ក្រោយរងរបួសអំឡុងការប្រកួតកាលពីថ្ងៃអាទិត្យ នៅពេលនេះលទ្ធផលនៃការត្រួតពិនិត្យពីក្រុមអ្នកជំនាញបានចេញឲ្យដឹងថា Lionel Messi នឹងអាចអវត្តមានពីទីលានប្រកួតរហូតដល់២ខែ ពោលគឺចន្លោះពី៦សប្ដាហ៍ ទៅ៨សប្ដាហ៍។
Messi បង្ហាញភាពឈឺចាប់ដោយសាររបួសអំឡុងពេលប្រកួត
របួសសាច់ដុំសរសៃពួរជើងខាងឆ្វេងនោះ គឺកើតឡើងនៅពេលក្លិបអ្នកបុណ្យ Barcelona ឈ្នះ Real Betis ៤-១ ពោលគឺកីឡាករវ័យ២៦ឆ្នាំរូបនេះ អាចលេងបានតែត្រឹម២០នាទីប៉ុណ្ណោះ។
នេះមិនមែនជាលើកទី១នោះទេ ដែល Messi ជួបបញ្ហារបួសក្នុងរដូវកាល ២០១៣-២០១៤ នេះ។ កាលពីខែសីហា ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ ក៏បានរងរបួសសាច់ដុំភ្លៅដែរ ពេលប៉ះ Atletico Madrid។ បន្ទាប់មកទៀត ក្នុងជំនួបទល់នឹង Almeria កាលពីខែកញ្ញា ម្ចាស់ពាន Ballon d’Or ៤ឆ្នាំជាប់គ្នានេះ ក៏ជួបបញ្ហារបួសភ្លៅទៀតនោះដែរ។
របួសជាថ្មីនេះ នឹងធ្វើឲ្យ Messi ត្រូវអវត្តមានពេលក្រុមជម្រើសជាតិអាហ្សង់ទីនប៉ះអេក្វាឌ័រ និងបូស្នី-ហឺហ្ស៊េហ្គោវីណាក្នុងជំនួបមិត្តភាពខែវិច្ឆិកានេះ ក៏ដូចជាការប្រកួតក្នុងស្រុកឲ្យ Barcelona ប៉ុន្មានប្រកួតផងដែរ។ ចំណែកការប្រកួតក្នុងពូលនៅ Champions League ២ប្រកួតដែលនៅសល់ ក៏បេក្ខភាពដណ្ដើមពាន Ballon d’Or ឆ្នាំនេះមិនអាចលេងបាននោះដែរ៕
Messi ត្រូវប្ដូរចេញ
អត្ថបទទាក់ទង៖ Barca បន្តកំណត់ត្រាមិនចាញ់ ខណៈ Messi របួស
0 comments:
Post a Comment