គ្រូ​បង្វឹក​របស់​កីឡាករ​ Manny Pacquiao ​លោក ​Freddie Roach ​និយាយ​ថា​លោក​នឹង​ឱ្យ​ Pacquiao ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់​ប្រសិន​បើ​​​ជើង​ខ្លាំង​​សញ្ជាតិ​ហ្វីលីពីន​​​​រូប​នេះ​​រង​បរាជ័យ​ធ្ងន់​ទៀត​ពេល​ប៉ះ​កីឡាករ​ Brandon Rios ​នៅ​ម៉ាកាវ​នា​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​នេះ។​

អត្ថបទ​៖ ក្រោយ​ផ្ដួល​ Marquez ​ជើង​ខ្លាំង​អាមេរិក​​បើក​ទ្វារ​ជានិច្ច​ដើម្បី​ឱ្យ​ Pacquiao សងសឹក

លោក ​ Roach ​បាន​លើក​ទឹកចិត្ត​ឱ្យ ​ Pacquiao ​ផ្ដួល ​Rios ​ត្រឹម​ទឹក​ទី​៥​ឬ​ទី​៦​នៅ​ចុង​សប្ដាហ៍​ក្រោយ​ក្នុង​ជំនួប​ដណ្ដើម​ខ្សែ​ក្រវាត់ ​WBO welterweight។ ប៉ុន្តែ​ប្រសិន​បើ​អ្វី​ៗ​មិន​ដំណើរការ​ដូច​ការ​គ្រោងទុក​ទេ​ ពោល​គឺ​ចាញ់​ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​ក្នុង​ការ​ឡើង​សង្វៀន​៣​លើក​ចុង​ក្រោយ​នោះ​ ​គ្រូ​បង្វឹក​សញ្ជាតិ​អាមេរិក​វ័យ​៥៣​ឆ្នាំ​​ដ៏​ល្បីល្បាញ​រូប​នេះ​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​ប្រាប់ Pac-man ឱ្យ​លាលែង​ពី​អាជីព​ដើម្បី​យក​ពេល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ពេញលេញ​ ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត។

អតីត​ជយលាភី​គ្រូ​បង្វឹក​ឆ្នើម​ជាង​គេ​ប្រចាំ​ឆ្នាំ​២០០៣,២០០៦,២០០៨,២០០៩ និង ២០១០ ​បញ្ជាក់​ថា​៖ “ប្រសិន​បើ​ខ្ញុំ​មើល​ឃើញ​ថា​គេ​​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ខ្សោយ​ហើយ​វាយ​អន់​នោះ ខ្ញុំ​ជា​អ្នក​ទី​១​ដែល​ត្រូវ​និយាយ​ប្រាប់​គេ។ ពួក​យើង​មាន​កិច្ចសន្យា​មួយ​ដែល​កំណត់​ថា​គេ (Pacquiao) នឹង​ចូល​និវត្តន៍​ប្រសិន​បើ​ខ្ញុំ​ប្រាប់​ឱ្យ​គេ​ធ្វើ​បែប​នោះ។ យ៉ាងណាក្ដី ​បច្ចុប្បន្ន​នេះ​ខ្ញុំ​មិន​ឃើញ​គេ​ធ្លាក់​ចុះ​ខ្សោយ​ឡើយ​ ផ្ទុយ​ទៅវិញ​គេ​កំពុង​ហ្វឹកហាត់​បាន​យ៉ាង​ល្អ។ គេ​កំពុង​អន្ទះសា​ចង់​ឡើង​រេញ​ប្រដាល់​យ៉ាង​ខ្លាំង”។

អត្ថបទ​៖ Floyd ​នៅ​តែ​មិន​ទាន់​មាន​អ្នក​ណា​ផ្ដួល​បាន​ដដែល

Pacquiao ​ដែល​នឹង​ឈាន​ដល់​វ័យ​៣៥​ឆ្នាំ​ក្នុង​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ​ខាន​ឡើង​វាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ ​គឺ​តាំង​ពី​ក្រោយ​ពេល​ត្រូវ​កីឡាករ​សញ្ជាតិ​ម៉ិកស៊ីកូ ​Juan Manuel Marquez ​ផ្ដួល​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៦​នៅ​ទីក្រុង Las Vegas ក្នុង​ខែ​ធ្នូ​ឆ្នាំ​មុន។ ​មុន​ចាញ់ ​ Marquez ​កន្លះ​ឆ្នាំ ​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពិភពលោក​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ​ក៏​បាន​ចាញ់ ​Timothy Bradley ​ផង​ដែរ ​ប៉ុន្តែ​ចាញ់​ទាំង​ចម្រូងចម្រាស។

ប្រសិន​បើ​លើក​នេះ​ Pacquiao ​ស្ដារ​មុខ​មាត់​បាន​វិញ ​និយាយ​ឱ្យ​ចំ​គឺ​យក​ឈ្នះ​ Rios បាន​នោះ ​ជំនួប​សងសឹក​ជាមួយ​ Marquez នឹង​កើត​មាន​ឡើង​ម្ដង​ទៀត ក៏​ដូច​ជា​ការ​ល្បង​សមត្ថភាព​ជាមួយ ​ Floyd Mayweather, Jr ផង​ដែរ៕

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​&​រូបថត​៖​ channelnewsasia