់​ផ្គង់​សម្ភារៈ​​ ​​ចាក់​ប្រេង​ និង​​សម្អាត​​នាវា​។ ​

​​ផ្អែក​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ចំពោះ​ការ​ងារ​នេះ​ ​Michael Vannak Khem Misiewicz​​ ​បាន​​​ចុះ​​កិច្ច​សន្យា​ជា​មួយ​ Francis ​​ក្នុង​ទឹក​ប្រាក់​រាប់ ​លាន​ដុល្លារ​​ ហើយ​ជា​ថ្នូរ​នឹង​កិច្ចការ​សន្យា​នេះ​ ​Francis ​បាន​ផ្ដល់​​តម្លៃ​ជើងសា​រួម​មាន​​​ ថ្លៃ​ធ្វើ​ដំណើរ​ ​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ទំនើបៗ​ ​​និង​ថែម​ទាំង​​ផ្ដល់​សេវា​ផ្លូវ​ភេទ​​ឱ្យ ​Michael Vannak Khem Misiewicz ទៀត​ផង។ ​

សូម​អាន៖ ក្រុម​នារី​បោយ​ដៃ​ កំពុង​ប្រើ​រូប​ភាព​ថ្មី​បន្លំ​ភ្នែក​សមត្ថកិច្ច

​រឿង​មួយ​​ទៀត​​ពាក់​ព័ន្ធ​​នឹង​បទចោទ​ប្រកាន់​នេះ​ដែរ​ គឺ​​​​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​សញ្ជាតិ​ខ្មែរ​រូប​នេះ​ បាន​ផ្តល់​ព័ត៌មាន​ពាក់​​ព័ន្ធ​នឹង​ការ​សំចត​​នាវា​អាមេរិក​ទៅ​ឱ្យ​ Francis ​​ដែលជាជនជាតិ​ម៉ាឡេស៊ី​​រស់​នៅ​សិង្ហបុរី​ ​​​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ ​ពី​ព្រោះ​ថា​​ ​​​លោក​​បាន​​លម្អិត​ពី​ការ​ចល័ត​កង​​នាវា​អាមេរិក​ជា​ច្រើន​​ខែ​ឱ្យ​ Francis ​បាន​ដឹង​​មុន​ការ​សំចត​​មក​ដល់។ ​
​​​​​​​
​Michael Vannak Khem Misiewicz ​ ​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​​នៅ​រដ្ឋ​ Colorado ​​ដែល​​លោក​បាន​បម្រើ​ការងារ​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ Peterson Air Force​​ ហើយ​​នឹង​​ត្រូវ​​​​​បញ្ជូន​ទៅ​ San Diego ​ដើម្បី​​ឱ្យ​តុលាការ​​​​ដាក់​បន្ទុក​ និង​ចោទ​ប្រកាន់​នៅ​ពេល​ខាង​មុខ។ ​

​លោក​ ​​​​​​​Michael Vannak Khem Misiewicz ​​មាន​ដើម​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល​ ហើយ​ត្រូវ​បាន​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​​​ដែល​បម្រើ​​​ការងារ​​​នៅ​ស្ថានទូត​​​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ (សម័យ​​របប​​ លន់ ណុល​) ​សុំ​​ទៅ​​​ចិញ្ចឹម។​ ​​ កុមារា ​កម្ពុជា​ម្នាក់​​នេះ​ ​បាន​កើត​ និង​រស់នៅ​តាម​វាលស្រែ​​នៅ​ចុង​ទសវត្ស​​​ឆ្នាំ​១៩៦០ ​ឬ​នៅ​​ដើម​ទសវត្ស​​ឆ្នាំ​១៩៧០ ​ដែល​មាន​ឈ្មោះ​កំណើត​ថា ខែម វណ្ណៈ។ ​

​លោក​​បាន​​ទៅ​រស់​នៅ​អាមេរិក​ក្នុង​ឆ្នាំ​១៩៧៣​ ​គឺ​តែ​ពីរ​ឆ្នាំ​​​មុន​ពេល​ដែល​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់។ ​ក្រោម​មក​ ​Michael Vannak Khem Misiewicz​​​ បាន​ចូល​សិក្សា​នៅ​សាលា​​​បណ្ឌិត​សភា​​កង​ទ័ព​ជើង​ទឹក​អាមេរិក​ ​ (US Naval Academy) ​​ហើយ​បាន​ទទួល​ឋានន្តរ​ស័ក្តិ​ជា​នាយ​ទាហាន​ នៅ​ឆ្នាំ​១៩៩២​។ បន្ទាប់​មក​ទៀត​ លោក​បាន​ចូល​បំពេញ​កិច្ចការ​ជា ​មេបញ្ជាការ​នាវាពិឃាដ ​USS ​Mustin ​នៅ​ឆ្នាំ​២០០៩​។​​​

​​​ដោយ​ឡែក​ ​បើ​​​យោង​តាម​របាយការណ៍​​ដែល​ចេញ​ផ្សាយ​ដោយ​កង​ទ័ព​ជើង​ទឹក​អាមេរិក​​នៅ​​ឆ្នាំ​២០១០​ ​​ការ​សំចត​នាវា​ពិឃាដ​​​អាមេរិក​​ដែល​បំពាក់​​ម៊ីសីល​ឈ្មោះ​ USS Mustin ​នៅ​​ខេត្ត​ព្រះសីហនុ​​ ​​​ដឹក​នាំ​ដោយ​ ​Michael Vannak Khem Misiewicz​​​​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០​ ​​គឺ​ជា​​​ដំណើរ​​ជាន់​ទឹក​ដី​ប្រទេស​កម្ពុជា​លើក​ដំបូង​។ ​​

​ឪពុក​បង្កើត​របស់​លោក​ ត្រូវ​​ខ្មែរ​ក្រហម​សម្លាប់​នៅ​សម័យ​ខ្មែរ​ក្រហម​ ចំណែក​ម្តាយ​បង្កើត​ និង​បង​ប្អូនរបស់​លោក​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​ Texas។ ម្ដាយ​បង្កើត​ និង​បង​ប្អូន​​របស់​លោក​​បាន​ទៅ​រស់​នៅ​អាមេរិក​នៅ​ឆ្នាំ​​១៩៨៤​ ​ដោយ​សារ​តែ​​​ទទួល​​​បាន​ការឧបត្ថម្ភ​ពី​គ្រួសារ​អាមេរិក​មួយ និង​ព្រះវិហារ​គ្រឹះ។ ​មុន​បាន​ជួប​​ជំ​គ្រួសារ​​​ រូប​​លោក​ ​បាន​​​​ស្រាវជ្រាវ​រក​គ្រួសារ​ដោយ​មាន​ការជួយ​​ស្វែង​រក​ពី​និស្សិត​មហាវិទ្យាល័យ​ម្នាក់​ ហើយ​នៅ​ឆ្នាំ ១៩៨៩​ ក៏​បាន​ជួបជុំ​គ្នា​ដូច​បំណង​៕

ប្រែ​សម្រួល៖ សុភារិទ្ធ​ និង​ Narin
ប្រភព៖ BusinessInsider, CNN និង​​ Reuters

រូបភាព៖ CNN
​​