ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ទើប​តែ​ចេញ​បាន ២-៣សប្ដាហ៍​សោះ ឥឡូវ​ស្រាប់​តែ​អនុប្រធាន​ផ្នែក​វិស្វកម្ម iOS លោក Henri Lamiraux បាន​ប្រកាស​ចូលនិវត្តន៍ និង​សម្រេច​ចាកចេញ​ពី​ក្រុមហ៊ុន​ភ្លាមៗ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គេហទំព័រ 9to5Mac។

អត្ថបទ៖Apple ក្លាយក្រុមហ៊ុន​មាន​​ស្លាកយីហោ​ល្បី​បំផុត​លើ​លោក

បើ​ក្រឡេក​មើល​ទៅ​លើ Facebook របស់​លោក នឹង​បាន​ឃើញ​ព័ត៌មាន​ដែល​លក់​បាន​បញ្ជាក់​នៅ​លើ​នោះ។ លោក Lamiraux បាន​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន Apple តាំង​ពី​ឆ្នាំ ១៩៩០ ក្នុង​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​ដឹកនាំ​ដោយ​លោក Scott Forstall តាំង​ពី​ផលិត iPhone ជំនាន់​ដំបូង iPhone 2G ឬ iPhone Original។ មិន​តែ​ប៉ុណ្ណោះ លោក​​ក៏​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​កាន់​កាប់​ប៉ាតង់​មួយ​ចំនួន​ដូច​ជា visual voicemail ជា​ដើម។

គិត​រហូត​មក​ដល់​ពេល​​នេះ គឺ​អស់​រយៈពេល ២៣​ឆ្នាំ​ហើយ។ Lamiraux ចាប់​ផ្ដើម​ការងារ​ដំបូង​នៅ Apple ជា​វិស្វករ Software លើ Mac។ ក្រោយ​មក ដោយ​លោក​មាន​សមត្ថភាព ក្រុមហ៊ុន​បាន​ដំឡើង​លោក​ក្លាយ​ជា អ្នក​គ្រប់គ្រង​ផ្នែក​វិស្វកម្ម Mac Software ​ជា​ប្រធាន​អភិវឌ្ឍ Software សម្រាប់ iOS និង​ជា​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ប្រព័ន្ធ​ប្រតិបត្តិការ iOS។ ក្រុម iOS ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ ២០០៥ ដែល​ក្នុង​ចំណោម​វិស្វករ​មួយ​ចំនួន មាន​លោក Lamiraux ជា​អ្នក​ធ្វើ​ការជា​មួយ​​គម្រោង iPhone។

បុគ្គល​សំខាន់​រូប​នេះ បាន​ជួយ​ជា​ច្រើន​នូវ​រាល់​ការ​សិក្សា​អំឡុង​សន្និសីទ Developer ទូទាំង​ពិភពលោក​ប្រចាំ​ឆ្នាំ WWDC។ ពុំ​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​អំពី ថា​នរណា​នឹង​មក​ជំនួស​តំណែង​ជា​អ្នក​ដឹកនាំ​វិស្វករ iOS របស់​លោក។

អត្ថបទ៖ Apple លេប​ចំណែក​ទីផ្សារ Smartphone ៤០%​ តែ​ឯង​នៅ​អាមេរិក