អ្នក​គាំទ្រ​កម្ពុជា​មួយ​ចំនួន​បាន​ក្រោក​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ហើយ​ដោយ​ក្នុង​ចិត្ត​រំពឹង​គិត​ថា លទ្ធផល​U23 កម្ពុជា​១-២U23 ម៉ាឡេស៊ី​ក្នុង​ព្រឹត្តិការណ៍ BIDC CUP 2013 កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​នាទី​នៅសល់​ប្រហែល​ជា​៥​នាទី​ចុង​ក្រោយ​នឹង​បញ្ចប់​ការ​ប្រកួត។

អត្ថបទ​ពាក់ព័ន្ធ៖ ការ​ពិត​លើ​​ទី​លាន BIDC Cup ​ម្សិលមិញ

កត្តា​នេះ​​លើក​ជា​ចម្ងល់​ថា​តើ​ក្រុម​អ្នក​គាំទ្រ​ទៅ​លើក​ទឹក​ចិត្ត​សម្រាប់​តែ​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជម្នះ​មែន​ទេ? ចុះ​បើ​ក្រុម​របស់​ខ្លួន​ចាញ់​ត្រូវ​បោះ​បង់​ចោល​ឬ​យ៉ាង​ណា?

អ្នក​ទស្សនា​មួយ​ចំនួន​​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ក្រុម​របស់​ខ្លួន​ចាញ់​ឈ្នះ​ក្ដី អ្នក​គាំទ្រ​គួរ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​របស់​ខ្លួន​។ ពួក​គាត់​មិន​គួរ​បោះ​បង់​ចោល​ឡើយ​នៅ​ពេល​ក្រុម​របស់​ខ្លួន​បរាជ័យ​នោះ។

បុរស​ម្នាក់​ឈ្មោះ ណាក់ កំពុង​ក្រោក​ឈរ​ត្រៀម​នឹង​ដើរ​ចេញ​ទៅ​ហើយ​ស្រាប់​​តែ​គ្រាប់​បាល់​កម្ពុជា​តាម​ស្មើ​បាន​និយាយ​ថា ពេល​ឃើញ​ក្រុម​កម្ពុជា​​ត្រូវ​បាន​ភ្ញៀវ​នាំ​មុខ​១-២​ រូប​គាត់​លែង​មាន​អារម្មណ៍​ទស្សនា​បន្ត​ទៀត ដូច្នេះ​មាន​តែ​ដើរ​ចេញ​​មុន​ចប់​ការ​ប្រកួត ព្រោះ​មិន​ចង់​ឃើញ​ភាព​ក្រៀម​ក្រំ​របស់​ក្រុម​របស់​ខ្លួន។

ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​យ៉ាង​ខ្លី​ថា ៖«ខ្ញុំ​ត្រេក​អរ​ពេល​ឃើញ​ក្រុម​កម្ពុជា​តាម​ស្មើ តែ​ពេល​ក្រុម​គេ​នាំ​មុខ​ជិត​ចប់​ការ​ប្រកួត​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា លែង​ចង់​សើច​»។

អត្ថបទ​ពាក់ព័ន្ធ៖ នេះ​នែ៎ វីដេអូ U23 កម្ពុជា ២-២​ U23 ម៉ាឡេស៊ី

ពូ​ម្នាក់​ឈ្មោះ ឧត្តម នៅ​ទស្សនា​រហូត​ដល់​ចប់​ការ​ប្រកួត​ប្រាប់​ថា​មក​ពី​ខេត្ត​ព្រៃវែង​បាន​និយាយ​ថា បើ​ក្រុម​របស់​ខ្លួន​ចាញ់​ហើយ​អ្នក​គាំទ្រ​បោះ​បង់​ចោល​ពួក​គេ​ទៀត​នោះ​រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​បាក់​ទឹក​ចិត្ត។

លោក​ពូ​និយាយ​ថា ៖«​ទោះ​ជា​ចាញ់​ក្ដី​ យើង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ពួក​គាត់ ព្រោះ​កម្លាំង​ចិត្ត​សំខាន់​ណាស់។ យើង​គួរ​នាំ​គ្នា​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​​ដើម្បី​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​​ជា​ពិសេស​មាន​កម្លាំង​ចិត្ត​លេង​នៅ​ពេល​ខាង​មុខ​ទៀត»។

ស្រប​ពេល​ជា​មួយ​គ្នា​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​កំពុង​ដើរ​ចេញ ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​ស្រែក​ថា ឈប់​មក​មើល​ទៀត​ហើយ បើ​ក្រុម​របស់​ខ្លួន​ចាញ់​នោះ។ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​បំផុត​នៅ​តែ​តស៊ូ​គាំទ្រ​ទស្សនា​រហូត​ដល់​ទី​បញ្ចប់​ដែល​ជា​លទ្ធផល​វិនាទី​ចុង​ក្រោយ​ផ្ដល់​ឲ្យ​ពួក​គាត់​ជួប​ក្ដី​រំភើប​ចិត្ត៕
អត្ថបទ៖ ជាន ចាន់រ៉ា