​ជា​មហាសេដ្ឋី​​ល្បីឈ្មោះ​ម្នាក់​គ្រប់គ្រង​លើ​ក្រុមហ៊ុន​​សំណង់​ដ៏​ធំ​នៅ​ប្រទេស​ចិន លោក Zhang Yue បាន​​និយាយ​ថា លោក​នឹង​សាងសង់​អគារ​ខ្ពស់​បំផុត​ក្នុង​លោក​ក្នុង​រយៈ​ពេល​ត្រឹមតែ​៦​ខែ​តែ​ប៉ុណ្ណោះ។


អនាគត​អគារ​ខ្ពស់​បំផុត​ក្នុង​លោក Sky City របស់​ចិន​

សូមចុចអាន៖ ប្រទេស​ណា​ដែល​មាន​សំណង់​អគារ​ខ្ពស់ៗច្រើន​ជាងគេ?

ផ្ទុយ​ពី​ការ​លើកឡើង​របស់​​អាជ្ញាធរ​ដែល​ទាមទារ​​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ និង​សិក្សា​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់​លើ​គុណភាព​​សំណង់​ខ្ពស់​​បំផុត​​ក្នុង​លោក​ដែល​ហៅ​ថា Sky City មហាសេដ្ឋី​​​ខាងលើ​បាន​អះអាង​​ថា ​​ក្រុម​ហ៊ុន​របស់​លោក​នឹង​​បញ្ចប់​ការសាងសង់​អគារ​មួយ​នេះ​​ក្នុង​រយៈ​ពេល​៦​ខែ ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៤​​​នេះ។

​​​មាន​ទ្រព្យ​ប្រមាណ​ជា ១៨០​លាន​ដុល្លារ ​មហិច្ឆតា​​របស់​មហាសេដ្ឋី​វ័យ​៥៣​ឆ្នាំ​រូប​​នេះ ​បាន​​ទទួល​រង​ការ​​ចំអក និង​ការ​រិះគន់​ជា​ខ្លាំង​ពី​សាធារណជន​​​ដោយ​និយាយ​ថា ​លោក​កំពុង​ដេក​យល់​សប្តិ​​ទាំង​កណ្ដាល​ថ្ងៃ​ហើយ ត្បិតអី​គម្រោង​​សាងសង់​អគារ​ដ៏​​​មហិមា​នេះ​ត្រូវ​​ប្រើប្រាស់​​ពេលវេលា​​​ជា​ច្រើន​ឆ្នាំ។​​


​មហាសេដ្ឋី​ចិន​លោក ​Zhang Yue

សូមចុចអាន៖ មើល​អគារ​​ចិន​មួយ​នេះ​ចុះ ដួល​រលំ​ទាំង​ភ្នែន​តែម្ដង!

ទោះបី​ជា​យ៉ាងណា​ក៏ដោយ លោក​Zhang Yue នៅតែ​បញ្ជាក់​ជំហរ​យ៉ាង​មុតមាំ​ថា អាគារ​កម្ពស់​​ ​៨៣៨​ម៉ែត្រ​ថ្មី​​​​មួយ​​នឹង​បណ្ដែត​ខ្លួន​លើ​ទឹកដី​ចិន​នៅ​ពេល​ខាងមុខ​ពិត​ប្រាកដ​មែន​ ហើយ​ថា​ក្រុមហ៊ុន​របស់​លោក​ពិត​ជា​មាន​សមត្ថភាព​សាងសង់​ឡើង​តាម​​ការ​គ្រោង​ទុក។ គេ​ក៏​ពិបាក​ស្មាន​ដែរ ពី​ព្រោះ​ថា នៅ​ពេល​កន្លងមក​ក្រុមហ៊ុន​របស់​លោក​ Zhang ក៏​ធ្លាប់​បាន​សាងសង់​ជោគជ័យ​លើ​អគារ​កម្ពស់​៣០​ជាន់​ត្រឹមតែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ។

គម្រោង​សាងសង់​​អគារ​ Sky City ខាងលើ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​អគារ​ខ្ពស់​បំផុត​ក្នុង​លោក​បច្ចុប្បន្ន ​Burj Khalifa នៅ​ទីក្រុង​ឌុយបៃ​ចំនួន​១០​ម៉ែត្រ ត្រូវ​បាន​គេ​ពន្យារពេល​ម្ដង​រួចមក​ហើយ​កាល​ពី​ឆ្នាំ​ទៅ​ក្រោម​ហេតុ​ផល​ថា ​គ្មាន​បច្ចេកទេស​គ្រប់គ្រាន់​លើ​​សំណង់​មួយ​នេះ៕

ការ​ប្រៀបធៀប​អគារ​ខ្ពស់​បំផុត​ក្នុង​លោក Sky City និង​អគារ​ខ្ពស់ៗ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​