បើ​ហៅ​ឈ្មោះ​​ពិត​ Alessandro Rosa Vieira ​ប្រហែល​មិន​សូវ​មាន​អ្នក​ស្គាល់​ទេ ពីព្រោះ​ក្នុង​កីឡា​ហ៊្វូតសាល​ កំពូល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា Falcão។ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ល្បីល្បាញ​ខ្លាំង​ណាស់​នៅ​ទូទាំង​ពិភពលោក ជាមួយ​នឹង​ទេពកោសល្យ​អស្ចារ្យ​​ខាង​ញាក់​បាល់​និង​ស៊ុត​ច្បាស់​ៗ​ប្រកប​ដោយ​កម្លាំង​ជើង ដែល​ធ្វើ​ឱ្យ​គេ​​ក្លាយ​ជា​កីឡាករ​ហ៊្វូតសាល​ល្អ​ផ្ដាច់​គេ​លើ​ភព​ផែនដី​ប្រចាំ​ឆ្នាំ​២០០៤,២០០៦​និង​២០១១។

អតីត​កីឡាករ​បាល់ទាត់​របស់​ក្លិប São Paulo ខាង​លើ ​រួម​ចំណែក​ជួយ​ឱ្យ​ ​ក្រុម​ហ៊្វូតសាល​ជម្រើស​ជាតិ​ប្រេស៊ីល​ឈ្នះ​ជើងឯក​ពិភពលោក​ FIFA Futsal World Cup ​ពីរ​លើក​ជាប់​គ្នា ​ពោល​គឺ​ឆ្នាំ​២០០៨​នៅ​ប្រេស៊ីល​និង​២០១២​ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ថៃ។

​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​យើងខ្ញុំ​មាន​វីដេអូ​ក្លីប​ខ្លី​មួយ​បង្ហាញ​ពី​ល្បិច​ពោរពេញ​ដោយ​បច្ចេកទេស​របស់​ Falcao ​ក្នុង​ការ​ទាត់​បាល់​ពិន័យ​ហ៊្វ្រីឃីក ​ដែល​បាន​បោក​បញ្ឆោត​ខ្សែ​ការពារ​និង​អ្នកចាំទី​ឱ្យ​រឹង​ជើង​រៀង​ៗ​ខ្លួន​ឈរ​មើល​បាល់​ហោះ​កោង​ចូល​ទី។