“Ronaldo or Messi?” ឬ “Messi or Ronaldo?” ជា​សំណួរ​ដែល​ត្រូវ​បាន​គេ​សួរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទៅ​កាន់​បុគ្គល​សំខាន់ៗ ឬ​អ្នក​ជំនាញ​បាល់ទាត់​នានា​ក្នុង​កន្លះ​ទសវត្ស​ចុង​ក្រោយ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ សំណួរ​នេះ​ក៏​ត្រូវ​បាន​អ្នក​មើល​បាល់ទាត់​ក្នុង​លោក ដេញដោល​គ្នា​យ៉ាង​តានតឹង​ផង​ដែរ។ តើ​ការ​ប្រៀបធៀប​រក​អ្នក​ខ្លាំង​ជាង រវាង​កីឡាករ​កំពូល​ទាំង​២នេះ នឹង​បន្ត​ដល់​ពេល​ណា​ទៀត?

រូប​ Ronaldo និង Messi ត្រូវ​បាន​គេ​ដាក់​រួម​​គ្នា​ធ្វើ​រូបភាព​ Wallpaper (ប្រភព៖ football-cover)

​ប្រាកដ​ណាស់​ថា​កីឡាករ​ទាំង​ពីរ​ សុទ្ធ​តែ​ជា​កីឡាករ​កំពូល​ដូច​គ្នា ពោល​គឺ​មាន​ជំនាញ​ និង​សមត្ថភាព​លេច​ធ្លោ​ជាង​កីឡាករ​ឯ​ទៀត​ក្នុង​លោក​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជាក់ស្ដែង កាល​ពី​ខែ​មុន ប្រធាន FIFA លោក Sepp Blatter ក៏​ត្រូវ​បាន​គេ​សួរ​ពេល​ផ្ដល់​បទ​សម្ភាសន៍​នៅ Oxford Union ថា MessiRonaldo ​ដែរ។ ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក Blatter ត្រូវ​ក្រុម​អ្នក​គាំទ្រ​ Ronaldo ក៏​ដូច​ជា​អ្នក​មើល​បាល់​ជា​ច្រើន​រិះគន់​លោក​យ៉ាង​ចាស់ដៃ​។

ចំណែក​កាល​ពី​ម្សិលមិញ​នេះ​វិញ​ លោក Arsene Wenger អ្នក​ចាត់ការ​ក្លិប Arsenal ក៏​ត្រូវ​បាន​គេ​សួរ​សំណួរ​ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​កម្មវិធី​សំណួរ​/ចម្លើយ​តាម​បណ្ដាញ​សង្គម Twitter របស់​កាំភ្លើង​ធំ ទាំង​លោក​មិន​ធ្លាប់​ជាប់​ទាក់ទង​ខ្លាំង​នឹង​​កីឡាករ​ទាំង​ពីរ​រូប​ផង​នោះ។ ឆ្លើយ​ទៅ​កាន់​សំណួរ​នោះ អ្នក​ចាត់ការ សញ្ជាតិ​បារាំង វ័យ​៦៤ឆ្នាំ បាន​ឆ្លើយ​ថា៖ “Messi នៅ​កំពូល​គេ​រហូត​ដល់​បច្ចុប្បន្ន ប៉ុន្តែ​នៅ​ឆ្នាំ​នេះ Ronaldo កំពុង​នាំ​មុខ”។

ងាក​ទៅ​មើល​អ្នក​គាំទ្រ​ពួក​គេ​ទាំង​ពីរ​វិញ រឹត​តែ​ក្ដៅ​គគុក​ខ្លាំង​ជាង​នេះ​ទៀត​​ ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​​លើក​ម្ខាង​ បង្អាប់​ម្ខាង ទាំង​ក្នុង​គេហទំព័រ​កីឡា​នានា​ជុំវិញ​ពិភពលោក ក៏​ដូច​ជា​តាម​បណ្ដាញ​សង្គម Facebook ក៏​ដូច​ជា Twitter។ យ៉ាង​ណា​ក្ដី ក្នុង​ចំណោម​នោះ ក៏​មាន​អ្នក​លើក​ថា​កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ឬ​​ល្អ​ម្យ៉ាង​ម្នាក់​នោះ​ដែរ​ ហើយ​ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ជា​វីរបុរស​បាល់ទាត់​សម័យ​បច្ចុប្បន្ន។

ជំនួប El Clasico ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ក៏​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​​​ដាក់​រួម​គ្នា​ដែរ (រូបភាព៖ bubblews)

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ ​កីឡាករ​​ព័រទុយហ្គាល់ ពាក់​លេខ​៧ នៅ Real Madrid ជា​ម្ចាស់​ពាន​រង្វាន់​បាល់​មាស​ឆ្នាំ​២០០៨ ខណៈ​​គូ​ប្រជែង​​​ជនជាតិ​អាហ្សង់ទីន ពាក់​លេខ​១០ នៅ​ Barcelona គឺ​ជា​ម្ចាស់​ពាន​នេះ​​៤ឆ្នាំ​ចុង​ក្រោយ​ជាប់​គ្នា ពោល​គឺ​ចាប់​ពី​២០០៩​មក។ ដោយឡែក​នៅ​ឆ្នាំ​២០១៣​នេះ​វិញ ពួក​គេ​ទាំង​ពីរ នៅ​តែ​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ទាំង​២៣​ដើម្បី​ដណ្ដើម​ពាន​នេះ​ទៀត ដែល​ធ្វើ​​ឲ្យ​ការ​យក​អ្នក​ទាំង​ពីរ​មក​ធៀប​គ្នា​ កាន់​តែ​លេច​ឡើង​ខ្លាំង​ឡើងៗ​។

សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​យក​កីឡាករ​ទាំង​ពីរ​មក​ធៀប​គ្នា​​មិន​ចេះ​ចប់​បែប​នេះ? ​​​បើ​ត្រូវ​បាន​គេ​សួរ​ថា​ រវាង Messi និង Ronaldo មួយ​ណា​ខ្លាំង​ជាង តើ​ប្រិយមិត្ត​នឹង​ឆ្លើយ​យក​មួយ​ណា ឬ​ក៏​យក​ទាំង​ពីរ?

អត្ថបទ​ទាក់ទង៖

- Ronaldo បាញ់​ប្រធាន​​ FIFA ឈឺៗ តាម Facebook

- Messi ក្លាយ​ជា​កីឡាករ​ទី​១​ អាច​ធ្វើ​​ហ៊ែតទ្រីក​​៤ដង​នៅ Champions League

- ប្រៀបធៀប Messi និង Ronaldo តិច​មើល៍ មុន​ជំនួប​ El Clasico មក​ដល់

- តើ Messi ឬ Ronaldo ឈ្នះ​ Ballon d’Or ឆ្នាំ​នេះ?

អត្ថបទ​៖ សុខ សុវត្ថិ