ក្រុម​ជើង​ឯក​ចាស់​ ម៉ិកស៊ីកូ នឹង​ត្រូវ​ប៉ះ​ជើង​ឯក​បី​សម័យ នីហ្សេរីយ៉ា នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម​១៧ឆ្នាំ (FIFA U-17 World Cup) ឆ្នាំ​២០១៣​ នៅ​ប្រទេស​អារ៉ាប់រួម​ ក្រោយ​ឈ្នះ​គូ​ប្រកួត​រៀង​ខ្លួន​​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​មិញ​នេះ។

កីឡាករ Taiwo Awoniyi ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ​នីហ្សេរីយ៉ា

កីឡាករ​ម៉ិកស៊ីកូ​ អបអរ​ក្រោយ​ស៊ុត​​បញ្ចូលទី

ម៉ិកស៊ីកូ បាន​បំបាក់​អាហ្សង់ទីន​ដែល​មាន​គ្នា​៩នាក់​ ៣-០ ដើម្បី​មាន​ឱកាស​ឡើង​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន។ Ivan Ochoa បាន​ជួយ​ឲ្យ​ក្រុម​ជើង​ឯក​២សម័យ​​មួយ​នេះ​នាំ​មុខ​មុន​តាំង​ពី​៥នាទី​ដើម​តង់​ទី​១ មុន​បន្ថែម​គ្រាប់​ទី​២​របស់​ខ្លួន​នៅ​នាទី​២១។ ​អាហ្សង់ទីន​ដែល​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នា​ការ​ប្រកួត​ឆ្នាំ​នេះ បាន​ព្យាយាម​វាយសម្រុក​តាម​ស្មើ​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​នោះ​ទេ ថែម​ទាំង​ត្រូវ​បាត់បង់​សមាជិក​ម្នាក់​ទៀត​ផង​នៅ​នាទី​៣១ ក្រោយ Joaquin Ibanez ទទួល​កាត​ក្រហម។

ខ្វះ​៤នាទី​ចង់​ការ​ប្រកួត ម៉ិកស៊ីកូ បាន​បន្ថែម​គ្រាប់​ទី​៣ ដោយ​កីឡាករ​បម្រុង Marco Granados ខណៈ​អាហ្សង់ទីន​ត្រូវ​ចប់​ការ​ប្រកួត​ដោយ​សល់​គ្នា​ត្រឹម​៩នាទី ក្រោយ​អ្នក​ចាំ​ទី Augusto Batalla ត្រូវ​បណ្ដេញ​ចេញ​នៅ​នាទី​៩០។

ចំណែក​ក្រុម​ ​នីហ្សេរីយ៉ា​ វិញ ក៏​បាន​ឈ្នះ​ស៊ុយអែត ៣-០ ដូច​គ្នា​ដែរ។ Taiwo Awoniyi បាន​ជួយ​ឲ្យ​ក្រុម​ខ្លាំង​មក​ពី​អាហ្រ្វិក​នាំ​មុខ​មុន​នៅ​នាទី​២១ ដែល​ជា​គ្រាប់​ទី​៣​របស់​គេ​ក្នុង​២ប្រកួត។ លទ្ធផល​ ១-០ បាន​រក្សា​ដល់​១០នាទី​ចុង​ក្រោយ ទើប​មាន​ការ​ប្រែប្រួល ក្រោយ​ Samuel Okon បន្ថែម​គ្រាប់​ទី២ នៅ​នាទី​៨០ និង Chidera Ezeh ដាក់​គ្រាប់​ទី​៣​នៅ​នាទី​៨១ ឲ្យ​នីហ្សេរីយ៉ា ឡើង​ប៉ះ​គូ​ប្រជែង​ចាស់ ម៉ិកស៊ីកូ។

អ្នក​គាំទ្រ​ក្រុម​នីហ្សេរីយ៉ា​កាន់​ពានសិប្បនិមិត្ត​យប់​មិញ​នេះ

នីហ្សេរីយ៉ា និង​ម៉ិកស៊ីកូ ធ្លាប់​ជួប​គ្នា​កាល​ពី​វគ្គ​សន្សំ​ពិន្ទុ​ពូល F ដែល​ពេល​នោះ​ ​នីហ្សេរីយ៉ា បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៦-១។ យ៉ាង​ណា​ក្ដី ការ​ជួប​គ្នា​ជា​ថ្មី​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ ទំនង​ជា​មិន​ស៊ី​គ្នា​ច្រើន​ដូច​កាល​ជួប​វគ្គ​បើក​ឆាក​នោះ​ទេ។ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៨​ ខែ​វិច្ឆិកា ខាង​មុខ​នេះ វេលា​ម៉ោង ១១យប់ ឯ​ការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ធ្វើ​នៅ​ថ្ងៃ​ដូច​គ្នា​នោះ តែ​នៅ​ម៉ោង​៨យប់។

ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ ​ម៉ិកស៊ីកូ ឬ ​នីហ្សេរីយ៉ា ជា​អ្នក​លើក​ពាន​ U-17 World Cup ឆ្នាំ​នេះ? កាល​ស្ទង់​មតិ​មុន​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មាន​អ្នក​ទាយ​ថា អាហ្សង់ទីន​លើក​ពាន​ច្រើន​ជាង​គេ (២៥៦សំឡេង) តាម​ពី​ក្រោយ​ដោយ ម៉ិកស៊ីកូ (១៣១សំឡេង), នីហ្សេរីយ៉ា (៤៩សំឡេង) និង​ស៊ុយអែត (២២សំឡេង)។ តែ​ឥលូវ​សល់​តែ​២​ក្រុម​ប៉ុណ្ណោះ សាក​​ម្ដង​ទៀត​ទៅ​មើល៍ ក្រុម​ណា​សំឡេង​ច្រើន​ជាង?