ការ​ប្រកួត​ប្រដាល់​​អន្តរជាតិ​​ដ៏​ធំ​​​​ដែល​គេ​ប្រសិទ្ធ​នាម​ថា King of The Ring ​​ដែល​​កំពុង​​ទាញ​ឲ្យ​​អ្នក​និយម​ប្រដាល់​​ជាតិ​​ទន្ទឹង​រង់ចាំ​នឹង​​ចូល​មក​ដល់​នៅ​យប់​ថ្ងៃ​​ទី​​២៩​​វិច្ឆិកា​​ចុង​ខែ​នេះ​​​លើ​រេញ​ ស៊ីធីអិន ​ចាប់​ពី​ម៉ោង​​៦​ល្ងាច​​ទៅ​ ដោយ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​​មួយ​នេះ​ផង​ដែរ​។

​ថ្វី​​​​បើ​​គូ​ប្រកួត​​ក៏​ដូច​ជា​​សមាសភាព​កីឡាករ​បរទេសយើងខ្ញុំ​នៅ​មិន​​​ទាន់​ទទួល​​បាន​​​ក៏​ពិត​មែន​ តែ​តាម​ការ​អះអាង​របស់​លោក ម៉ា សេរី ​​ប្រធាន​កម្មវិធី​កីឡា​ប៉ុស្តិ៍​ស៊ីធីអិន ថា​​មាន​ការ​ប្រកួត​អន្តរជាតិ​​៦​គូ។ ​​ក្នុង​នោះ​មាន​​កីឡាករ​​ខ្មែរ​២​​រូប​ដែរ​​គឺ​ជើង​ខ្លាំង​ទម្ងន់​​៧០​គីឡូក្រាម​​ ភេឌី ម៉ឺន​សុភា ​​​​​ដែល​​នៅ​មិន​ទាន់​ច្បាស់​ថា​ជួប​នរណា​នៅ​ឡើយ តែ​ ពៅ ស័ក្ដិសិទ្ធិ នឹង​ប្រឈម​មុខ​ជា​មួយ​​កីឡាករ​ខ្លាំង​ជន​ជាតិ​​ ​អាមេរិក។ ​”​ដំបូង​​ឡើយ​យើង​ថា​ដាក់ វ៉ន វីវ៉ា ​ឲ្យ​ប៉ះ​ Thomas របស់​អង់គ្លេស​តែ​ វីវ៉ា គេ​ជាប់​ហ្វឹកហាត់​ត្រៀម​ ស៊ីហ្គេម ដូច្នេះ​​ប្ដូរ​​ឲ្យ ម៉ឺនសុភា ហើយ​​ខាង​អន្តរជាតិ​​គេ​មិន​ទាន់​ឲ្យ​ដំណឹង​ថា​ដៃ​គូ ម៉ឺនសុភា ជា​នរណា​នៅ​ឡើយ​ គេ​ថា​ប្រាប់​ថ្ងៃ​ហ្នឹង​តែ​អត់​ឃើញ។ ​​ទាំង​នេះ​ជា​ការ​​រៀបរាប់​បន្ថែម​របស់​​អ្នក​​គ្រប់គ្រង​ខាង​លើ។

​លោក​ សេរី ឲ្យ​ដឹង​ទៀត​ថា​​ ក្រៅ​​ពី​កីឡាករ​ខ្មែរ​​២​នាក់​ខាង​លើ​នេះ​ នៅ​មាន​​កីឡាករ​​៤​នាក់​ផ្សេង​ទៀត​មក​ពី​ប្រទេស​​នានា​ក្នុង​តំបន់​អាស៊ាន​។ ថ្វី​បើ​លោក​មិន​លម្អិត​ពី​គោល​បំណង​នៃ​កម្មវិធី​ក៏​ពិត​មែន​​ តែ​​​កីឡាករ​សរុប​ទាំង​​​៦​​នាក់​នោះ នឹង​ត្រូវ​ចាប់​គូ​ឲ្យ​ប៉ះ​ដៃ​គូ​មក​ពី​ អន្តរជាតិ​​ ពោល​​កីឡាករ​​៦​នាក់​នៃ​តំបន់​អាស៊ាន​ រាប់​ទាំង​២​នាក់​របស់​កម្ពុជា ត្រូវ​ទទួល​​​កីឡាករ​​បរទេស​​រៀង​ៗ​ លើ​រេញ​តែ​មួយ។

ដោយ​ឡែក​​​ប្រភព​​​បន្ថែម​ថា សំបុត្រ​ចូល​រួម​​ទស្សនា​មាន​តម្លៃ ២​ដុល្លារ​ ៥​ដុល្លារ​ និង​​សំបុត្រ​ VIP ​​តម្លៃ​២៥​ដុល្លារ​​ដែល​​មាន​រៀប​ចំ​ជួន​នូវ​អាហារ​ ភេសជ្ជៈ​ និង​ស្រា​ជា​ដើម ​កំឡុង​​ពេល​អង្គុយ​ទស្សនា​ការ​ប្រកួត៕