Breaking News
Loading...
Wednesday, November 13, 2013

កាម​រី​ពន្លះ​ជា​មួយ​កាម​រី​ត្រង់​ផ្លូវ​កោង​អស់​មុខ​ទាំង​សង​ខាង​ សំណាង​ល្អ​ម្ចាស់​អត់​មាន​គ្រោះ​ថ្នាក់​


ខេត្តប៉ៃលិន ៖ រថយន្តកាមរី ១គ្រឿង បើកបរក្នុងល្បឿនលឿនត្រង់ចំណុច ផ្លូវកោងបាំងគុម្ពោធព្រៃ និងដើមឈើ ជ្រុលចង្កូតទៅបុករថយន្តកាមរី ១គ្រឿងទៀត ដែលបើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យខ្ទេចមុខទាំងសងខាង តែសំណាងល្អម្ចាស់ទាំងពីរនាក់ អត់មានរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី១០ វិច្ឆិកា ២០១៣ ត្រង់ចំណុចផ្លូវកោងស្ថិតនៅ លើផ្លូវលំមួយខ្សែក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។

ជនបង្កហេតុឈ្មោះ សុខ វ៉ាន់ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកបើកបររថយន្តឈ្នួល រស់នៅភូមិដូង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បើកបររថយន្តម៉ាកកាមរីស៊េរីឆ្នាំ៩៤ ចង្កូតឆ្វេង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9686 បើកបរក្នុងទិសដៅពីកើតទៅលិច ជិះម្នាក់ឯង រថយន្តខ្ទេចផ្នែកខាងមុខ និងបែកកង់មុខខាងឆ្វេង រងការខូចខាតប្រហែល ៦០ភាគរយ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ុន ខិ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអតីតយោធាចូលនិវត្តន៍ រស់នៅភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ជិះម្នាក់ឯង រថយន្តម៉ាកកាមរី ពណ៌ស្លែ ស៊េរីឆ្នាំ៩៤ ចង្កូតឆ្វេង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0293 ខ្ទេចមុខផ្ទុះពោងការពារសុវត្ថិភាពទាំងសងខាង បែកកង់មុខខាងឆ្វេងដូចគ្នា រងការខូចខាតប្រហែល ៥០ភាគរយ បើកបរក្នុងទិសដៅពីលិចទៅកើត។

លោកអនុសេនីយ៍ត្រី យូ សាម៉េត នាយផ្នែកចរាចរណ៍ជើង គោកស្រុកសាលាក្រៅ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាកកាមរីពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោង ស្រាប់តែរថយន្តបើកបរយ៉ាងលឿនបណ្តាល ឲ្យជ្រុលចង្កូតទៅខាងឆ្វេងដៃ ស្របពេលដែលរថយន្តជនរងគ្រោះបើកបរក្នុង ទិសដៅពីលិចទៅកើត បណ្តាលឲ្យបុកគ្នាយ៉ាង ពេញទំហឹងរងការខូចខាតទាំងសងខាង។

លោក យូ សាម៉េត បន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោកស្រុកសាលាក្រៅ បានទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា អ្នកបើករថយន្តកាមរីទាំងសងខាងអត់មានរងគ្រោះថ្នាក់ ឬរបួសអ្វីនោះទេ តែភាគីពីរបានជជែកគ្នាឡើងតឹងសរសៃរ.កយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចអូសយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំភាគីទាំងពីរចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved