ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ​សម្រេច​ដាក់​ពិន័យ​ខ្សែ​បម្រើ​ Jack Wilshere ​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal ​ដែល​បាន​ប្រើ​កាយ​វិការ​​ប្រមាថ​ដាក់​អ្នកគាំទ្រ​ក្រុម​ Manchester City ​អំឡុង​ពេល​​ក្រុម​កាំភ្លើង​ធំ​ Arsenal ​បរាជ័យ​ធ្ងន់​ក​៦-៣​នៅ​ Etihad Stadium ​​ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍។​

អត្ថបទ​៖ Zaha ទាត់ចោល​ការ​ចោទ​​ថា​អត់​បាន​ចូល​លេង​ដោយសារ​កូនស្រី David Moyes

រូបភាព​ដែល​ចាប់​បាន​ក្នុង​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ថា​​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​២១​ឆ្នាំ​រូប​នេះ​​លើក​ម្រាម​ដៃ​កណ្ដាល​​ក្នុង​ចេតនា​ឌឺ​អ្នក​គាំទ្រ​​ក្រុម​ម្ចាស់​ផ្ទះ។ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​របស់​អង់គ្លេស​មិន​ទាន់​​បញ្ជាក់​​ពី​កម្រិត​នៃ​​ទណ្ឌកម្ម​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់​តែ​ប្រាប់​ថា​​ជយលាភី​កីឡាករ​វ័យ​ក្មេង​លេង​បាន​ល្អ​ជាង​គេ​នៅ​អង់គ្លេស​រដូវ​កាល​២០១០-១១​ (PFA Young Player of the Year) ​រូប​នេះ​មាន​ពេល​ដល់​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ពុធ​នេះ​ដើម្បី​ប្ដឹង​តវ៉ា​ចំពោះ​ការ​ចោទ​ប្រកាន់។ ​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ Arsene Wenger ​ឱ្យ​ដឹង​នៅ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ក្លិប​របស់​លោក​នឹង​ទទួល​យក​រាល់​ពិន័យ​ទាំង​ឡាយ​ប្រសិន​បើ​ Wilshere ​ពិត​ជា​បាន​ធ្វើ​ខុស​មែន។​

អត្ថបទ​​៖ Dortmund, Arsenal ឈ្នះ​តែ​មិន​ទាន់​ជាប់ ខណៈ Barca, Chelsea ចាញ់​តែ​ជាប់

ពេល​ Wilshere ​បង្ក​កំហុស​នោះ​ មន្ត្រី​អាជ្ញាកណ្ដាល​មិន​បាន​ឃើញ​ឡើយ តែ​សកម្មភាព​ទាំង​អស់​ត្រូវ​វីដេអូ​ថត​បាន។ ក្រោម​ច្បាប់​ថ្មី​របស់ FA ​​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​ក្រុម​ប្រឹក្សា​វិន័យ​៣​នាក់​ពិនិត្យ​មើល​ខ្សែ​អាត់​វីដេអូ​ឡើង​វិញ​ហើយ​ផ្ដល់​ដំណឹង​ជូន​សហព័ន្ធ​ប្រសិន​បើ​វិធានការ​ណាមួយ​ចាំ​បាច់​ត្រូវ​ធ្វើ​ឡើង ដោយ​មាន​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ពី​មន្ត្រី​ទាំង​៣​រូប។​

អត្ថបទ​​៖ កីឡាករ​របស់​ Southampton ​៣​នាក់​ជាប់​ជម្រើស​ជាតិ​អង់គ្លេស

នៅ​ចាំ​បាន​ថា​ខ្សែ​ប្រយុទ្ធ​ Luis Suarez ​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ​ត្រូវ​បាន​​ដាក់​បម្រាម​មិន​ឱ្យ​ចូល​លេង​​១​ប្រកួត​និង​ពិន័យ​ជា​ប្រាក់​២​ម៉ឺន​ផោន​(៣២ ៥០០​ដុល្លារ​អាមេរិក)​ ចំពោះ​ករណី​ស្រដៀង​គ្នា​​នេះ​កាល​ពី​ពីរ​ឆ្នាំ​មុន​ពេល​ Liverpool ប្រកួត​ចាញ់​១-០​នៅ​ទឹកដី​ក្រុម​ Fulham៕​