Robin van Persie បាន​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ ​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់​ជម្រើស​ជាតិ​ហុល្លង់ ក្រោយ​ធ្វើ​បាន​ហ៊ែតទ្រីក​ក្នុង​វគ្គ​ជម្រុះ World Cup ទល់​នឹង​ហុងគ្រី​យប់​មិញ​នេះ។

៣គ្រាប់​បន្ថែម​ដែល​ជួយ​ឲ្យ​ហុល្លង់​លត់​ហុងគ្រី​ចាស់​ដៃ​ ៨-១ នោះ បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ក្លិប​បិសាច​ក្រហម Manchester United រូប​នេះ កើន​គ្រាប់​បាល់​ដល់​ ៤១ គ្រាប់ បំបែក​កំណត់ត្រា​ចាស់​របស់ Patrick Kluivert ដែល​ធ្លាប់​ធ្វើ​បាន​ ៤០គ្រាប់​មុន​ចូល​និវត្តន៍។

Van Persie អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

ទោះ​បី​ជា​ហុល្លង់​បាន​ដឹង​ខ្លួន​ថា ​ជាប់​ទៅ​ប្រេស៊ីល​ជា​ស្វ័យប្រវត្តិ​តាំង​ពី​ខែ​មុន​ហើយ​ក៏​ដោយ ក៏​ក្រុម​នេះ​មិន​បាន​ប្រណី​ហុងគ្រី​ដែល​ត្រូវ​ការ​ពិន្ទុ​ចាំ​បាច់​ដើម្បី​បន្ត​ដង្ហើម​នា​វគ្គ​ជម្រុះ​នោះ​ឡើយ។ ហ៊ែតទ្រីក​​របស់ RVP កើត​ឡើង​នៅ​នាទី​១៦, ៤៤ និង​៥៣ ខណៈ​៥គ្រាប់​ផ្សេង​ទៀត​ធ្វើ​បាន​ដោយ Kevin Strootman (នាទី​២៥) Jeremain Lens (នាទី​៣៨) Nigel de Jong (នាទី​៦៤) Arjen Robben (នាទី​៩០) និង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​របស់​កីឡាករ​ Szllard Devecseri នៅ​នាទី​៦៥។ ចំណែក​១គ្រាប់​សង​វិញ​របស់​ក្រុម​ភ្ញៀវ​ហុងគ្រី កើត​ឡើង​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​របស់​កីឡាករ Balazs Dzsudzsak នៅ​នាទី​៤៧។

ខ្សែ​ប្រយុទ្ធ​វ័យ ​៣០ឆ្នាំ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា ៖ “វា​ពិត​ជា​អស្ចារ្យ​ណាស់​ ជា​ពិសេស​គឺ​ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ (របួស​មេ​ជើង)។ គ្រូ​បង្វឹក​បាន​សម្រេច​ដាក់​ខ្ញុំ​ឲ្យ​លេង​នៅ​១ម៉ោង​មុន​ការ​ប្រកួត”។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​​នោះ ​គឺ​ក្រោយ​ស៊ុត​បំបែក​កំណត់ត្រា​រួច​ហើយ Van Persie បាន​រត់​ឱប​ម្ចាស់​កំណត់ត្រា Kluivert ដែល​អង្គុយ​​ទស្សនា​ក្នុង​នាម​ជា​ជំនួយ​ការ​គ្រូ​បង្វឹក Louis van Gaal។

Persie បាន​ចាប់​ផ្ដើម​ជាប់​ក្នុង​ជម្រើស​ជាតិលើក​ដំបូង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៥ ពេល​ហុល្លង់​ប៉ះ​រ៉ូម៉ានី។ ការ​ស៊ុត​បង្គ្រប់​គ្រាប់​ទី​៤១​របស់​គេ​យប់​មិញ​នេះ គឺ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​៨០៕

ចាំ​មើល​មើល៍ ថា​តើ​អតីត​ខ្សែ​ប្រយុទ្ធ​​ក្លិប Feyenoord និង Arsenal រូប​នេះ អាច​បន្ត​បង្ក​ព្យុះ​ភ្លៀង​បាន​ទៀត​ឬ​ទេ​ នៅ World Cup ឆ្នាំ​ក្រោយ?

Persie រត់​ឱប Kluivert ក្រោយ​ស៊ុត​បញ្ចូល​ទី​បំបែក​កំណត់ត្រា

អាន​អត្ថបទ​ផ្សេង​ទៀត​​ទាក់ទង​នឹង World Cup សូម​ចុច​ត្រង់​នេះ។