Breaking News
Loading...
Friday, December 13, 2013

បុរសជនជាតិ​ ហូឡង់ម្នាក់ ស្លាប់ក្នុងផ្ទះ ៥ថ្ងៃ គ្មានអ្នកដឹង


ប្រភព ដើមអម្ពិល

ព្រះសីហនុ៖ បុរសជនជាតិហូឡង់ ជាអ្នកគ្រប់គ្រងនៅបារបារាំងម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហាងធ្វើការរបស់ខ្លួន ឈ្មោះផេតឌី ហ្វេសធី ម្តុំប្លុកឧតុនិយម ស្ថិត ក្នុងក្រុម២៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ អស់រយៈពេលប្រហែល៥ថ្ងៃ ដោយគ្មានអ្នកដឹង ។ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់បាត់បង់ជីវិតមានឈ្មោះ Vincent Menno ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិហូឡង់ កាន់លិខិត NU439RCR5 ហើយបានចូលធ្វើការក្នុងហាងខាងលើ ដែលមាន ថៅកែជាជនជាតិអង់គ្លេស អស់រយៈពេលជិត១ខែហើយ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ម្ចាស់ហាងខាងលើនេះ មិនដឹងស្ថិតនៅឯណាទេ គេឃើញតែជនរងគ្រោះម្នាក់ឯងគត់ ដែលមកធ្វើការក្នុងហាងខាងលើនេះ ។ ប្រភព ពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង២៣យប់ មានជនជាតិបរទេសម្នាក់ជាមិត្តភក្តិ របស់ជនរងគ្រោះ ដែលជាថៅកែហាងបារបារាំងឈ្មោះ ប៉ាប៉ាកាយ៉ូ ស្ថិតនៅក្រោយសណ្ឋាគារខ្សាច់មាស ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បានទូរស័ព្ទមកជនរងគ្រោះ ជាច្រើនលើក ប៉ុន្តែគ្មានអ្នកលើកក៏ធ្វើដំណើរមកហាងខាងលើ ពេលមកដល់ស្រាប់តែ ឃើញទ្វារហាងរបស់ជនរងគ្រោះ មានចាក់សោពីខាងក្នុង ហើយក៏ដើរអើត មើលចុះឡើងៗ ក៏ធុំក្លិនស្អុយ រួចហើយក៏បានប្រាប់នារីម្នាក់ ដែលធ្វើការក្បែរនោះ ឱ្យជួយទំនាក់ទំនង ទៅនគរបាលមូលដ្ឋានទាំងយប់តែម្តង ។

ខណៈដែលសមត្ថកិច្ចមកដល់ ក៏បានសន្និដ្ឋានថា ពិតជាមានមនុស្សស្លាប់ក្នុងផ្ទះនោះមែន ក៏ចាត់ចែងកម្លាំងយាមកាម រហូតដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣នេះ ក៏មានគណៈកម្មការចម្រុះ ចុះមកត្រួតពិនិត្យតែម្តងទៅ ។ លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ដែលអញ្ជើញចូលរួម ធ្វើកោសលវិច័យដោយផ្ទាល់នោះ បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិលឱ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយខ្យល់គរ អស់រយៈពេល៥ថ្ងៃកន្លងមកហើយ ដោយ ស្លាប់ក្នុងស្ថានភាព អង្គុយលើបង្គន់ក្នុងបន្ទប់ទឹក ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានតំណាងស្ថានទូត សម្រេចឲ្យបូជានៅវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ព្រោះសពមាន សភាពស្អុយរលួយខ្លាំងណាស់ ស្ទើរមិនអាចទ្រាំបាន ៕

Photo by DAP-News

Photo by DAP-News

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved