ក្លិប​ជើង​ឯក​ទ្វីប​អឺរ៉ុប​ Bayern Munich បាន​ឡើង​ទៅ​ចាំ​គូ​ប្រកួត​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ​២០១៣ ក្រោយ​យក​ឈ្នះ​ក្រុម​ជើង​ឯក​អាស៊ី Guangzhou Evergrande ៣-០។

ក្រុម​កីឡាករ​ Bayern Munich (ស) អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

៣គ្រាប់​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​ដែល​ស៊ី​លើ​ក្រុម​យក្ស​របស់​ចិន​នេះ គឺ​ធ្វើ​បាន​ក្នុង​ចន្លោះ​ពេល​ត្រឹម​៧នាទី​ប៉ុណ្ណោះ។ បេក្ខភាព​ដណ្ដើម​ពាន FIFA Ballon d’Or 2013, Franck Ribery បាន​ទម្លុះ​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី​ Zeng Cheng នៅ​នាទី​៤០ មុន​ពេល​កីឡាករ​អន្តរជាតិ​ក្រូអាត Mario Mandzukic បន្ថែម​គ្រាប់​ទី​២​នៅ​៤នាទី​បន្ទាប់ ដោយ​ការ​តែត​បាល់​ដែល​លើក​ដោយ Thiago Alcantara។

ឈាន​ចូល​តង់​ទី​២​បាន​តែ​២នាទី ពោល​គឺ​នៅ​នាទី​៤៧ Mario Gotze បាន​ស៊ុត​គ្រាប់​ទី​៣ឲ្យ​ក្រុម​លោក Pep Guardiola ទម្លាក់​ក្រុម​លោក Marcello Lippi យ៉ាង​ងាយ​ស្រួល។ បន្ថែម​លើ​៣គ្រាប់​នេះ Gotze, Ribery និង Xherdan Shaqiri សុទ្ធ​តែ​មាន​ឱកាស​បន្ថែម​គ្រាប់​បាល់​ ប៉ុន្តែ​បាន​ត្រឹម​បុក​បង្គោល​ទី​ប៉ុណ្ណោះ។

ជ័យជម្នះ​នេះ នឹង​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក UEFA Champions League មួយ​នេះ ត្រូវ​ជួប​ក្រុម​ដែល​ឈ្នះ​រវាង​ជើង​ឯក​អាមេរិក​ខាង​ត្បូង Atletico Mineiro និង​ជើង​ឯក​ប្រទេស​ម្ចាស់​ផ្ទះ​ម៉ារ៉ុក Raja Casablanca​ ដែល​​ត្រូវ​ជួប​គ្នា​នៅ​ម៉ោង​ ២:៤៥នាទី​យប់​រំលង​អាធ្រាត្រ​យប់​នេះ៕

Ribery ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បើក​ឆាក

Mario Mandzukic តែត​បញ្ចូល​ទី​គ្រាប់​ទី​២​ឲ្យ​ Bayern Munich

Gotze អបអរ​ក្រោយ​ស៊ុត​គ្រាប់​ចុង​ក្រោយ​

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖