រាជធានីភ្នំពេញ ៖ ប្រុសស្រី ៥នាក់ (ស្រី ២នាក់) ត្រូវក្រុមជនសង្ស័យមានគ្នាប្រមាណជិត ២នាក់ ស្ទាក់វាយប្លន់យកម៉ូតូឌ្រីមC110 មួយគ្រឿង និងកាបូបលុយមានលុយចំនួន ៣០០ដុល្លារ ខ្សែ.កផ្លាទីនតម្លៃ ៣០០ដុល្លារ និងខ្សែដៃផ្លាទីនតម្លៃ ២៥០ដុល្លារ ខណៈដែលចូលរាំនៅក្នុងក្លិបដឹមូន បានមានជម្លោះជាមួយជនសង្ស័យ លុះពេលចេញមកវិញ ក៏ត្រូវក្រុមជនសង្ស័យស្ទាក់វាយទ្រោមខ្លួន និងប្លន់យកទ្រព្យសម្បត្តិតែម្តង។
ហេតុការណ៍វាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ មករា ២០១៤ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ម៉ូតូជនរងគ្រោះ ដែលត្រូវក្រុមជនល្មើសប្លន់យកទៅ ម៉ាកឌ្រីមC110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-6594។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា ៥នាក់ (ស្រី ២នាក់) បានចូលរាំនៅក្នុងក្លិបដឹមូន ពេលនោះ បានមានជម្លោះទាស់សម្ដីគ្នាជាមួយជនសង្ស័យម្នាក់ លុះពេលចប់ម៉ោងបិទក្លិបចេញមកវិញ ក៏ត្រូវក្រុមជនសង្ស័យដែលមានគ្នាជិត ២០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ សោចាក់ច្រវ៉ាក់ ដំបង និងបំពង់ទីប ចាំស្ទាក់វាយឲ្យគ្នាគេម្នាក់រងរបួសបែកក្បាល ហើយយកម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួនទៅបាត់ ដោយសន្តិសុខក្លិប និងសមត្ថកិច្ចនៅម្តុំនោះ ពុំមានជួយអន្តរាគមន៍ឡើយ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment