លោក បែ មករា ​អ្នក​ចាត់​ការ​ទូទៅ​​ក្រុម ចម្ការ​កៅស៊ូ​បឹង​កេត ​កំពុង​ត្រៀម​​បញ្ជូន​លិខិត​​ស្នើ​ឲ្យ​សហព័ន្ធ​​​កីឡា​បាល់​ទាត់​កម្ពុជា​​ពន្លឿន​​​ការ​​​ដោះ​ស្រាយ​ករណី​ កីឡាករ​​ជម្រើស​ជាតិ​៤​នាក់ ​ដែល​​ត្រូវ​បាន​​ដក​ចេញ​យ៉ាង​ទាន់ហន់​​​ពី​ក្រុម ​​​មុន​​​​ទៅ​ស៊ីហ្គេម​​​​​បន្តិច ​ខណៈ​​​ចំណោម​៤​នាក់​​​​​​នោះ ក៏​មាន​ កែវ សុខង៉ន របស់​​បឹង​កេត​ដែរ​។

អ្នក​​ចាត់​ការ​​​វ័យ​​៣៤​ឆ្នាំ​​​ថា​​សហព័ន្ធ​​គួរ​ណាស់​តែ​​​បង្ហាញ​លទ្ធផល​នៃ​ស៊ើបអង្កេត​និង​ដោះ​ស្រាយ​​​ដល់​កីឡាករ​៤​​នោះ​​ឲ្យ​បាន​​រហ័ស​ជាង​នេះ​ ព្រោះ​​ថា​បើ​​នៅ​តែ​ស្ងាត់​ៗ​ទៀត​នោះ​​នឹង​ធ្វើ​ឲ្យ​​ជះ​ផល​អាក្រក់​​ខ្លាំង​ឡើង​ៗ​ដល់​​ពួក​គេ ក៏​​ដូច​​ជា កែវ សុខង៉ន ​សមាជិក​ស្នូល​ក្រុម​លោក​ផង​ដែរ។ ​លោក​​​ថា​​រាល់​​ថ្ងៃ​នេះ​​ចាប់​តាំង​ពី​​មាន​បញ្ហា​​មក​ កីឡាករ​​​​​ដែល​មាន​​បញ្ហា​​​ក៏​មិន​ខុស​ពី​ កែវ សុខង៉ន​ ​គឺ​​គ្មាន​អារម្មណ៍​លេង​បាល់​ទេ ដោយ​សារ​​​ការ​​ដោះស្រាយ​​មិន​ទាន់​ឃើញ​លទ្ធផល​អី​ច្បាស់​លាស់​សោះ ធ្វើ​ឲ្យ​​កេរ្តិ៍ឈ្មោះ​​​និង​ប្រជាប្រិយភាព​​​របស់​ពួក​គេ​ស្ទើរ​​​បាត់បង់​​​អស់​​​​ពី​​​​អារម្មណ៍​អ្នក​គាំទ្រ​ទៅ​​ហើយ ​ដោយ​ក្ដី​សង្ស័យ​​នានា​​ទៅ​លើ​ពួក​គេ។

អ្នក​ចាត់​ការ​ក្លិប​មាន​មូលដ្ឋាន​​​នៅ ​កំពង់​ចាម​​ពន្យល់​៖ “ខុស​ក៏​មិន​​ឃើញ​ប្រកាស​ ត្រូវ​ក៏​មិន​ឃើញ។ ពួក​គេ​​​​សុទ្ធ​តែ​ជា​កីឡាករ​ល្អ​ៗ​និង​​មាន​ឈ្មោះ​ផង យក​មក​ទុក​អីចឹង​​ខូច​​ជើង​​​​អស់​​មិន​ខាន។​ ​ពួក​គេ​គ្មាន​អារម្មណ៍​លេង​បាល់​ទេ​បើ​​មិន​ចេញ​លទ្ធផល​​បែប​នេះ ​ហើយ​​បើ​លេង​​ក៏​មុខ​​តែ​​លេង​មិន​កើត​ដែរ​​ មុខ​​តែ​​អ្នក​មើល​​ជេរប្រទេច​​ថា​នេះ​ថា​នោះ ចោល​ទឹក​​សុទ្ធ​ដាក់​មុខ​មិន​ខាន”។  ​

ទុំ សារ៉ាយ (ក្រហម) និង កែវ សុខង៉ន

​ប្រភព​បន្ត​ថា​​ប្រសិន​បើ​សហព័ន្ធ​​រក​ឃើញ​​បទ​ល្មើស​​និង​ដំណោះ​ស្រាយ​​ណា​មួយ​លើ​ករណី​​​ដែល​កំពុង​​​ស្ថិត​ក្នុង​ចំណុច​រសើប​មួយ​នេះ​​​ គួរឲ្យ​ណាស់​តែ​​ជួន​​សេចក្ដី​ថ្លែងការណ៍​​ជា​​សាធារណៈ ដើម្បី​​លុបលាង​ភាព​អាម៉ាស់​និង​​ផ្ដល់​មុខ​មាត់​ឲ្យ​ពួក​​គេ​វិញ ប្រសិន​បើ​ពួក​គេ​​គ្មាន​កំហុស។ ផ្ទុយ​ពី​នេះ​​ប្រសិន​បើ​ពួក​​គេ​ពិត​ជា​ត្រូវ​បាន​​​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​​​នឹង​​បញ្ហា​​អវិជ្ជមាន​​ណា​មួយ​មែន សហព័ន្ធ​​គួរ​តែ​​​ឲ្យ​ដឹង​​ជា​សាធារណៈ​​ដូច​គ្នា​​​ នូវ​ទំហំ​​និង​កម្រិត​​នៃ​​​​ការ​​ពិន័យ​ ហើយ​​ក្លិប​លោក​​​​ក៏​នឹង​ដាក់​ពិន័យ​​ទៅ​កីឡាករ​​​​លោក​​​ដែល​មាន​កំហុស​នោះ ​បន្ថែម​ទៀត​ដែរ។ ​

សាយ ពិសិដ្ឋ

ករណី​​​ដែល​និយាយ​ខាង​​លើ​​នេះ​ ​​​កំពុង​​ជា​មន្ទិល​ក្នុង​​ចង្កោម​​​កីឡា​បាល់​ទាត់​ជាតិ​​ បន្ទាប់​​ពី​​កីឡាករ​​​​​៤​រូប​​រួម​មាន កែវ សុខង៉ន របស់​បឹង​កេត​ខ្សែ​ការពារ​ សុក រិទ្ធី ​របស់​ណាហ្គាខប សាយ​ ពិសិដ្ឋ​ របស់​ប៉ូលិស​ និង​​ ទុំ សារ៉ាយ ​របស់​​ស្វាយ​រៀង​ដែល​​បាន​ប្រកាស​ឈប់​ពី​​​បាល់​ទាត់​កាល​ពី​ថ្មី​ៗ ​រួម​ជាមួយ​អ្នក​ចាត់​ការ​ទូទៅ​លោក ឆាង ពិសិដ្ឋ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​​ត្រូវ​​បាន​​ដក​ចេញ​​​ពី​ក្រុម U23 ​​ជម្រើស​ជាតិ​​នៅ​ប៉ុន្មាន​​ម៉ោង​​​ប៉ុណ្ណោះ​ មុន​ក្រុម​​ដែល​ដឹក​​ដោយ​លោក Lee Tae Hoon ហោះហើរ​ទៅ​ មីយ៉ាន់ម៉ា ដើម្បី​ចូល​រួម​ស៊ីហ្គេម។

សុក រិទ្ធី (លើកជើង)

​ការណ៍​នេះ​​​បាន​ធ្វើ​ឲ្យ​អ្នក​និយម​និយាយ​ពី​កីឡាករ​បាល់​ជាតិ​ខ្មែរ​ងឿង​ឆ្ងល់​មិន​តិច​ទេ ដោយសារ​​ហេតុផល​ផ្សេង​ៗ​​មិន​ត្រូវ​បាន​​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​បង្ហើប​ទៅ​កាន់​​បណ្ដា​សារព័ត៌មាន​ឲ្យ​ច្បាស់​លាស់​​​​ទាល់​តែ​សោះ ​តែ​​​ខណៈ​ដែល​ក្រុម​កម្ពុជា​ស្ថិត​​នៅ មីយ៉ាន់ម៉ា ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ថ្មី​ៗ​នេះ​​​​គេហទំព័រ​ក្រៅ​ស្រុក​​បាន​លែបខាយ​​បញ្ហា​​នេះ​ដែរ ហើយ​​បាន​ដាក់​ការ​សង្ស័យ​ថា​​ករណី​នេះ​អាច​​ជាប់​ទាក់​ទង​នឹង​ការ​លក់​​ការ​ប្រកួត​​ឬ​រៀប​ចំ​លទ្ធផល​​នៅ​​ការ​ប្រកួត​អន្តរជាតិ​របស់​ក្រុម​កម្ពុជា​​កន្លង​មក​។ ​

​យ៉ាង​ណា​ក្ដី​​បើ​តាម​ការ​រាយការណ៍​​លើ​​កាសែត​ភ្នំពេញ​​ប៉ុស្តិ៍​ ​ឯកឧត្ដម​ សៅ សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​​បាន​ពន្យល់​​​ហេតុ​ផល​យ៉ាង​​​ខ្លី​លើ​ករណី​នេះ​​​​ថា ៖«បើ​មិន​​​​មាន​​រឿង​ទេ នោះ​គឺ​គេ​មិន​ដក​ពួក​គេ​ចេញ​នោះ​ដែរ ហើយ​រឿង​នោះ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ​របស់​យើង»៕

ជីវិត​អ្នក​ចាត់​ការ​ បែ មករា

អត្ថបទ៖ ប៉ែន សុផាន់ណា​​