យុវជន​ខ្មែរ​ទាំង​ពីរ​នេះ​បើ​ទោះ​ជា​មាន​ប្រភព​កំណើត ការ​អប់​រំ និង​ចំណេះ​ជំនាញ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​ចំណុច​រួម​តែ​មួយ​ដែល​ពួក​គេ​មាន​ដូច​គ្នា​នោះ គឺ​ថា​ពួក​គេ​ទាំង​ពីរ ចូល​ចិត្ត​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​នៅ​ជុំ​វិញ​ខ្លួន ទទួល​បាន​ភាព​សប្បាយ​រីករាយ។

ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ គឺ​លោក តេង សាម៉ៅ ត្រូវ​បាន​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម Facebook ស្គាល់​ច្បាស់​ថា ជា​អ្នក​លេង​វេទមន្ត​តាម​ដង​ផ្លូវ(Street Magic) ដំបូង​ដ៏​មាន​ប្រជា​ប្រិយភាព​របស់​កម្ពុជា។ ក្នុង​បទ​សម្ភាសន៍​កន្លង​មក​ជាមួយយើងខ្ញុំលោក សាម៉ៅ ដែល​មក​ពី​ខេត្ត​បាត់ដំបង បាន​ប្រាប់​ថា “ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ឲ្យ​គ្រប់​គ្នា​សើច​សប្បាយ ហើយ​នេះ គឺ​ជា​គុណ​សម្បត្តិ​របស់ Magic ដែរ គឺ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល រំភើប​សប្បាយ និង​ចង​ចាំ​យើង ដូច្នេះ​ហើយ​ខ្ញុំ​ចាប់​ផ្តើម​ចូល​ចិត្ត​វា​ដែរ!”។

របៀប​ដែល​លោក តេង សាម៉ៅ និយម​ធ្វើ​ឡើង​បង្ក​ការ​សប្បាយ​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​នោះ គឺ​លោក​ដើរ​សម្ដែង​វេទមន្ត(Magic)តាម​ទី​សាធារណៈ​ផ្សេង​ៗ ជាមួយ​របៀប​លេង​​ខុស​ៗ​ពី​គ្នា ហើយ​ផលិត​ជា​វីដេអូ​ឃ្លិប​បង្ហោះ​លើ​បណ្ដាញ Facebook និង Youtube ចែក​ចាយ​ជូន​ប្រិយមិត្ត​បាន​ទស្សនា​កម្សាន្ត។

មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ដែរ លោក ស៊ីវភិន ចុង យុវជន​មក​ពី​ខេត្ត​ស្ទឹង​ត្រែង បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​លីមកុកវីង​ជំនាញ Design ក៏​និយម​ធ្វើ​វីដេអូ​កំប្លែង​ប្លែក​ៗបង្ហោះ​លើ​បណ្ដាញ​ទំនើប Facebook និង Youtube ធ្វើ​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា​កម្សាន្ត​សើច​សប្បាយ​ដែរ។

យ៉ាង​ណា​របៀប​សម្ដែង​របស់ ស៊ីវ​ភិន ចុង គឺ​ខុស​ពី​លោក តេង សាម៉ៅ ដោយ​អ្វី​ដែល​លោក​រមែង​ធ្វើ គឺ​ប្រើ​ទេពកោសល្យ​ពី​កំណើត និង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន សម្ដែង​កាយ​វិការ និង​សាច់​រឿង​ខ្លី​ប្លែក​ៗ។ យុវជន​រូប​នេះ បាន​និយាយ​ជាមួយយើងខ្ញុំកន្លង​មក​ថា “មិន​ដឹង​ថា​ម៉េច​ទេ គឺ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អី​ប្លែក​ៗ​អីចឹង​តាម៉ង…ពេល​ខ្លះ​មើល​ការ​សម្ដែង​ខ្លួន​ឯង ដូច​ខ្មាស​ៗ​ដែរ(សើច)”។


លោក ស៊ីវ​ភិន ចុង ក្នុង​បទសម្ភាសន៍​ជាមួយយើងខ្ញុំកន្លង​មក

ជា​សរុប​មក ទាំង​លោក តេង សាម៉ៅ និង ស៊ីវភិន ចុង សុទ្ធ​ជា​បុគ្គល​ដែល​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ដែល​មាន​ជំនាញ​រៀង​ខ្លួន ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ជុំ​វិញ​ខ្លួន​ទទួល​បាន​ភាព​សប្បាយ​រីករាយ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ពួក​គេ​ទាំង​មាន​ការ​គាំទ្រ​ខ្លាំង​នៅ​លើ​បណ្ដាញ​ទំនើប​រៀង​ៗ​ខ្លួន។

ដូច្នេះ​ពេល​ហើយ សម្រាប់​ប្រិយមិត្ត​បង្ហាញ​ថា ខ្លួន​ជា​អ្នក​គាំទ្រ​នរណា​ម្នាក់​ចំណោម​ពួក​គេ។ តែ​យ៉ាង​ណា…សូម​ទស្សនា​ស្នាដៃ​ចុង​ក្រោយ​ពួក​គេ មុន​ពេល​ប្រាប់​ថា​តើ តេង សាម៉ៅ ឬ ភិន ចុង ធ្វើ​ឲ្យ​អ្នក​សប្បាយ​ជាង​គេ?

ស្នាដៃ​ចុង​ក្រោយ​របស់​ លោក តេង សាម៉ៅ “SAMAO THE MYSTERY MAN”

ស្នាដៃ​ចុង​ក្រោយ​របស់លោក ស៊ីវភិន ចុង Holy Sping