Breaking News
Loading...
Wednesday, November 6, 2013

អគ្គិភ័យ កំណាច បំផ្លាញ ឃីក្លឹប សម្លាប់ប្រពន្ធប្អូនប្រុស និងបុគ្គលិក របស់ថៅកែ ក្នុងអណ្ដាតភ្លើង (មានវីដេអូ)


ភ្នំពេញ ៖ អគ្គិភ័យកំណាច ដែលបណ្ដាល មកពីការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង ក្លឹប និងជាងផ្សារ ដែកបានបណ្ដាលឱ្យធ្លាក់ កម្ទេចភ្លើងចំសាឡុង សម្រាប់អង្គុយក្នុង បន្ទប់ខារ៉ាអូខេ បានធ្វើឱ្យធ្វើឆាបឆេះ ក្លឹប កំសាន្ដពេលយប់ យីហោ ឃីក្លឹប ដែលមាន ទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទួល រកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបណ្ដាលឱ្យប្រពន្ធរបស់ ថៅកែក្លឹប ប្អូនប្រុសបង្កើត របស់ថៅកែក្លឹប និងបុគ្គលិក គ្រប់គ្រងឃ្លាំងនៅក្នុងក្លឹបបាន ស្លាប់យ៉ាងវេទនាក្នុងអណ្ដាតភ្លើង មួយ ពព្រិច ភ្នែក ។

យោងតាមប្រភពព័ត៌មាន ពីសាក្សី និង ប្រជាពលរដ្ឋ ដែលរស់នៅក្បែរក្លឹបកំសាន្ដ ដែលអ្នកខ្លះបាននាំគ្នា ជញ្ជូនឥវ៉ាន់ចេញពីផ្ទះ ខ្លាចអគ្គិភ័យរីករាលដាល ទៅកាន់លំនៅ ដ្ឋានរបស់ពួកគាត់នោះ បាននិយាយថា នៅ វេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ នេះ ពួកគាត់បានឃើញ ផ្សែង និងភ្លើង ហុយចេញពីក្នុងក្លឹបរាំកំសាន្ដ ពេលយប់មួយនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ទាក់ទងទៅរថយន្ដពន្លត់អគ្គិភ័យ មកជួយ អន្ដរាគមន៍បាញ់ពន្លត់ ប៉ុន្ដែ ដោយសារតែ ស្ថានភាព មានការលំបាក និងមានភាពស្មុគ ស្មាញ ក្នុងការជួយអន្ដរាគមន៍នោះទើប បណ្ដាលឱ្យផ្ដាច់ជីវិតមនុស្ស ៣នាក់ ក្នុង អណ្ដាតភ្លើង ក្នុងនោះរួមមាន ប្រពន្ធរបស់ ថៅកែក្លឹប ប្អូនប្រុសបង្កើតរបស់ថៅកែក្លឹប ដែលជា អ្នកមើលការទូទៅ និងបុគ្គលិកម្នាក់ ដែលកាន់ឃ្លាំងនៅក្នុងក្លឹប ។

ប្រធានការិយាល័យ បង្ការ និងពន្លត់ អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ លោកវរសេនីយ៍ ទោ នេត វត្ថា បាន ប្រាប់ក្រុម អ្នកកាសែតនៅកន្លែងកើតហេតុ ថា ក្នុងប្រតិបត្ដិការជួយអន្ដរាគមន៍អគ្គិភ័យ ឆេះក្លឹបកំសាន្ដឈ្មោះ ឃី ក្លឹបខាងលើនេះ កម្លាំងសមត្ថកិច្ច របស់លោក បានប្រើរថយន្ដ ពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រហូតដល់រលត់ ប៉ុន្ដែគួរឱ្យសោកស្ដាយជាទីបំផុត ដែលធ្វើ ឱ្យមនុស្ស ៣នាក់ ដែលកំពុងស្ថិតនៅ ក្នុង ក្លឹបមើលការខុសត្រូវ ក្នុងការជួសជុល និង កែលំអរក្លឹបបន្ថែមនោះបានស្លាប់ ដោយ សារភ្លើង ។

លោក នេត វត្ថា បានបញ្ជាក់ថា ក្នុង ប្រតិបត្ដិការជួយអន្ដរាគមន៍ ពន្លត់អគ្គិភ័យ នេះពិតជាមានលក្ខណៈ ស្មុគស្មាញ និងលំបាក ដោយសារតែ ថៅកែក្លឹបបានធ្វើក្លឹបរបស់ ខ្លួនសាំញ៉ាំពេក ពិបាកចូលទៅបាញ់ពន្លត់ និង ជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងស្ថិត នៅក្នុងក្លឹប ។ ម្យ៉ាងវិញទៀត ថៅកែក្លឹប មានដាក់បំពង់ ពន្លត់អគ្គិភ័យដែរ ក៏ប៉ុន្ដែ នៅពេលកើតហេតុ បែរជាមិនយកទៅប្រើ ប្រាស់ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ យ៉ាងដូច្នេះ ។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិ ភ័យរូបនេះបានបញ្ជាក់មូលហេតុថា អគ្គិភ័យខាងលើ បណ្ដាលមក ពីជាងផ្សារដែក បាន និងកំពុង ជួសជុលបន្ទប់បន្ថែម និងកែ លំអរក្លឹប ស្រាប់តែកម្ទេចភ្លើងបានធ្លាក់មកចំ សាឡុង និងពូកសម្រាប់អង្គុយនៅក្នុង បន្ទប់ខារ៉ាអូខេ ទើបបណ្ដាលឱ្យ មានអគ្គិភ័យ កើតឡើងតែម្ដងទៅ ខណៈដែលជនរងគ្រោះ ៣នាក់មានស្រីម្នាក់ ប្រុស២ កំពុងមើលការ ខុសត្រូវនៅក្នុងក្លឹប ត្រូវបានភ្លើងឆាប ឆេះ ស្លាប់នៅក្នុងអណ្ដាតភ្លើងតែម្ដង ជួយសង្គ្រោះ មិនទាន់នោះឡើយ ។

លោក នេត វត្ថា បានស្ដីបន្ទោសផងដែរ  ចំពោះការធ្វេសប្រហែស របស់ជាងផ្សារ ដែក ពីព្រោះមិនបាន យកបំពង់ពន្លត់អគ្គិ ភ័យទៅដាក់ នៅក្បែរខ្លួន ដើម្បីជួយអន្ដរា គមន៍បាញ់ពន្លត់នៅពេលមានរឿងកើត ឡើង ។

លោក នេត វត្ថា បានបញ្ជាក់ថា បូករួម ទាំងគ្រោះអគ្គិភ័យលើកនេះ នោះចំនួនអគ្គិ ភ័យដែលបានកើត ឡើង ក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០១៣ នេះ មានចំនួន ៩២ករណី បណ្ដាលឱ្យស្លាប់ ៦នាក់ និងរបួស ១១នាក់ ព្រមទាំងខូចខាត បាត់បង់ទ្រព្យសម្បត្ដិអស់ ជាច្រើនទៀត ។

ជាថ្មីម្ដងទៀត លោក នេត វត្ថា បាន អំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុង ប្រយ័ត្នខ្ពស់ ជាពិសេសនៅក្នុង រដូវរំហើយ នេះ ធ្វើយ៉ាងណា កុំឱ្យមានអគ្គិភ័យកើត ឡើង នៅតាមផ្ទះរបស់ខ្លួន ហើយបើទទួល ព័ត៌មាន និងកើតមានគ្រោះអគ្គិភ័យនេះបង ប្អូនប្រជាពលរដ្ឋ អាចទូរស័ព្ទទៅលេខ៦៦៦ របស់មន្ដ្រីពន្លត់អគ្គិភ័យ នោះនឹងចេញមក ជួយអន្ដរាគមន៍ភ្លាមៗ ។

លោក នេត វត្ថា ក៏បានអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលរកស៊ីបើកក្លឹបកំសាន្ដ ខារ៉ា អូខេត្រូវគិតគូរឱ្យបាន ហ្មត់ចត់ពីកន្លែងសុវត្ថិ ភាពកុំធ្វើស្មុគស្មាញពេក ជាហេតុធ្វើឱ្យមាន ការលំបាក ក្នុងការជួយអន្ដរាគមន៍ នៅ ពេល ដែលមានអគ្គិភ័យនេះកើតឡើង ។សម្រាប់ ការអំពាវនាវរបស់លោក លោក នេត វត្ថា បានបញ្ជាក់ ថា ប្រសិនបើតាមសហគ្រាស ក្រុមហ៊ុន ឬរោងចក្រត្រូវការគ្រូបង្គោលទៅ បង្ហាត់បង្រៀន ក្នុងការទប់ស្កាត់ គ្រោះអគ្គិ ភ័យ លោកអាចបញ្ជូនមន្ដ្រីរបស់ខ្លួនទៅ បង្រៀនបាន ដើម្បីរួមចំណែកការពារកុំឱ្យ មានគ្រោះ អគ្គិភ័យនេះកើតឡើង ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា សពជនរងគ្រោះទាំង៣ត្រូវ បានសមត្ថកិច្ច និងអាជ្ញា ធរខណ្ឌមានជ័យ យកទៅតម្កល់ទុក នៅវត្ដចាក់អង្រែក្រោម ដើម្បីប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។អាជ្ញាធរ មូលដ្ឋានបានបញ្ជាក់ថា ភរិយារបស់ថៅកែ ក្លឹប ដែលស្លាប់ ក្នុង អណ្ដាតភ្លើងយ៉ាងវេទនា នោះ ឈ្មោះ យឹម សុវណ្ណដេត អាយុជាង ៣០ឆ្នាំ និងប្អូនប្រុសរបស់ថៅកែឈ្មោះ ធឿន ខណៈដែលបុគ្គលិកកាន់ឃ្លាំងមិនទាន់ ស្គាល់ឈ្មោះនៅឡើយ ៕

























ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved