​នា​ពេល​ដែល​​ឆ្នាំ​សិក្សា​ថ្មី​​ខិត​ជិត​ចូល​មក​ដល់​ ​​ប្រិយមិត្ត​ដែល​ត្រៀម​ចូល​សិក្សា​នៅ​តាម​បណ្ដា​សាកល​វិទ្យាល័យ​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​មិន​ដឹង​ថា​ត្រូវ​ប្រើ​កុំព្យូទ័រ​បែប​ណា​ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​សិក្សា​ឬ​មុខជំនាញ​​របស់​ខ្លួន​ ។

អាន​៖ សាកលវិទ្យាល័យ​ ​សម្រាប់​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា


សម្រាប់ យុវជន តាំង​ សុខ​លី ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មិន​មែន​ជា​កូន​អ្នក​ធូរធារ​អ្វី​​ទេ​ប៉ុន្តែ​លោក​បាន​បន្ត​ការ​សិក្សា​ជា​មួយ​គេ​ឯង​ដោយ​មិន​មាន​ការ​អាក់​អន់​អ្វី​ឡើយ។ លោក​បាន​ទិញ​កុំព្យូទ័រ​លើ​តុ​មួយ​ដាក់​នៅ​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ទុក​សម្រាប់​អនុវត្ត​កិច្ចការ​ផ្ទះ​ដែល​តម្រូវ​ធ្វើ​តាម​កុំព្យូទ័រ ។

យុវជន​រូប​នេះ​​​​​បន្ត​ថា​សម្រាប់​នៅ​សាលា​ក៏​មាន​ម៉ោង​សម្រាប់​អនុវត្តន៍​ដោយ​កុំព្យូទ័រ​ដែរ​ដូច​នេះ​មិន​បាច់​មាន​ Laptop ក៏​បាន​ដែរ​ ។  ​យុវជន​​​ដដែល​​បន្ថែម​​​​​ថា​បើ​មាន​លុយ​ល្មម​ៗ​អាច​ទិញ​ Laptop បាន​ក៏​ល្អ​ដែរ ប៉ុន្តែ​បើ​យក​លុយ​ដែល​ទិញ​ Laptop នោះ​ទៅ​ទិញ​កុំព្យូទ័រ​លើ​តុ​វិញ​គឺ​បាន​កម្លាំង​ដំណើរការ​នៃ​​ម៉ាស៊ីន​កុំព្យូទ័រ​នោះ​កាន់​តែ​ធំ​ហើយ​ល្អ​ជាង​ Laptop ។ ​ទោះ​យ៉ាង​ណា មុន​នឹង​ទិញ​កុំព្យូទ័រ​ត្រូវ​តែ​តាម​ដាន​មើល​តម្លៃ​តាម​អ៊ីនធឺណិត​ ហើយ​ពិចារណា​ថា​មួយ​ណា​ដែល​មាន​តម្លៃ​សមរម្យ​និង​ស្រប​ទៅ​តាម​ការ​សិក្សា​​ ហើយ​ត្រូវ​សួរ​សិស្ស​ច្បង​ដែល​រៀន​មុន​ថា​តម្រូវការ​យ៉ាង​ណា​ចំពោះ​ការ​សិក្សា​ ជៀស​វាង​ខាត​បង់​លុយ​កាក់​និង​ពេល​វេលា​ ។

ចំណែក​នៅ​វិទ្យាស្ថាន​ស៊ីតិច​យុវជន សម្បូរ ជា​និស្សិត​ផ្នែក​ Design បាន​ឲ្យ​ដឹង​ដែរ​ថា​ការ​សិក្សា​ដោយ​មិន​មាន​កុំព្យូទ័រ​រៀន​មិន​ទាន់​គេ​ទេ​បើ​អាច​ ត្រូវ​តែ​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​មួយ​មិន​ថា​កុំព្យូទ័រ​លើ​តុ​ ឫ Laptop ទេ​សុទ្ធ​តែ​មាន​ប្រយោជន៍​ទាំង​អស់​សម្រាប់​ការ​សិក្សា​របស់​និស្សិត​ម្នាក់​ៗ ។ លោក​បាន​បន្ត​ថា​ ៖”ខ្ញុំ​ទើប​តែ​ទិញ​ Laptop មួយ​គ្រឿង​តម្លៃ​ត្រឹម​តែ​ជាង ៣០០ ដុល្លារ​ ទេ​ហើយ​អាច​សមស្រប​ទៅ​តាម​ការសិក្សា​របស់​ខ្ញុំ​អាច​ប្រើ​កម្មវិធី​ដែល​ខ្ញុំ​បាន​សិក្សា​សព្វ​ថ្ងៃ” ។ ​លោក​បាន​បន្ថែម​ទៀត​ថា​មុន​ពេល​ដែល​លោក​ទិញ​គឺ​បាន​សន្សំ​លុយកាក់​ទើប​ទិញ​បាន​របស់​ជា​ទីគាប់ចិត្ត​ហើយ​ទៅ​ណា​មក​ណា​លោក​តែ​ង​តែ​​យក​វា​ទៅ​ជា​មួយ​ជានិច្ច មិន​ថា​ទៅ​ធ្វើ​កិច្ច​ការ​សាលា​ជា​មួយ​មិត្ត​ភក្តិ​នៅ​ទីណា​ទេ​គឺ​ងាយ​ស្រួល​ ។

កំពុង​​អង្គុយ​លេង​ជា​មួយ​​មិត្ត​ភក្តិ​នៅ​មុខ​សាកល​វិទ្យាល័យ​ ន័រ តុន​ និស្សិត​ អ៊ាម ហេង​ បាន​ឲ្យ​ដឹង​ថា​សម្រាប់​លោក​រៀន​សំណង់​ស៊ីវិល​គឺ​ត្រូវ​ការ​កុំព្យូទ័រ​ដែល​មាន​កម្លាំង​ដំណើរការ​ធំ​បន្តិច​ព្រោះ​រាល់​កម្មវិធី​ដែល​តម្រូវ​ឲ្យ​សិក្សា​គឺ​តម្រូវ​ការ​ខ្ពស់​ទើប​អាច​ធ្វើ​ការ​ងារ​បាន​ឆាប់​រហ័ស ឧទាហរណ៍​សម្រាប់​ កុំព្យូទ័រ​លើ​តុ Laptop ក៏​បាន​ (Ram= 4GB , VGA = ដាច់ ឫ ជាប់ , HDD = 320 GB ឫ 500 GB សម្រាប់​ផ្ទុក​ឯកសារ​ផ្សេង​បាន​ច្រើន​ ) សម្រាប់​អ្នក​មាន​លុយ​ល្មម​ៗ​អាច​ទិញ​ជា​កុំព្យូទ័រ​លើ​តុ​ក៏​បាន​ដែរ​ព្រោះ​ថា​ធូរ​ថ្លៃ​ ហើយ​ ធន់។ មុន​នឹង​ទិញ​ Laptop ប្រើ​ប្រាស់​ លោក​បាន​សួរ​នាំ​ពី​បង​ប្រុស​និង​មិត្ត​ភក្តិ​ដែល​គេ​មាន​ចំណេះ​ដឹង​ល្អ​ជាង​លោក ហើយ កុំព្យូទ័រ​ម៉ាក​អ្វី​ក៏​ល្អ​សម្រាប់​ការ​សិក្សា​ដែរ ​ឲ្យ​តែ​ការ​ប្រើ​ប្រាស់​មាន​ការ​ថែ​រក្សា​របស់​នឹង​ប្រើ​ប្រាស់​បាន​យូរ​អង្វែង ។

​​​​​​ជា​ការ​ពិត​ណាស់​​នា​ពេល​បច្ចុប្បន្ន​នេះ​ ភាគ​ច្រើន​​និស្សិត​មាន​ Laptop ស្ទើរ​គ្រប់​ដៃ​​ទៅ​ហើយ ព្រោះ​ថា​បច្ចុប្បន្ន​ Laptop ក៏​មាន​លក់​ច្រើន​ដូច​នេះ​ហើយ​តម្លៃ​ក៏​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។ ចំណែក​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​​ឫ​កន្លែង​ធ្វើ​ការ​នានា​​ភាគ​ច្រើន​គឺ​មាន​កុំព្យូទ័រ​លើ​តុ​សម្រាប់​បុគ្គលិក​ប្រើប្រាស់​ក្នុង​ការ​ងារ​។

ចុះ​ប្រិយមិត្ត​វិញ​គិត​ថា​សិស្ស​និស្សិត​ទាំង​អស់​ត្រូវ​ពិចារណា​លើ​កត្តា​អ្វី​ខ្លះ​មុន​នឹង​ទិញ​កុំព្យូទ័រ​? ​​