ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា រឿង សោភ័ណ​បាន​ផ្ដួល​ជើង​ខ្លាំង​វ័យ​ក្មេង​ថៃ Rarong Kaeongam ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ដែល​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​បំផុត​ដល់​អ្នក​គាំទ្រ​នៅ​សង្វៀន TV3 កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

អត្ថបទ​ពាក់​ព័ន្ធ៖ រំចង់, សោភ័ណ្ឌ​ និង​រ៉ាឌី នរណា​ជា​ជើង​ខ្លាំង​​ក្នុង​ចិត្ត​អ្នក​?

អ្នក​ក្បាច់​ចម្រុះ​រឿង សោភ័ណ និង​កីឡាករ​ថៃ Rarong Raeongam ដែល​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​នៅ​លើ​សង្វៀន​ប្រដាល់​ជាង​៨០​ដង​ដូច​គ្នា​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​ចាស់​ដៃ​តាំង​ពី​ទឹក​ទី​មួយ។ អ្នក​លេង​ឆ្លង​ដែន​​​បាន​ទាត់​ផ្កាប់​ចាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ក​របស់​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត​នោះ​ក្នុង​ទឹក​ដំបូង​នេះ​កីឡាករ​ម្ចាស់​ស្រុក​បាន​​បញ្ចេញ​កណ្ដាប់​ឆ្វេង​ពេញ​ទំហឹង​លើ​ផ្ទៃ​មុខ​ភ្ញៀវ​បណ្ដាល​ឲ្យ​ដួល​អុក​គូថ​ លោក​អាជ្ញា​កណ្ដាល​បាន​រាប់​ដល់​៨ តែ​កីឡាករ​ថៃ​អាច​ក្រោក​តស៊ូ​បន្ត​ទៀត​បាន។

នៅ​ទឹក​ទី​ពីរ​ពួក​គេ​បាន​វ៉ៃ​គួរ​ឲ្យ​ញញើត ខណៈ​សោភ័ណ​បាន​គ្រប់​ដណ្ដប់​។ ការ​ចេញ​ស្នៀត​ទាត់ និង​កែង​របស់​កីឡាករ​ថៃ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រៀវ​ខ្នង​ជំនួស​កីឡាករ​ខ្មែរ។ ទោះ​ជា​យ៉ាង​សោភ័ណ​នៅ​តែ​កៀប​សង្កត់​ដដែល​ដោយ​រន្ទះ​ជើង កណ្ដាប់​ដៃ​ឆ្វេង និង​កែង។

អត្ថបទ​ពាក់​ព័ន្ធ៖ អតីត​កីឡាករ​ល្បី​ឈ្មោះ ឡឹក​ វិបុល​ ​​ជា«​អនុសេនីយ៍​ឯក»

ទឹក​ទី​បី​កីឡាករ​ផ្ញៀវ​ត្រូវ​បាន​អាជ្ញា​កណ្ដាល​រាប់​៨​ពីរ​​ដង​ និង​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​បន្ទាប់​ពី​កីឡាករ​ដួល​ជា​លើក​ទី​បី​។ រឿង សោភ័ណ​បាន​រន្ថើន​ជើង​បន្តិច​ៗ​និង​បាន​ហក់​ចូល​វ៉ៃ​​កណ្ដាប់​ដៃ​ឆ្វេង​ចំ​ពេញ​ផ្ទៃ​មុខ Rarong នាំ​ឲ្យ​លោក​អាជ្ញា​កណ្ដាល​រាប់​ដល់​៨។ បន្ទាប់​មក​សោភ័ណ​បាន​ទាត់​ជើង​ឆ្វេង​ចំ​កណ្ដៀត​ក្អម​កីឡាករ​ថៃ​បណ្ដាល​ឲ្យ និង​ត្រូវ​អាជ្ញា​កណ្ដាល​រាប់​៨​ជា​លើក​ទី​ពីរ។ ទី​បំផុត​សោភ័ណ​បាន​វាយ​ពីរ​កន្លែង​បណ្ដាល​ឲ្យ​កីឡាករ​ថៃ​សន្លប់​ក្រោក​លែង​រួច​តែ​ម្ដង។

ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នៅ​TV3កាល​ពី​ម្សិល​មិញ​ផង​ដែរ ឡុង សុភី​ស្ទើរ​តែ​វាយ​កីឡាករ​អ៊ីរ៉ង់ Behzad Mohammad ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៥​ទៅ​ហើយ​បន្ទាប់​ពី​ត្រូវ​បាន​រាប់​ពីរ​ដង ប៉ុន្តែ​សុភី​ហាក់​ប្រោស​ប្រណី​ដើម្បី​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។ ចំណែក​គូ​ពិសេស​ក្នុង​ស្រុក ​​​រឿម វណ្ណៈ ឈ្នះ​ពិន្ទុ​ ​វ៉ាន់ ចាន់វ៉េត៕