តារា​សម្ដែង​ល្បី​ឈ្មោះ​ អ្នក​នាង សារ៉ាយ សក្ខណា យំ​បណ្ដើរ​ និយាយ​ទាំង​អួល​ដើម​ក​បណ្ដើរ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​យប់​មិញ​នៅ​កោះ​ពេជ្រ ដោយ​អារម្មណ៍​ត្រេកអរ​ពេក។

សារ៉ាយ សក្ខណា និយាយ​ទាំង​អួល​ដើម​ក​ទៅ​កាន់​ឪពុក​ម្ដាយ​យប់​មិញ

គ្រាន់​តែ​ពិធីការិនី​ កញ្ញា ដួង ហ្សូរីដា ចោទ​សួរ​ទៅ​កាន់​កូន​ក្រមុំ​ថា ​មាន​ពាក្យពេចន៍​អ្វី​និយាយ​ទៅ​កាន់ ប៉ា ម៉ាក់​បង្កើត ប៉ា​ម៉ាក់​ក្មេក ក៏​ដូច​ជា​ភ្ញៀវ​កិត្តិយស​​ជា​ច្រើន​ ដែល​បាន​​ចូល​រួម អ្នកនាង សារ៉ាយ សក្ខណា ចាប់​ផ្ដើម​ស្រក់​ទឹក​ភ្នែក ពោល​ពាក្យ​អ្វី​លែង​ចេញ។

តារា​រូប​នេះ​លុត​ជង្គង់​ឱប​ជើង​ម្ដាយ ​និយាយ​​ទាំង​អួល​ដើម​ក​ថា៖ “កូន​គ្មាន​អ្វី​តប​ស្នង​សង​គុណ​​ទៅ​ដល់​​លោក​ទាំង​ពីរ​ទេ មាន​តែ​ម្រាម​ដៃ​ដប់ សំពះ​អរគុណ​​ដល់​លោក​ទាំង​ពីរ ​ដែល​បាន​​ចិញ្ចឹម​បីបាច់​កូន​មក​ដល់​សព្វ​ថ្ងៃ”។

ជា​មួយ​គ្នា​នេះ​ដែរ ​​តារា​សម្ដែង​ធ្លាប់​ឈ្នះ​ពាន​ពី​កម្មវិធី​អាណាចក្រ​តារា​​ផ្នែក​ តារា​ថ្មី​លេចធ្លោ នា​ពេល​កន្លង​មក ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​ផង​ដែរ។

ពិធី​មង្គលការ​របស់​ សារ៉ាយ សក្ខណា និង​ស្វាមី ដែល​ជា​អាណិកជន​មក​ពី​អាមេរិក​ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​យប់​​ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ជា​ច្រើន​កុះករ​ពី​សំណាក់​មិត្ត​សិល្បករ សិល្បការិនី៕

អត្ថបទ៖ អ៊ីង សុឡា