Breaking News
Loading...
Tuesday, December 24, 2013

អ៊េនជី រៀបការ​ក្រោយ​កូនស្រី​វ័យ​៦​ឆ្នាំ


ភ្នំពេញៈ ក្រោយ​ល្បី​ឈ្មោះ​នៅក្នុង​អាជីព​ជា​ពិធីការិនី​ប្រចាំ​នៅ​ស្ថានីយ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បន្តិច នៅ​ពេល​នេះ អ៊េនជី ដែល​មាន​ឈ្មោះ​ពិតថា លី ចាន់ដាលីស បាន​រៀបការ​យ៉ាង​អធិកអធម​ជាមួយ​នឹង​បុរស​អាណិកជន​អាមេរិក។ ប៉ុន្តែ​ការ​សម្រេច​ទទួល​យក​ជីវិត​អាពាហ៍ពិពាហ៍​នេះ ត្រូវ​បាន​អ្នក​សិល្បៈ​ភាគច្រើន​ដឹង​ថា កើតឡើង​ក្រោយ​ពេល​នាង​មាន​កូនស្រី​ម្នាក់​រួច​ទៅ​ហើយ​នោះ។

អ្នក សិល្បៈ​ភាគច្រើន​បាន​និយាយ​ល្បី​ខ្ចរខ្ចាយ​តៗ​ថា ពិធីការិនី អ៊េនជី មាន​កូនស្រី​ម្នាក់​រួច​ទៅ​ហើយ​នៅ​មុន​ពេល​នាង​ក្លាយ​ខ្លួន​ជា​កូនក្រមុំ​របស់​បុរស​អាណិកជន​អាមេរិក​ឈ្មោះ ភីតធ័រ សុធារ៉ាហេង នោះ ដែល​ពេល​នេះ​កូនស្រី​របស់​នាង​មាន​វ័យ​ប្រហែល​៦​ឆ្នាំ​ហើយ។ ប៉ុន្តែ​យ៉ាង​ណា ទស្សនិកជន និង​មិត្តភក្តិ​នាង​គ្រប់​មជ្ឈដ្ឋាន​បាន​លើក​ឡើង​ពី​ការ​កោតសរសើរ​ចំពោះ អ៊េនជី ដែល​មាន​ភ័ព្វសំណាង​បាន​ទទួល​ស្នេហ៍ស្មោះ​ពី​បុរស​ឯ​នាយសមុទ្រ ខណៈ​ពេល​ដែល​បុរស​រូប​នោះ​ដឹង​យ៉ាង​ច្បាស់​ថា​នាង​មាន​កូនស្រី​ម្នាក់​រួច ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត លោក ភីតធ័រ សុធារ៉ាហេង ថែម​ទាំង​ស្រឡាញ់​កូនស្រី​របស់ អ៊េនជី ដូច​កូនស្រី​របស់​ខ្លួន​អ៊ីចឹង ហើយ​ថែម​ទាំង​ហៅ​កូនៗ ពេញៗ​មាត់​ទៀត​ផង​។

131224_21a

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​មាន កូនស្រី​ម្នាក់ មុន​នឹង​សាងស្នេហ៍​ជាមួយ​បុរស​ឆ្លង​ទ្វីប​មកពី​ដែនដី​អាមេរិក​នោះ អ៊េនជី មិន​ធ្លាប់​បាន​បញ្ចេញ ឬ​ក៏​បង្ហាញ​ជា​សាធារណៈ​ឲ្យ​គេ​ដឹង​ឮ​សុសសាយ​នោះ​ទេ តែ​នាង​ធ្លាប់​សារភាព​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​បញ្ហា​មាន​កូនស្រី​នេះ គ្រាន់​តែ​សុំ​មិន​និយាយ​អ្វី​ច្រើន​ជុំវិញ​រឿង​នេះ​ទេ។

ទោះ​បី​ជា​យ៉ាង ណា គេ​សង្កេត​ឃើញ​ថា បញ្ហា​នេះ​មិនមែន​ជា​ឧបសគ្គ​ធំ​នៅក្នុង​ចំណង​ស្នេហ៍​ថ្មី​របស់​នាង​ជាមួយ នឹង​ស្វាមី​អាណិកជន​ខ្មែរ​អាមេរិក​ម្នាក់​នេះ​ទេ។ ផ្ទុយ​ទៅវិញ គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា លោក ភីតធ័រ សុធារ៉ា​ហេង កាន់​តែ​ស្រឡាញ់​ថ្នាក់ថ្នម​នាង​លើស​ដើម​។

នៅក្នុង​ថ្ងៃ​ប្រារព្ធ អាពាហ៍ពិពាហ៍ និង​ទទួល​ភ្ញៀវ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​មជ្ឈមណ្ឌល​ម៉ូឌែន​៥ លោក សុធារ៉ាហេង ស្វាមី​ពេញ​ច្បាប់​របស់ អ៊េនជី បាន​ធ្វើ​ការ​លាតត្រដាង​ស្នេហ៍​ពិត​ដែល​នាំឲ្យ​លោក​ចាប់​ចិត្ត​ស្រឡាញ់​លើ អ៊េនជី ថា លោក​ចាប់​ចិត្ត​ស្រឡាញ់ អ៊េនជី បី​ឆ្នាំ​មក​ហើយ ដោយសារ​តែ អ៊េនជី មាន​អត្តចរិត​ល្អ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ដោយសារ​ពួកគេ​មាន​និស្ស័យ​ជាមួយ​គ្នា​ច្រើន​បំផុត។

រីឯ អ៊េនជី វិញ នៅក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ ក្រៅពី​សប្បាយ​ចិត្ត​នឹង​សម្តី​របស់​ស្វាមី នាង​ក៏​សប្បាយ​ចិត្ត​ស្ទើរ​និយាយ​មិន​ចេញ​ផង​ដែរ​នៅពេល​ដែល​វត្តមាន ម្តាយក្មេក​របស់​នាង​បាន​លេច​មុខ​ក្រឡឺម​នៅក្នុង​ពិធី ខណៈ​មុន​នោះ​ម្តាយក្មេក​នាង​ប្រាប់​ថា មិន​បាន​មក​ចូលរួម​នោះ​។

ពិធីការិនី អាស៊ីអាគ្នេយ៍​នាង លី ចាន់ដាលីស ហៅ អ៊េនជី បាន​និយាយ​ទាំង​ក្តុកក្តួល​ថា៖ «​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​ណាស់​ចំពោះ អ្នក​ម្ដាយ​ក្មេក​របស់​ខ្ញុំ​ដែល​បាន​លះបង់​ពេលវេលា​មក​ចូលរួម​មង្គលការ ខ្ញុំ និង​ស្វាមី។ ដំបូង​គាត់​ថា​មិន​បាន​ចូលរួម​ទេ ព្រោះ​មិន​អាច​សុំ​ទិដ្ឋាការ​គេ​បាន តែ​ឥឡូវ​គាត់​មក​ចូលរួម​បាន ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់»។

ដោយឡែក រឿង​សិល្បៈ​វិញ មាន​ការ​ចោទសួរ​ឡើង​ថា តើ អ៊េនជី នឹង​ឈប់ ឬ​ក៏​នៅ​បន្ត​? អ៊េនជី បាន​ឲ្យ​ដឹង​ថា រូបនាង​នឹង​ឈប់​ប្រសិន​បើ​មាន​ការ​ស្នើសុំ​ពី​ស្វាមី តែ​លោក សុធារ៉ាហេង បាន​បញ្ជាក់​ថា លោក​ទុក​អាទិភាព​ឲ្យ​ភរិយា បើ​នាង​ចង់​ឈប់​ក៏​បាន ហើយ​បើ​នៅ​បន្ត​ក៏​អត់​បញ្ហា​។

រីឯ​រឿង​ចេញ​ទៅ​រស់នៅ​អាមេរិក​វិញ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ទេ ដោយសារ​តែ​ពួកគេ​ថា កំពុង​រត់​ឯកសារ​៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved