កូឡុំប៊ី​បាន​កក់​កៅអី​ទៅ​ World Cup នៅ​ប្រេស៊ីល​ឆ្នាំ​ក្រោយ​ជា​ស្វ័យប្រវត្តិ ក្រោយ​វាយ​បក​តាម​ស្មើ ៣-៣ ទល់​នឹង​ឈីលី​ក្នុង​វគ្គ​ជម្រុះ​តំបន់​អាមេរិក​ខាង​ត្បូង​យប់​មិញ​នេះ។ លទ្ធផល​ស្មើ​នេះ​គឺ​គ្រប់គ្រាន់​ឲ្យ​កូឡុំប៊ី​ជាប់​ទៅ​World Cup លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក ពោល​គឺ​ទៅ​តាម​អាហ្សង់ទីន ដែល​ដឹង​ខ្លួន​ជាប់​ស្វ័យប្រវត្តិ​កាល​ពី​ខែ​មុន។

នៅ​ក្នុង​ការ​ប្រកួត​នេះ ឈីលី​បាន​នាំ​មុខ​កូឡុំប៊ី​ដល់​ទៅ​៣គ្រាប់ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​របស់​កីឡាករ​ក្លិប​សេះ​បង្កង់​ Juventus, Arturo Vidal នៅ​នាទី​១៨ ខណៈ​២គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ Alexis Sanchez របស់​ក្លិប​អ្នក​មាន​បុណ្យ Barcelona នៅ​នាទី​២១ និង​២៩។ យ៉ាង​ណា​ក្ដី នៅ​នាទី​៦៦ ឈីលី​បាន​បាត់បង់​សមាជិក​ម្នាក់ ក្រោយ​ Carlos Carmora ទទួល​កាត​លឿង​២ដង ដែល​ធ្វើ​ឲ្យ​អ្វីៗ​ត្រូវ​ប្រែប្រួល។

កូឡុំប៊ី​ បាន​វាយ​បក​វិញ​៣គ្រាប់​មិន​គួរ​ឲ្យ​ជឿ​នៅតង់​ទី​២។ ១គ្រាប់​ដំបូង​របស់​ក្រុម​នេះ ធ្វើ​បាន​ដោយ Teofilo Gutierrez នៅ​នាទី​៦៩ រីឯ​២គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​របស់​​ខ្សែ​ប្រយុទ្ធ​ក្លិប Monaco, Radamel Falcao នៅ​នាទី​៧៥ និង​៨៤។

លទ្ធផល​នេះ ធ្វើ​ឲ្យ​កូឡុំប៊ី​ កើន​ដល់​២៧ពិន្ទុ ឈរ​លេខ​២​ក្នុង​តារាង​បន្ទាប់​ពី​អាហ្សង់ទីន។ ចំណែក​ឈីលី​វិញ ក៏​មាន​ភាគរយ​ខ្ពស់​ដែរ​ថា​នឹង​អាច​ជាប់​ទៅ​ប្រេស៊ីល ពោល​គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​កៅអី​ Play-off  នោះ​ដែរ។

កីឡាករ​ក្រុម​កូឡុំប៊ី​អបអរ​ក្រោយ​ចប់​ការ​ប្រកួត

​ក្នុង​ចំណោម​ក្នុង​ទាំង​៩ ក្នុង​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ ​មាន​៤ក្រុម​បាន​ធ្លាក់​ស្វ័យប្រវត្តិ​ហើយ គឺ វេណេហ្ស៊ុយអេឡា ប៉េរូ ប៉ារ៉ាហ្គាយ និង​បូលីវី។ នៅ​តំបន់​នេះ កៅអី​៤កន្លះ​ត្រូវ​បាន​ផ្ដល់​ឲ្យ ដូច្នេះ​៤ក្រុម​ខាង​លើ​តារាង​នឹង​បាន​ទៅ World Cup ស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​៥ ត្រូវ​ប្រកួត play-off ទល់​នឹង​ក្រុម​លេខ​៥​តំបន់​អាស៊ី (ហ្សកដានី)។ ​​

តារាង​ពិន្ទុ​ក្រោយ​ការ​ប្រកួត​យប់​មិញ៖

ក្រុម​២​លើ​ជាប់​ស្វ័យ​ប្រវត្តិ ខណៈ​ក្រុម​៣​បន្ទាប់ យ៉ាង​ហោច​ជាប់​ play-off (លេខ​៥)

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖

អត្ថបទ​ទាក់ទង​​ World Cup ផ្សេង​ទៀត​ សូម​ចុច​អាន​ត្រង់​នេះ