អ្នក​ចាត់ការ​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho បាន​លើកឡើង​ថា​ក្លិប​ហង្ស​ក្រហម Liverpool មិន​មាន​សមត្ថភាព​​ប្រជែង​យក​​ពាន​ Premier League នោះ​ទេ ដោយ​សារ​មិន​មាន​​កីឡាករ​ល្អ​គ្រប់គ្រាន់។

អ្នក​ចាត់ការ​ដែល​ទើប​ដឹក​នាំ​ Chelsea ចាញ់ Newcastle ២-០ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​លើក​យក​ក្រុម​ខ្លាំងៗ​មួយ​ចំនួន ហើយ​ក្នុង​នោះ​លោក​បាន​និយាយ​ថា Liverpool ជា​ក្រុម​អន់​ជាង​គេ។

លោក Jose Mourinho

លោក​បាន​បញ្ជាក់​ថា Manchester City មាន​សមាជិក​ក្រុម​កីឡាករ​ដ៏​ល្អ​មិន​គួរ​ឲ្យ​ជឿ ខណៈ Manchester United គឺ​នៅ​តែ​ជា​ក្រុម​ដែល​អាច​ប្រជែង​យក​ពាន​នោះ​ដែរ។

រីឯ Tottenham Hotspur វិញ ក៏​​​បេក្ខភាព​ដណ្ដើម​ពាន​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​រូប​នេះ  លើក​សរសើរ​ថា​ខ្លាំង​ដែរ ដោយ​បាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​កីឡាករ​ល្អៗ​ ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​ឈុត​២​ដែល​មាន​កីឡាករ​ល្អៗ​ស្មើ​គ្នា។

ចំពោះ Arsenal វិញ អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​​និយាយ​ថា​​មាន​​ការ​​អភិវឌ្ឍ​ជា​ជំហានៗ និង​​ក្លាយ​ជា​ក្រុម​ប្លែក​ជាង​មុន ក្រោយ​​ទិញ​បាន​កីឡាករ​ល្អ​ដូច​ជា Mesut Ozil។

ចុង​ក្រោយ អ្វី​ដែល​គេ​ចាប់​អារម្មណ៍ជាង​គេ ​គឺ​ការ​និយាយ​ពី Liverpool។ លោក​ Mourinho បាន​និយាយ​ថា ហង្ស​ក្រហម​ប្រហែល​ជា​ក្លិប​ដែល​មាន​ធនធាន​តិច​ជាង​គេ ព្រោះ​​សមាជិក​ក្រុម​កីឡាករ​របស់​គេ គឺ​មើល​ទៅ​មិន​ខ្លាំង​នោះ​ទេ ទោះ​មើល​ពី​សំបក​ក្រៅ​ទៅ​ដូច​ជា​ខ្លាំង​ដូច​គេ​ក៏​ដោយ។

អតីត​អ្នក​ចាត់ការ Real Madrid ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ដែរ​ថា Liverpool មិន​បាន​លេង​នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​នោះ​ទេ​ ដូច្នេះ​​មាន​ពេល​ហ្វឹកហាត់ រៀបចំ​ក្រុម និង​មាន​ពេល​សម្រាក​ច្រើន​សម្រាប់​ប្រកួត​លីក​ចុង​សប្ដាហ៍ ខណៈ​ក្រុម​ខ្លាំង​ផ្សេង​ទៀត​ដែល​គាត់​រៀបរាប់ សុទ្ធ​តែ​លេង​នៅ​ពាន​អឺរ៉ុប។

យ៉ាង​ណា​ក្ដី Liverpool មិន​បាន​ខ្វល់ខ្វាយ​នឹង​ការ​លើកឡើង​របស់​​ Mourinho​ទេ។ បច្ចុប្បន្ន តោ​ខៀវ និង​ហង្ស​ក្រហម កំពុង​មាន​២០ពិន្ទុ​ដូច​គ្នា ប៉ុន្តែ Chelsea ឈរ​លេខ២ ឯ Liverpool នៅ​លេខ​៣ ដោយ​សារ​ខុស​ចំនួន​គ្រាប់​បាល់។ ចំណែក​ឯ​ក្រុម​កំពូល​តារាង គឺ​កាំភ្លើង​ធំ Arsenal ខណៈ Spurs នៅ​លេខ៤, Man City លេខ៥ និង​ក្រុម​ជើង​ឯក​ចាស់ Man Utd ស្ថិត​នៅ​លេខ៨៕