Theo Walcott ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ខកខាន​មិន​បាន​ចូលរួម​លេង World Cup បន្ទាប់​ពី​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់ ៦ ខែ ដោយ​សារ​របួស​ជង្គង់។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ ២៤ ឆ្នាំ​រូប​នេះ របួស​ក្នុង​អំឡុង​ពេល​ក្រុម​កាំភ្លើងធំ Arsenal ​ប៉ះ​ក្រុម​ខ្នាយ​មាស Tottenham Hotspur កាល​ពី​យប់​ថ្ងៃ​សៅរ៍ ដោយ​លត់​និង​ទម្លាក់ Spurs ២-០ ក្នុង​ក្របខ័ណ្ឌ FA Cup ជុំ​ទី​៣។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​កាំភ្លើង​ធំ​បាន​ឲ្យ​ដឹង​ថា “Walcott មាន​របួស​ជង្គង់​ខាង​ឆ្វេង ហើយ​នឹង​ត្រូវ​វះកាត់​ក្នុង​ខាង​មុខ​នេះ ដោយ​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ក៏ ៦ ខែ​ដែរ ដូច្នេះ​នឹង​ត្រូវ​ខកខាន​លេង​ក្នុង​រដូវ​កាល​នេះ និង​ World Cup”។
World Cup នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​ជំនួប​ដំបូង​ក្រុម​តោ​កំណាច​អង់គ្លេស​ត្រូវ​ប៉ះ​ក្រុម​អ៊ីតាលី​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

អាន​អត្ថបទ៖ កាំភ្លើង​​ធំ​បាញ់​មាន់​ខ្នាយ​មាស​២គ្រាប់​ ខណៈ Walcott ឌឺ fan Spurs ​ម៉ា​ក្បាច់​ចុក​ឈាម

Walcott បាន​បង្ហាញ​ខ្លួន ៣៦ លើក​ឲ្យ​ក្រុម​តោ​កំណាច ដោយ​រក​បាន​ ៥ គ្រាប់ ក្នុង​នោះ​អង់គ្លេស​ឈ្នះ​២៧ ប្រកួត ស្មើ​៧ ប្រកួត និង​ចាញ់ ២ ប្រកួត។ Walcott បាន​បង្ហាញ​ខ្លួន​លក្ខណៈ​អន្តរជាតិ​​ដំបូង​ឲ្យ​ក្រុម​តោ​កំណាច ដោយបាន​ចូល​លេង​ជំនួស​រៀមច្បង​ខ្លួន​គឺ Michael Owen ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ហុងគ្រី​កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០០៦ ដែល​ធ្វើ​ឲ្យ Walcott ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​វ័យ ១៧ ឆ្នាំ ៧៥ ថ្ងៃ។

របួស​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ក្រុម​កាំភ្លើង​ធំ និង​ឈុត​ធំ​របស់​តោ​កំណាច ខណៈដែល​សមាគម​បាត់ទាត់​ប្រកាស​ថា នឹង​គ្មាន​ចំណាច់​ការ​ពិន័យ Walcott ដោយ​សារ​ការ​ធ្វើ​កាយវិការ​ឌឺដង​ដាក់​អ្នក​គាំទ្រ​របស់​ក្រុម​ខ្នាយ​មាស នៅពេល​ដែល​ខ្លួន​ត្រូវ​គេ​សែង​ចេញ​ពី​ទីលាន​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ៕