ក្រុម​បាល់ទាត់​U23 កម្ពុជា​ពេល​ជួប​ក្រុម​បាល់ទាត់​U23 ថៃ​ម្តង​ៗ​តែង​ទទួល​រង​បរាជ័យ​ចាស់​ដៃ។ តើ​មាន​មូលហេតុ​អ្វី​បាន​ជា​ទទួល​ផល​អាក្រក់​បែប​នេះ ខណៈ​ជួប​ក្រុម​ខ្លាំង​ភូមិ​ផង​របង​ជាមួយ​គ្នា​ស្ទើរ​រក​គ្រាប់​បាល់​គ្មាន​មួយ ប៉ុន្តែ​ពេល​ជួប​ជា​មួយ​ក្រុម​ខ្លាំង​នៅ​ប្រទេស​អាស៊ាន​ដូច​គ្នា​យ៉ាង​ហោច​ណាស់​ក៏​អាច​​ស៊ី​សង​គ្នា​បាន​ខ្លះ​ដែរ។​

ក្រុម U23 កម្ពុជា

ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​ លោក​ រិទ្ធ​ ឌីកា​ ដែល​បាន​ដឹកនាំ​ក្រុម​ U19 ទៅ​ប្រកួត​នៅ​ ឥណ្ឌូណេស៊ី​ ថ្មីៗ​កន្លង​ទៅ​នេះ​ ឲ្យ​ដឹង​ថា៖​«កាល​ពី​មុន​អញ្ចឹង​មែន​ កីឡាករ​យើង​ទៅ​ប្រកួត​មាន​តែ​កម្លាំង​មួយ​មុខ​គត់​ ខ្វះ​បច្ចេកទេស​ និង​ចិត្តសាស្ត្រ​ យើង​បាន​ត្រឹម​ដេញ​បាល់​គេ​ ដល់​ពេល​អស់​កម្លាំង​ដេញ​ គេ​លត់​យក​ៗ​តែ​ម្ដង។​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​ ថៃ​ឬ​វៀតណាម​ មិន​អាច​ស៊ី​យើង​លើស​ពី​៣​គ្រាប់​ឡើយ​ ព្រោះ​ក្រុម​យើង​មាន​ការ​ការវិវឌ្ឍន៍​ច្រើន​ជាង​មុន។​ ណាមួយ​ឥលូវ​ខ្មែរ​យើង​មាន​គ្រូ​ A License ច្រើន​ បទពិសោធន៍​ច្រើន​ កត្តា​ទាំង​នេះ​អាច​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​លេង​របស់​កីឡាករ​យើង​ដែរ»។​

អត្ថបទពាក់ព័ន្ធ៖ ហេតុ​អ្វី​អ្នក​គាំទ្រ​ដើរ​ចេញ​ពេល​ក្រុម​របស់​ខ្លួន​ត្រូវ​គេ​នាំ​មុខ​ជិត​​​ចប់​​ការ​ប្រកួត​?

«ម្យ៉ាង​ការ​លេង​ក្រៅ​ទឹកដី​ បង្ក​ផល​វិបាក​ដល់​យើង​ច្រើន​ ទាំង​អាកាសធាតុ​ ស្ថានភាព​ទូទៅ​ អ្នកគាំទ្រ​ ម៉ោង​ប្រកួត​ ជា​ពិសេស​ម្ហូប​អាហារ​ហ្នឹង​តែ​ម្ដង​ ជាហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ ហើយ​ទម្រង់​លេង​ក៏​ធ្លាក់​ទៅ​តាម​ហ្នឹង​ដែរ។​ យ៉ាង​ណា​ ខ្ញុំ​ទទួល​ស្គាល់​ថា​ ថៃ​ ខ្លាំង​មែន​ ព្រោះ​គេ​អភិវឌ្ឍន៍​មុន​យើង​ឆ្ងាយ​ ក្លិប​របស់​គេ​៣​លេង​ក្នុង​ AFC Champions League ទៀត​ផង​ ចំណែក​ វៀតណាម​ ដូចជា​មិន​សូវ​ល្អ​ដូច​មុន​ទេ​ យើង​អាច​ប្រដំប្រសង​ជាមួយ​គេ។​ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ មិន​យូរ​ទេ​យើង​នឹង​មាន​លទ្ធផល​ស៊ីសង​គ្នា​ជាមួយ​គេ​ ព្រោះ​ទាំង​គ្រូបង្វឹក​ ទាំង​ថ្នាក់​ដឹកនាំ​ និង​កីឡាករ​មាន​ឆន្ទះ​ខ្ពស់​ក្នុង​ការ​នាំ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ» គ្រូ​បង្វឹក​ដដែល​បញ្ជាក់​បន្ថែម។​

តាម​ប្រវត្តិ​ជួប​គ្នា​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម U23 កម្ពុជា​បរាជ័យ​ក្រោម​ស្នាដៃ U23​ ថៃ​ ០-៤ ក្នុង​ឆ្នាំ​២០១១ ហើយ​ព្រឹត្តិការណ៍​នេះ​ដដែល​ក្នុង​ឆ្នាំ​២០០៩ កម្ពុជា​បរាជ័យ​ដោយ​សារ​​ថៃ ០-៤​ទៀត និង​ឆ្នាំ​២០០៧​កម្ពុជា​បរាជ័យ​ធ្ងន់​ក​ដោយ​លទ្ធផល​០-៨​ទៀត។ ចំពោះ​ការ​ជួប​គ្នា​ជា​មួយ​វៀតណាម​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០០៩ កម្ពុជា​ចាញ់​១-៦។

ក្រុម​បាល់ទាត់U23ថៃ

ប្រកួត​ប្រកួត​ខ្លះ​ៗ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមឆ្នាំ​២០០៧, ២០០៩ និង​២០១១

២០១១ កម្ពុជា ០-៤ ថៃ
២០១១ កម្ពុជា ១-៤ ម៉ាឡេស៊ី
២០១១ កម្ពុជា ១-២ សិង្ហបុរី
២០១១ កម្ពុជា ០-៦ ឥណ្ឌូនេស៊ី

២០០៩ កម្ពុជា ០-៤ ម៉ាឡេស៊ី
២០០៩ កម្ពុជា ៤-១ ទីម័រខាងកើត
២០០៩ កម្ពុជា ០-៤ ថៃ​
២០០៩ កម្ពុជា ១-៦ វៀតណាម

២០០៧ កម្ពុជា ១-៣ ឥណ្ឌូណេស៊ី
២០០៧ កម្ពុជា ០-៨ ថៃ
២០០៧ កម្ពុជា ២-៦មីយ៉ាន់ម៉ា

ប្រវត្តិ​ខ្លះ​ៗ​ខាង​លើ​គ្រាន់​តែ​លើក​យក​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ផ្សេង​ៗ​ទៀត​ក្រុម​បាល់ទាត់​កម្ពុជា​ក៏​រង​បរាជ័យ​ខ្លាំង​ដែរ។​

អត្ថបទ​ពាក់ព័ន្ធ៖ គ្រូ​ថៃ​និយាយ​អ្វី​ខ្លះ​ក្រោយ​ឈ្នះ​មីយ៉ាន់ម៉ា ៣ – ១?

តើ​ប្រិយ​មិត្ត​​ពិត​ចង់​ឲ្យ​ក្រុម​បាល់ទាត់​កម្ពុជា​បំបាក់​ក្រុម​ថៃ​ម្តង​ទេ​ ប្រសិន​កម្ពុជា​អាច​ជួប​ក្រុម​ថៃ​​នៅ​ព្រឹត្តិការណ៍​BIDC CUP 2013​ដែល​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ?