ក្រោយ​ខកខាន​យក​ឈ្នះ​មេដាយ​មាស​ផ្នែក​បាល់ទាត់​បុរស​អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ ​​ក្រុម​​ជម្រើស​ជាតិ​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​របស់​ថៃ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ដោយ​យក​ឈ្នះ​ក្រុម​យុវជន​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល​ ១-០​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ២៧ ​នៅ​មីយ៉ាន់ម៉ា​យប់​មិញ។

​មួយ​គ្រាប់​ជ័យជម្នះ​របស់​ថៃ​រក​បាន​ដោយ​កីឡាករ​ Sarawat Masuk ​​ដោយ​ទាត់​រំលង​អ្នកចាំទី​ឥណ្ឌូណេស៊ី​ ក្រោយ​ទទួល​បាន​បាល់បោះ​កាត់​ពី​កីឡាករ​ឆ្នើម Pokklaw Anan ​នៅ​នាទី​ទី ២១។​ មុន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ថៃ​ក៏​បាន​លត់​ឥណ្ឌូណេស៊ី​ម្ដង​ដែរ​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ដោយ​លទ្ធផល​ ៤-១។

អាន៖ ដំណឹង​ល្អ​មក​ពី​ស៊ីហ្គេម ! វ៉ូវីណាម រក​មេដាយ​មាស​ទី៧ ឱ្យ​កម្ពុជា

ការ​ឈ្នះ​មេដាយ​មាស​យប់​មិញ​ធ្វើ​ឲ្យ​ថៃ​បង្កើត​កំណត់ត្រា​ថ្មី​​​ឈ្នះ​មេដាយ​មាស​ ១៤ ​ដង​លើវិញ្ញាសារ​បាល់​ទាត់​បុរស​​ពី​ព្រឹត្តិការណ៍​ធំ​ថ្នាក់​តំបន់​នេះ។

ក្រោយ​ឈ្នះ​ការ​ប្រកួត​គ្រូ​បង្វឹក​ថៃ​​លោក​ Kiatisak Senamuang ​​និយាយ​ថា “យើង​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​និង​បាន​ជ្រើសរើស​កីឡាករ​បាន​យ៉ាង​ត្រឹមត្រូវ។ ​យើង​បាន​ជួបជុំ​ហ្វឹកហាត់​ជាមួយ​គ្នា​ប្រហែល​មួយ​ឆ្នាំ​ឯណោះ​មុន​ដំណើរ​ឆ្ពោះ​មក​កាន់​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ”។ ​​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ​បន្ត​ថា ​លោក​មាន​មោទនភាព​​ចំពោះ​កូន​ក្រុម ​និង​ជាតិ​របស់​ខ្លួន​បំផុត។

​ក្រោយ​ការ​ប្រកួត​នោះ​ដែរ ​គ្រូ​បង្វឹក​​ឥណ្ឌូណេស៊ី​លោក Rahmad Darmawan ថា ​​ក្រុម​លោក​លេង​ល្អ​ដែរ​តែ​គ្មាន​សំណាង។ ​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ដូច្នេះ “ថ្ងៃ​នេះ​ យើង​លេង​មិន​អន់​នោះ​ទេ ​ពិសេស​នៅ​តង់​ទី ២​ យើង​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង ​និង​មាន​ឱកាស​ម្ដង​ជា​ពីរ​ដង។ ​តែ​យើង​គ្មាន​សំណាង​ក្នុង​ការ​បំប៉ោង​សំណាញ់​ទី​របស់​គូ​ប្រកួត​ទាល់​តែ​សោះ”។

ទស្សនា​ការ​វីដេអូ​ហាយឡាយ​ការ​ប្រកួត​យប់​មិញ​ខាងក្រោម៖