Breaking News
Loading...
Monday, November 4, 2013

ចាប់ខ្លួន​ប៉ូលិស​ ក្រសួង​មហា​ផ្ទៃ​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ប្រើ​អំពើ​ហិង្សា​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា ​លើ​ទ្រព្យ​សម្បត្តិ​ អ្នក​ដទៃ


រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៣១ តុលា ២០១៣ បានចាប់បញ្ជូន មន្ត្រីប៉ូលិស ក្រសួងមហាផ្ទៃម្នាក់ ទៅកាន់សាលាដំបូង រាជធានី ពាក់ព័ន្ធប្រើអំពើហិង្សា ធ្វើឱ្យខូចខាត ដោយចេតនា លើទ្រព្យសម្បត្តិអ្នកដទៃ។

មន្ត្រីប៉ូលិសដែលត្រូវចាប់បញ្ជូនទៅតុលាការឈ្មោះជា ចាន់ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ បម្រើការងារ នៅអង្គភាពនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ២២០០AB ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ដើមចម នៃការចាប់ខ្លួន មន្ត្រីប៉ូលិសរូបនោះ យោងតាមដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់តំណាងអយ្យការ សាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ឧសភា ២០១៣ ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៣ លោកច័ន្ទ រ៉ាពិសិដ្ឋ ជាមេធាវីបានបើករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវមុនី្នរ៉េតពីច្រមុះជ្រូកស្ថានីយប្រេងឥន្ធនៈសូគីម៉ិចស្ទឹងមានជ័យសំដៅចូលរាជធានីភ្នំពេញ។ លុះរថយន្តលោកមេធាវី បើកមកដល់ចំណុចភូមិដំណាក់ធំស្រាប់តែឈ្មោះជា ចាន់ណារ៉ា បានបើករថយន្តម៉ាកកាមរីបាឡែន១គ្រឿងដេញតាមបំបុកពីក្រោយ និងកៀររថយន្តលោកច័ន្ទ រ៉ាពិសិដ្ឋ ឱ្យឈប់។ ពេលរថយន្តលោកមេធាវីឈប់ភ្លាមឈ្មោះជា ចាន់ណារ៉ា បានស្ទុះឡើង ទៅឈរ លើក្បាលរថយន្ត លោកមេធាវី ដោយបានកាច់ផ្លិតទឹក វាយបំបែកកញ្ចក់រថយន្ត មេធាវី បណ្តាលឱ្យមានការ ភ្ញាក់ផ្អើល ដល់អ្នកដំណើរទៅចោមរោមមើលរហូតមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង។

ពេលវាយបំបែកកញ្ចក់ រថយន្តមេធាវីហើយ ឈ្មោះជា ចាន់ណារ៉ា បានហក់ចុះទៅយកកាំភ្លើងខ្លី១ដើមពីក្នុងរថយន្តរបស់ខ្លួន រួចដើរសំដៅ ទៅរកលោកមេធាវី ពេលនោះត្រូវបាន នគរបាលទៅទាន់ ក៏ចាប់ខ្លួនឈ្មោះជា ចាន់ណារ៉ា នាំទៅកាន់ស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ។ នៅពេលទៅដល់ ស្នាក់ការនគរបាល ឈ្មោះជា ចាន់ណារ៉ា បានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ច ចាប់បានមកវិញ។ តែការឃាត់ខ្លួននោះមិនបានមួយដង្ហើមចង្រិតផង ក៏មានអន្តរាគមន៍ដោះលែងទៅវិញបាត់។

មូលហេតុដែលឈ្មោះជា ចាន់ណារ៉ា បើករថយន្តបំបុករថយន្តរបស់លោកមេធាវីដោយសារឃើញអតីតប្រពន្ធ និងកូនស្រី២នាក់ កំពុងជិះក្នុងរថយន្ត លោកមេធាវី ដែលនាងបានពឹងពាក់ ឱ្យការពារក្តី ក្នុងសំណុំរឿង លែងលះដើម្បីបែងចែកទ្រព្យសម្បត្តិ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved