កំពូល Smartphone របស់​ក្រុមហ៊ុន​ទាំង​ពីរ Apple និង Samsung គឺ iPhone 6 និង Galaxy S5 ចាប់​កក្រើក​យ៉ាង​ខ្លាំង​នៅ​រវាង​ប៉ុន្មាន​ខែ​​ចុង​ក្រោយ​នេះ។ បណ្ដា​សាធារណជន​ជា​ច្រើន​​ ​អន្ទះសា​ចង់​ដឹង​ចង់​ឃើញ​រូបរាង​ពិត​ប្រាកដ​របស់​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​ណាស់។ ទោះ​បី​មិន​ទាន់​ចេញ​រូបរាង​ពិត​ជា​ផ្លូវការ​ក្ដី តែ​រូប​គំរូ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន​មិន​ណយ​ទេ។ ជាក់​ស្ដែង ​ដូច​រូប​គំរូ iPhone 6 និង Galaxy S5 ខាង​ក្រោម​នេះ​អីចឹង។

iPhone 6៖

រូប​គំរូ iPhone 6

បើ​តាម blog របស់​គេហទំព័រ​ចិន C Technology បាន​រាយការណ៍​ទាក់ទិន​នឹង iPhone ជំនាន់​ថ្មី​នេះ​ថា Apple ចាប់​ផ្ដើម​ធ្វើតេស្ត​អេក្រង់ iPhone 6 ដែល​មាន​ទំហំ​ធំ​ជាង​បច្ចុប្បន្ន ពោល​គឺ ៤,៩អ៊ីញ ហើយ​ក៏​នឹង​ពង្រីក​ទំហំ​នៅ​លើ iPhone 5C ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ​ប្រភព​មិន​បាន​បញ្ជាក់​ពី​ទំហំ​ iPhone ជំនាន់​ថ្មី​ឈរ​ក្នុង​ជួរ iPhone 5C នោះ​នៅ​ឡើយ។

ងាក​មក​ដើម​ឆ្នាំ ២០១៣ កាល​ពី​ខែ​មករា មាន​គេហទំព័រ​ចិន​មួយ​គឺ China Time បាន​បញ្ចេញ​ក្ដី​រំពឹង​ទុក​របស់​ខ្លួន​ចំពោះ​អេក្រង់ iPhone 6 ថា ​នឹង​មាន​ទំហំ ៤,៨អ៊ីញ ត្រូវ​គ្នា​នឹង​សំដី​របស់​អ្នក​វិភាគ​លោក Peter Misek ដែល​លោក​ថែម​ទាំង​បាន​អះអាង​ទៀត​ថា នឹង​ជា​ប្រភេទ IGZO screen ផលិតផល​របស់ Sharp។ ទន្ទឹម​នោះ​ក៏​មាន​ការ​លើក​ឡើង​ពី​ទំហំ​អេក្រង់ iPhone 6 ខុស​គ្នា​ទៀត​​​មាន​ ៤,៧អ៊ីញ ៥,៥អ៊ីញ និង ៥,៧អ៊ីញ។

ជា​ចុង​ក្រោយ តាម​របាយការណ៍​ពី NDP DisplaySearch បាន​បញ្ចេញ​ក្ដី​រំពឹង​របស់​ខ្លួន​ថា Apple នឹង​មាន device ថ្មី​ជា iPhablet ដែល​មាន​ពីរ​ទំហំ​ខុស​គ្នា​គឺ ៤,៧អ៊ីញ និង ៥,៧អ៊ីញ នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ​ជា​មិន​ខាន។ តើ​ប្រិយមិត្ត​យល់​យ៉ាង​​ណា ចំពោះ​អេក្រង់​ធំ​ជាង​មុន​បែប​នេះ? តើ​ទំហំ​ប៉ុន្មាន​ឱ្យ​ប្រាកដ ៤,៧អ៊ីញ ៤,៨អ៊ីញ ៥,៥អ៊ីញ ឬ ៥,៧អ៊ីញ? សូម​ទស្សនាវីដេអូ​គំរូ iPhone 6 ដូច​ខាង​ក្រោម៖

អត្ថបទ៖ មែន​អត់ ហ្នឹង iPhone 6?

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ iPhone 6 …

Galaxy S5៖

Samsung បន្ទាប់​ពី​បាន​ជោគជ័យ​ជា​មួយ​កំពូល Smartphone របស់​ខ្លួន Galaxy S4 រួច​មក មួយ​រយៈ​ចុង​ក្រោយ​នេះ ឃើញ​ចាប់​កក្រើក​ជំនាន់​ថ្មី​ទាំង​ហើយ​នោះ​គឺ Galaxy S5។ យ៉ាងណាមិញ សម្រាប់​លើក​នេះ វា​គ្រាន់​ជា​រូប​គំរូ Galaxy S5 ប៉ុណ្ណោះ។ តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ redmondpie បាន​ឱ្យ​ឃើញ​រូប​គំរូ​យ៉ាង​ទំនើប ស្រស់​ស្អាត មាន​សណ្ឋាន​កោង​ងាយស្រួល​កាន់​ប្រើ។

លក្ខណៈ​សម្បត្តិ​ដែល​គេ​រំពឹង​មាន​នៅ​លើ Galaxy S5 គឺ ៖ អេក្រង់ full high-definition ទំហំ ៥អ៊ីញ បំពាក់ 64-bit processor មាន RAM ទំហំ 3GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ​គឺ KitKat ភ្ជាប់​មក​ជា​មួយ TouchWiz user-interface ថ្មី​ស្រស់​ស្អាត។ ទូរសព្ទ​រាង​ឡូយ​ទំហំ ៥អ៊ីញ នេះ​នឹង​ភ្ជាប់​ជា​មួយ​កាមេរ៉ា 16MP ហើយ​គាំទ្រ​ប្រភេទ​វីដេអូ 4K video៕ សូម​ទស្សនា​វីដេអូ​គំរូ Galaxy S5 ដូច​ខាង​ក្រោម៖

អត្ថបទ៖ Samsung អះអាង​ទំហំ​កាមេរ៉ា​របស់ S5 និង Note 4 ថា​មាន 16MP

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ Galaxy S5 …

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ redmondpie, idownloadblog