Breaking News
Loading...
Monday, November 25, 2013

តារាចំរៀង មិនល្បីឈ្មោះ បែកគំនិត លក់គ្រឿងញៀន ត្រូវ អ.ហ ផ្លូវជាតិលេខ៤ ក្របួចជាប់


ព្រះសីហនុ៖ តារាចំរៀង តាមហាងបៀរហ្គាឌិនម្នាក់ នៅភ្នំពេញ រកប្រាក់ចាយមិនគ្រប់ បែកគំនិត មកលក់គ្រឿងញៀន ជាមួយសង្សារនៅខេត្តព្រះសីហនុ ត្រូវ អ.ហ ក្របួចជាប់ ខណៈ ដែលមិត្តប្រុសរត់រួចក្នុងចំការដូងប្រេង ពេលដែល មក ធ្វើសកម្មភាពចែកចាយគ្រឿងញៀនលើកទី៤ហើយ ត្រូវសមត្ថកិច្ចបង្រ្កាប។

លោកវរសេនីយ៍ត្រី គឹម ធន ប្រធានស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថលេខ៤០១ ការពារតាមបណ្តោយ ផ្លូវជាតិ លេខ៤ បានប្រាប់ឱ្យដឹងថា ដោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធ ហត្ថ ខេត្តព្រះសីហនុ និងលោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ លោកបានដឹកនាំកំលាំង ចុះទៅធ្វើការបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ កាល ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលា ម៉ោង ១៦និង១៥នាទី នៅចំនុចចំការដូងប្រេង ស្ថិតក្នុងក្រុម៥ ភូមិតានៃ ឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទូច ស្រីដា អាយុ២៤ឆ្នាំ ជាតារាចំរៀងនៅ បៀរហ្គាឌិន សម្រស់រាជនី នៅរាជធានីភ្នំពេញ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ស្រ្តីសង្ស័យរូបនេះ ជាមុខ សញ្ញាចាស់ និងជាអ្នកលក់ និងចែកចាយយ៉ាងសកម្មបំផុត ដោយក្នុងរយៈពេលមិនដល់១ខែ ផងបានមកធ្វើសកម្មភាព ៤ដងទៅហើយ ហើយទីតាំង ដែលគេធ្វើសកម្មភាព លក់និងចែកចាយនោះ គឺនៅក្នុងភូមិតា នៃដោយលក់ឱ្យប្រជា ពលរដ្ឋក្នុងភូមិនោះ និងអ្នកចំនូលថ្មីផងដែរ ។ ដោយលើកនេះគ្រាន់តែលេខមុខភ្លាម សមត្ថកិច្ចបានបានរាយការណ៍ ទៅថ្នាក់លើ ហើយក៏បានទទួលបញ្ជាឱ្យបង្រ្កាប ក៏នាំចេញប្រតិបត្តិកាភ្លាមៗផងដែរ តែដោយជនសង្ស័យដឹងខ្លួនមុន ក៏នាំគ្នាបើកម៉ូតូគេចចូលចំការដូងប្រេង រួចដួលម៉ូតូ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់បានតារាអ្នកចំរៀងនេះ បានម្នាក់ ខណៈ ដែលមិត្តប្រុសរបស់តារាចំរៀងរូបនេះ ជាអ្នកបើកម៉ូតូ បានរត់ចូលចំការដូងប្រេងគេចខ្លួនបាត់ទៅ ។

ចំពោះវត្ថុតាងរឹបអូសបានរួមមាន៖ ម៉ូតូម៉ាក YAMAHA មួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង ដបទឹកសុទ្ធសំរាប់ជក់ គ្រឿង ញៀន១ បំពង់បឺត៣ ដែកកេះ៣ ថង់ច្រកគ្រឿងមួយចំនួន ចំពោះគ្រឿងញៀនត្រូវជនសង្ស័យបោះចោលក្នុង ចំការដូង ប្រេងពេលសមត្ថកិច្ចដេញតាមពីក្រោយ ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ លេខ៤០១រៀបចំសំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំពេញនីតិវិធីច្បាប់ បញ្ជូនបន្តទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved