អតីត​តារា​ស្រី​កាលីប​ខ្ពស់​បី​នាក់​ដែល​បាន​បាត់​មុខ​រាប់​ឆ្នាំ​ហើយ​នោះ បាន​លេច​មុខ​យ៉ាង​កម្រ​ក្នុង​ពិធី​មង្គល​ពិធីការិនី​ល្បី​ឈ្មោះ អ្នក​នាង គង់ សុជាតិ និង​លោក ជា វិបុល កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។

អ្នក​ទាំង​បី​នាក់​នោះ មាន​អ្នក​នាង ស្រី​តូច ចំណាន អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី និង​អ្នក​នាង ទូច ស្រី​នាង។ពួក​គេ បាន​បន្សាត់​ខ្លួន​ចេញ​ពី​សិល្បៈ​រាប់​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​បាន​បែក​ផ្លូវ​គ្នា​មាន​ស្វាមី​រៀង​ៗ​ខ្លួន ក្នុង​នោះ​ម្នាក់​ៗ​សុទ្ធ​តែ​រស់​ក្នុង​ជីវភាព​យ៉ាង​ហ៊ឺហា ហើយ​ខ្លះ​មាន​ងារ​ជា​សេដ្ឋី​នី​ផង។

អ្នក​នាង ស្រី​តូច ចំណាន ត្រូវ​បាន​គេ​ដឹង​ថា​ជា​តារា​ដែល​មាន​ជីវភាព​ស្តុកស្តម្ភ​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​បី បន្ទាប់​ពី​ដក​ខ្លួន​ពី​សិល្បៈ ក្នុង​នោះ​រាល់​ដំណើរ​របស់​អ្នក​នាង តែង​មាន​អង្គរក្ស​ឆ្វេង​ស្តាំ​តាម​ការពារ​សុវត្ថិ​អ្នក​នាង​ជា​និច្ច។ បង្ហាញ​វត្តមាន​ក្នុង​រាត្រី​នោះ ក្នុង​សំលៀក​បំពាក់​រ៉ូប​ក្រហម​យ៉ាង​សិចស៊ី អ្នក​នាង ទទួល​បាន​ការ​ស្វាគមន៍​ជា​ច្រើន​ពី​អ្នក​សិល្បៈ។

លោក អេនឌី ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​ជាមួយ​តារា​ស្រី​ល្បី​ៗ​ជា​ច្រើន​នោះ បាន​ប្រាប់​ថា លោក​ភ្ញាក់​ផ្អើល​មែន​ទែន​ពេល​ឃើញ​អ្នក​នាង ស្រី​តូច ចំណាន លេច​មុខ​ក្នុង​ពិធី។ លោក​ថា “ខ្ញុំ​ធ្លាប់​តែ​ជួប​គាត់​តាម​តែ​ទូរស័ព្ទ​ទេ ហើយ​ខាន​បាន​ជួប​ផ្ទាល់​អីចឹង​យូរ​ហើយ។ គាត់​នៅ​តែ​ស្អាត និង​រួស​រាយ​ដដែល អត់​មាន​ប្លែក​សោះ តាំង​ពី​នៅ​ប្រឡូក​សិល្បៈ មក​ដល់​ឥឡូវ​នៅ​តែ​អីចឹង”។

ដោយ​ឡែក អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី ក៏​ដូច​គ្នា អតីត​តារា​ស្រី​រូប​នេះ ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​រស់​ក្នុង​ជីវភាព​ហ៊ឺហា​ដែរ បន្ទាប់​ពី​អ្នក​នាង បាន​ស្វាមី​ជា​មន្ត្រី​ប៉ូលីស​អន្តរជាតិ(Interpol) ហើយ​អ្នក​នាង ផ្ទាល់​ក៏​មាន​ជំនួញ​ដី​ធ្លី​ជា​ច្រើន​កន្លែង និង​មាន​នាទី​កាន់​កាប់​ក្រុម​ហ៊ុន​មួយ​ចំនួន​ផង។ នៅ​ក្នុង​អតីតកាល អ្នក​នាង បូរមី ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​ស្អាត​ទាំង​បួន​ដួង(ស្រី​តូច ចំណាន ពេជ្រ ច័ន្ទ​បរមី សៀម ស្រីណុច និង​ឡាយ លក្ខិណា)ដែរ។


អ្នក​នាង បាន​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​អំឡុង​ឆ្នាំ២០០០ ក្រោយ​ចូល​ប្រឡូក​អំឡុង​ចុង​ទសវត្សរ៍​៩០។ លោក អេនឌី បាន​រៀប​រាប់​ពី​ភាព​ជាក់​ស្តែង​ថា អ្នក​នាង ពេជ្រ ច័ន្ទបូរមី នៅ​តែ​រួសរាយ​ជាមួយ​មិត្ត​ចាស់ ហើយ​សម្រស់​ក៏​នៅ​តែ​ស្អាត​ដូច​មុន។

អ្នក​នាង ទូច ស្រីនាង បង​ស្រី​បង្កើត​របស់​អ្នក​នាង ទូច ស្រី​លក្ខណ៍ តារា​សម្ដែង​យ៉េយ៉េ។ អតីត​តារា​ចម្រៀង​រូប​នេះ ក៏​ជា​តារា​ល្បី​ជំនាន់ អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី និង​ស្រីតូច ចំណាន​ដែរ។ អ្នក​នាង លេច​ធ្លោ​ខ្លាំង​អំឡុង​ឆ្នាំ ២០០១ ដល់ ២០០៣ ប៉ុន្តែ​អ្នក​នាង​បាន​ទម្លាក់​ចោល​ការងារ​សិល្បៈ ក្រោយ​បាន​ស្វាមី​ជា​ជន​បរទេស ហើយ​ទៅ​រស់​នៅ​ប្រទេស​អង់គ្លេស។


យ៉ាង​ណា អ្នក​នាង បាន​វិល​ត្រឡប់​មក​នៅ​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​រស់​នៅ​ស្រុក​គេ​បាន​មួយ​រយៈ​ពេល​ខ្លី។ ជីវភាព​ក្រោយ​វិល​ត្រឡប់​នេះ អ្នក​នាង ទូច ស្រី​លក្ខណ៍ ត្រូវ​បាន​ស្វាមី​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ឲ្យ​មើល​ការ​ខុស​ត្រូវ បន្ទាប់​ជំនួញ​ហាង​ពេជ្រ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម បាន​ដួល​រលំ។

ជា​សរុប​មក អតីត​តារា​ស្រី​ល្បី​ឈ្មោះ​ទាំង​បី​នាក់​ខាង​លើ មាន​សក្ដានុពល​មិន​លើស​ខ្វះ​គ្នា​ឡើយ ទាំង​ទ្រព្យ​សម្បត្តិ និង​រូប​សម្ផស្ស បើ​ទោះ​បាន​ដក​ខ្លួន​ច្រើន​ឆ្នាំ​ក៏​ដោយ។

យ៉ាង​ណា ប្រិយមិត្ត​ទស្សនា​ទៅ​មើល ថា​តើ​នរណា​ស្អាត​ជាង​គេ?

អត្ថបទ៖ ទារិកា