Breaking News
Loading...
Friday, December 20, 2013

បង្ក្រាប​វង់​ល្បែង​ប្រជល់​មាន់​ នៅ​ក្បែរ​ផ្ទះ​យោធា​ម្នាក់ ​ឃា​ត់ខ្លួន​មនុស្ស ​៦នាក់ ​ម៉ូតូ ១​៣​គ្រឿង និ​ង​សម្ភារ​មួយ​ចំនួន​


ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការនគរបាលខេត្ត បានសហការគ្នាចុះបង្ក្រាប វង់ល្បែងប្រជល់មាន់ខុសច្បាប់ ១កន្លែង នៅក្បែរផ្ទះយោធាម្នាក់ ឃាត់ខ្លួនបានមនុស្សចំនួន ៦នាក់ រឹបអូសរថយន្តម្ចាស់ផ្ទះ ១គ្រឿង ម៉ាកកាមរីគូទហើម ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៣ ម៉ូតូ ១៣គ្រឿង កង់ ២គ្រឿង មាន់ឈ្មោល ចំនួន ៥ក្បាល ស៊ុំក្រុងមាន់ ចំនួន ៤ស៊ុំ សង្វៀនជល់មាន់ ចំនួន ៣ឈុត។

ការចុះបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ២ និង ៣០នាទី រសៀលថ្ងៃទី១៩ ធ្នូ ២០១៣ ស្ថិតនៅក្នុងភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមបញ្ជារបស់ លោក ជា ចាន់ឌិន ស្នងការរងទទួលបន្ទុកផែន កណ្តាលនគរបាលយុត្តិធម៌ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានមន្រ្តីក្រោមឱវាទចំនួន ៦នាក់។

ខណៈដែលសមត្ថកិច្ចកំពុង ចុះបង្រ្កាប ម្ចាស់ផ្ទះឈ្មោះ មាស សុវណ្ណរិទ្ធ ត្រូវគេស្គាល់ថា ជាយោធា និងជាប្រធានច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង បានដឹងខ្លួនទាន់ ក៏ដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោល។ ជនដែលញៀនល្បែងប្រជល់មាន់ ទាំងនោះមាន ១.ឈ្មោះ ហឿន ដន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិក្រួស ឃុំអន្លង់រុន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២. ជឿន យិន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

៣. ព្រំ សារ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង។ ៤. សុខ ដែង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ៥. ម៉ី សុធី ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិតាគ្រៃ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង និង ៦.ឈ្មោះ រាម មូ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិកំពង់ចំលងលើ ឃុំតាគ្រៃ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពី លោកវរសេនីយ៍ត្រី មាស សុផុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត បានរៀបរាប់ឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីកងកម្លាំងសម្ងាត់ថា មានការលេងល្បែងប្រជល់មាន់មួយ កន្លែងនៅក្បែរផ្ទះរបស់យោធាម្នាក់ ដែលជាប្រធានច្រកព្រំដែនស្រុកកំរៀង ទើបសមត្ថកិច្ចស្នងការនគរបាលខេត្ត សហការគ្នាចុះទៅឆ្មក់ចាប់ ជនដែលញៀននឹងល្បែងជល់មាន់ ខណៈពួកគេកំពុងតែនាំគ្នាលេងនៅទីនោះ។

លោក មាស សុផុន បន្តថា ការបើកលេងល្បែងប្រជល់មាន់នេះ បានធ្វើឡើងអស់រយៈពេលជាង ២សប្តាហ៍ កន្លងមកហើយ ដោយទើបតែនាំគ្នាលេងក្នុងសប្តាហ៍ទីពីរ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកចូលរួមលេងបានចំនួន ៦នាក់ រឹបអូសម៉ូតូ ១៣គ្រឿង កង់ ២គ្រឿង ជញ្ជីងថ្លឹងមាន់ ១គ្រឿង រថយន្តម្ចាស់ផ្ទះ ១គ្រឿង និងសម្ភារមួយចំនួនទៀត។ ចំណែកម្ចាស់មាន់ និងម្ចាស់ផ្ទះ បានរត់គេចខ្លួនបាត់។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់នៅព្រឹកថ្ងៃបន្ទាប់។ សូមបញ្ជាក់ថា ល្បែងប្រជល់មាន់បច្ចុប្បន្នស្ថិតក្នុងសង្កាត់ទួលល្វា ក៏នៅមានជនល្មើសនាំគ្នាលេងលួចលាក់ដែរ ថែមទាំងមានល្បែងបៀអាប៉ោង និងល្បែងកន្ទុយលេខឆ្នោត នៅក្បែរ និងក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្រុងប៉ៃលិន ក៏នៅតែមានលេងយ៉ាងគគ្រឹកគគ្រេង ដូច្នេះ សមត្ថកិច្ចគួរតែពិនិត្យ និងតាមចាប់ពួកគេទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved