ខ្សែ​បម្រើ​ស្លាប​ Ashley Young ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ​និយាយ​ថា​ការណ៍​ដែល​ក្រុម​​លេង​អន់​ក្នុង​រដូវ​កាល​នេះ​មិន​មែន​ជា​កំហុស​របស់​អ្នកចាត់ការ​ថ្មី​ David Moyes ​តែ​ម្នាក់​ឯង​នោះ​ទេ​ ប៉ុន្តែ​កីឡាករ​ទាំង​អស់​គ្នា​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្លាក់​ចុះ​នៃ​ទម្រង់​លេង​​របស់​ក្រុម។

អត្ថបទ​៖ Man Utd ចាញ់​ Newcastle ក្នុង​ដី​លើក​ដំបូង​តាំង​ពី​ឆ្នាំ​១៩៧២

កាល​ពី​ថ្ងៃ​ចន្ទ លោក Moyes ដែល​ត្រូវ​លោក Sir Alex Ferguson នាំ​យក​ពី Everton ​មក​​ស្នង​តំណែង​របស់​លោក​នៅ Old Trafford ​បាន​រ៉ាប់រង​កំហុស​ទាំង​អស់​ចំពោះ​លទ្ធផល​មិន​ជា​ទី​គាប់ចិត្ត​របស់​ក្រុម​បិសាច​ក្រហម​ដោយ​និយាយ​ថា​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​លទ្ធផល​របស់​ក្រុម​និង​រាល់​ការ​​ស្ដី​បន្ទោស​នានា​ពី​អ្នក​គាំទ្រ។

​ប៉ុន្តែ​ខ្សែ​បម្រើ​អន្តរជាតិ​អង់គ្លេស​វ័យ​២៨​ឆ្នាំ​ Young ​គិត​ថា​ក្រុម​ទាំង​មូល​មាន​កាតព្វកិច្ច​ធ្វើ​ឱ្យ​​មាន​ភាព​ប្រសើរ​ឡើង​នៃ​លទ្ធផល​រួម​គ្នា មិន​មែន​ពឹង​តែ​លើ​អ្នកចាត់ការ​តែ​ម្នាក់​ឯង​នោះ​ឡើយ។ អតីត​យុវជន​របស់​ក្រុម Watford ដែល​ផ្ទេរ​ពី Aston Villa ​មក​លេង​ឱ្យ​ Man Utd តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១១​ក្នុង​តម្លៃ​១៨​លាន​ផោន​ ​បញ្ចេញ​ទស្សនៈ​ថា​៖ “ពិត​ណាស់​កីឡាករ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ព្រោះ​ពួក​យើង​ជា​អ្នក​ប្រកួត​នៅ​លើ​ទីលាន។ គ្រប់គ្នា​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា ទាំង​អ្នកចាត់ការ ​ទាំង​បុគ្គលិក​របស់​គាត់​និង​កីឡាករ។ បើ​​ឈ្នះ​យើង​ឈ្នះ​ទាំង​អស់​គ្នា ​បើ​ចាញ់​យើង​ចាញ់​ទាំង​អស់​គ្នា”។​

អត្ថបទ​៖ Everton ទប់​ Arsenal មិន​ឲ្យ​នាំ​មុខ​៧ពិន្ទុ

លោក David Moyes ខ្ទប់​មុខ​ពេល Man Utd ចាញ់​ Man City កន្លង​មក

ក្រុម​បិសាច​ក្រហម​ចាញ់​ក្នុង​ដី​២​ប្រកួត​ជាប់​ៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ Barclays Premier League ​គឺ​ចាញ់​ Everton ០-១ ​មុន​ពេល​ចាញ់​ Newcastle ០-១ ​ដែល​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​សារិកា​ព្រៃ​នៅ Old Trafford ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤១​ឆ្នាំ​ចុង​ក្រោយ។​ យ៉ាង​ណា​ក្ដី ​ក្រុម​ជើងឯក​លីក​កំពូល​អង់គ្លេស​២០​សម័យ​នេះ​គេច​ផុត​ពី​ការ​ចាញ់​ក្នុង​ដី​៣​ជាប់​ៗ​គ្នា​ក្នុង​រយៈ​ពេល​៥១​ឆ្នាំ​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​អ៊ុយក្រែន​ Shakhtar Donetsk ១-០ ម្សិលម្ង៉ៃ​​ក្នុង​ពាន​រង្វាន់​ UEFA Champions League។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​លេខ​រៀង​ទី​៩​ក្នុង​លីក​កំពូល​អង់គ្លេស​បន្ទាប់​ពី​​លេង​១៥​ប្រកួត ឈ្នះ​៦ ស្មើ​៤ ចាញ់​៥​ដង៕

អត្ថបទ​៖ ចង់​ដឹង​អត់​ថា​កីឡាករ​ល្បីៗ​បោះ​ឲ្យ Messi, Ribery ឬ CR7?

តើ​ប្រិយមិត្ត​យល់​ស្រប​នឹងការ​លើ​ឡើង​របស់ Ashley Young ឬ​ទេ?

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​&​រូបថត​៖​ dailymail