អ្នក​គាំទ្រ​បាល់​ទាត់​ខ្មែរ​បាន​ថប់​ដង្ហើម និង​តឹង​ទ្រូង​មិន​ស្ទើរ​កាល​ពី​ម្សិល​មិញ​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ U23 កម្ពុជា និង​ភ្ញៀវ U23 ឡាវ​ក្នុង​ការ​បញ្ចប់​វគ្គ​ជម្រុះ​ពូលB​នៃ​ព្រឹត្តិការណ៍​BIDC Cup 2013។

មុន​អ្នក​នឹង​ស្ដាប់​មតិ​យោបល់​របស់​អ្នក​ជំនាញ​បាល់​ទាត់​ខ្មែរ​ក៏​ដូច​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​នីមួយៗ ប្រិយ​មិត្ត​សូម​ស្ដាប់​ការ​រិះ​គន់​របស់​អ្នក​គាំទ្រ​ដែល​បាន​រអ៊ូរទាំ​អំឡុង​ពេល​ទស្សនា​ការ​ប្រកួត​របស់​កម្ពុជា​កាល​ពី​ម្សិល។

អត្ថបទពាក់ព័ន្ធ៖ “ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​​”​ គួរ​ណាស់​តែ​ស្ដែង​​ឡើង​នៅ​ BIDC Cup

អ្នក​គាំទ្រ​ជា​ច្រើន​រាប់​ពាន​នាក់​បាន​រអ៊ូរទាំ និង​មិន​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​កីឡាករ​កម្ពុជា​ឡើយ​ ខណៈ​ក្រុម​ភ្ញៀវ​ត្រូវ​បាន​កាត់​ក្រហម​បណ្ដេញ​កីឡាករ​ម្នាក់​ហើយ ក៏​ក្រុម​កម្ពុជា​នៅ​តែ​បណ្ដែត​បណ្ដោយ​ឱកាស​ឲ្យ​កីឡាករ​ឡាវ​វាយ​សម្រុក​បាន​តាម​អំពើ​ចិត្ត​រហូត​បាន​នាំ​មុខ​កម្ពុជា​ដល់​ទៅ​ពីរ​ដង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាំទ្រ​តឹងទ្រូង​ស្ទើរ​ប្រេះ។

បុរស​ម្នាក់​ដែល​ពេល​ខ្លះ​ក្រោក​ឈរ ពេល​ខ្លះ​អង្គុយ ហើយ​ពេល​ខ្លះ​យក​ក្រដាស​បោក​ចោល​នឹង​ដី​បាន​និយាយ​ថា ម៉េច​ពួក​ឯង​(កីឡាករ)​ជា​ហេតុ​ជា​សេដ្ឋី​មែន​បាន​ជា​លេង​ដូច​ឆ្គួត​អីចឹង។ គេ​កាត់​ក្រហម​អស់​កីឡាករ​ម្នាក់​ហើយ​ មិន​វាយ​សម្រុក ឬ​កៀប​សង្កត់​គេ​ទេ ពេល​គេ​បាន​បាល់​ចេញ​ពី​កណ្តាល​ទី​ឆ្ពោះ​ទៅ​មុខ​របស់​ខ្លួន​នោះ។ គួរ​ណាស់​តែ​ចូល​ទៅ​កៀប​សង្កត់​ទៅ​ដើម្បី​កុំ​ឲ្យ​គេ​ទាញ​បាល់​ចូល​ទៅ​មុខ​ទី​កម្ពុជា​បាន​ចិត្ត។

អត្ថបទ៖ ហេតុ​អ្វី​ក្រុម​បាល់​ទាត់​កម្ពុជា​ចាញ់​ថៃ​ចាស់​ដៃ​ម្ល៉េះ​ពេល​ជួប​គ្នា​ម្តង​ៗ?

បុរស​ម្នាក់​បាន​ប្រាប់​ថា​ឈ្មោះ ឃឿន មក​ពី​គីឡូម៉ែត្រ​លេខ​៦​បាន​និយាយ​ថា គាត់​តឹង​ចិត្ត​នឹង​ទម្រង់​លេង​របស់​កម្ពុជា​ខ្លាំង​ណាស់។ ពេល​ក្រុម​កម្ពុជា​ជួប​ក្រុម​ខ្លាំង​ដូច​ជា​ម៉ាឡេស៊ី​លេង​បាន​ល្អ​គួរ​សម ប៉ុន្តែ​ពេល​ប៉ះ​ជា​មួយ​ឡាវ​ដែល​ពុំ​សូវ​ខ្លាំង​សោះ កីឡាករ​ក៏​កម្ពុជា​លេង​រឹត​តែ​អន់។

ឃឿង​និយាយ​ថា ៖«​ខ្សែ​ការពារ​អន់​ណាស់​ ធ្វើ​ប្រហែស​ឲ្យ​គេ​ទាត់​ចូល​យ៉ាង​ស្រូល។ ខ្ញុំ​ថប់​ដង្ហើម​ខ្លាំង​ណាស់ ស្ទើរ​អង្គុយ​មើល​មិន​កើត។ កីឡាករ​ខ្មែរ​លេង​មួយ​ប៉ះៗ និង​លេង​មួយ​ៗ​ដើម្បី​ហែក​កម្លាំង​គេ។ ពេល​ជួប​ថៃ បើ​លេង​របៀប​នេះ​មិន​ដឹង​ជា​ទៅ​ជា​យ៉ាង​ណា​ទេ»។

បុរស​ម្នាក់​ទៀត​ដែល​បាន​ឃើញ​កំហុស​របស់​កីឡាករ​កម្ពុជា​លេង​ជា​មួយ​ម៉ាឡេស៊ី​កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​មិន​បញ្ចេញ​មតិ​​។ កាល​លោក​នៅ​មិន​សុខ​ក៏​បង្ហាញ​អារម្មណ៍​ពី​ការ​គាំទ្រ​របស់​គាត់ និង​កំហុស​របស់​កីឡាករ​ខ្មែរ​ដល់​Sabay។

លោក​ប្រាប់​ថា​ឈ្មោះ វិជ្ជា​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​សុំ​ច្បាប់​ពី​កន្លែង​ការងារ​ដើម្បី​បាន​ចេញ​មក​ទស្សនា​ការ​ប្រកួត​បាល់ទាត់​របស់​កម្ពុជា។ លោក​និយាយ​ថា ការ​ប្រកួត​នេះ​លទ្ធផល​មិន​គួរ​ស្មើ​សោះ​ឡើយ​ ខណៈ​ក្រុម​ឡាវ​កាត​ក្រហម​ម្នាក់។ កុំ​​ឡើយ​និយាយ​ដល់​ធ្លាប់​មើល​កីឡា​បាល់​ទាត់ ឬ​អ្នក​ជំនាញ សូម្បី​មនុស្ស​ធម្មតា​ក៏​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​កីឡាករ​ខ្មែរ​ដែរ។

លោក​និយាយ​ថា ៖«ខ្ញុំ​ឃើញ​កីឡាករ​ខ្មែរ​លេង​បាន​ល្អ​គួរ​សម​​នៅ​តង់​ទី​មួយ ប៉ុន្តែ​នៅ​តង់​ទី​ពីរ​កីឡាករ​ខ្មែរ​ហាក់​មើល​ស្រាល​ដៃ​គូ ខណៈ​ដឹង​ថា​គេ​មាន​គ្នា​តែ​១០​នាក់។ ជាក់​ស្តែង​លេង​អត់​ប្រុង​ប្រយ័ត្ន​សោះ​នៅ​ដើម​តង់​ទី​មួយ​​បណ្ដាល​ឲ្យ​គេ​ស៊ី​យ៉ាង​ស្រួល​។ ពេល​នោះ​ខ្ញុំ​តឹង​ចិត្ត​ម្តង តែ​ពេល​គេ​នាំ​មុខ​ជា​លើក​ទី​ពីរ​ខ្ញុំ​ស្ទើរ​ប្រេះ​ទ្រូង​ទៅ​ហើយ»។

តាម​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​ក្រុម​កម្ពុជា​លេង​បាន​ល្អ​នៅ​តង់​ទី​មួយ​​ដោយ​មាន​ឱកាស​ជា​ច្រើន​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ អ្នក​គាំទ្រ​ភាគ​ច្រើន​បំផុត​មើល​ឃើញ​ពី​កំហុស​កីឡាករ​ត្រង់​ការ​លេង​បាល់​ខ្លាច​ខ្លាំង​ពេក មិន​ហ៊ាន​ចូល​ទៅ​កៀប​សង្កត់​គេ ការ​ពារ​ខ្សោយ លេង​មិន​ស៊ី​សង្វាក់​គ្នា និង​មើល​ស្រាល​ដៃ​គូរ​ជា​ដើម។

អត្ថបទ​ពាក់ព័ន្ធ៖ អ្នក​គាំទ្រ​ថា ​កីឡាករ​ខ្មែរគួរ​​កែ​ប្រែ​កំហុស​ខ្លះ​ដើម្បី​យក​ឈ្នះ​ឡាវ

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នក​គាំទ្រ​ខ្មែរ​មើល​ឃើញ​ពី​កំហុស​របស់​កីឡាករ​ខ្មែរ​។ កាល​ក្រុម​កម្ពុជា​ប្រកួត​ជា​មួយ​ម៉ាឡេស៊ី​ក៏​អ្នក​គាំទ្រ​ខ្មែរ​មើល​ឃើញ​កំហុស​ជា​ច្រើន​ដែរ​ដោយ​ពួក​គាត់​ថា កីឡាករ​ខ្មែរ​លេង​បែប​អាត្មានិយម៕

អ្នក​យល់​យ៉ាង​ណា​ដែរ​កាល​ពី​ម្សិល​មិញ?

អត្ថបទ៖ ជាន ចាន់រ៉ា