ក្លិប​បាល់ទាត់​ TriAsia Phnom Penh FC​ បាន​ចំណាយ​ទឹកប្រាក់​ជិត​បី​ពាន់​ដុល្លារ​អាមេរិក​ ទៅ​ឲ្យ​ក្លិប​ខេត្ត​ស្វាយរៀង​ ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​ សុក​ ចាន់រស្មី​ មក​ពង្រឹង​ក្រុម​ត្រៀម​ជើង​ព្រួល​វគ្គ​ Play-off ដែល​ការ​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ពុធ​ សបា្តហ៍​មុន​។​ នេះ​បើ​តាម​សាមី​ខ្លួន​ សុក​ ចាន់រស្មី។​

ខ្សែប្រយុទ្ធ​ដដែល​បន្ត​ថា​ ការ​ចាកចេញ​របស់​ខ្លួន​មិនមែន​មក​ពី​ មាន​រឿង​រកាំរកូស​ក្នុង​ក្លិប​អ្វី​នោះ​ទេ​ គ្រាន់​តែ​ចង់​ផ្លាស់​ក្លិប​ម្ដង​ ត្បិត​រួមរស់​ជាមួយ​ស្វាយរៀង​ជាង​៧​ឆ្នាំ​ហើយ​ ម្យ៉ាង​ចង់​ទុក​ឱកាស​ឲ្យ​សិស្ស​ប្អូន​រួម​ក្លិប​ បញ្ចេញ​សមត្ថភាព​ម្ដង។​ តាម​ពិត​កុងត្រា​ជាមួយ​ ស្វាយរៀង​ នៅ​សល់​រហូត​ដល់​ឆ្នាំ​២០១៥​ តែ​អ្នកគ្រប់គ្រង​ក្លិប​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ និង​យល់ព្រម​ក្នុង​ការ​ផ្ទេរ​ចេញ​ ដោយ​ TriAsia ផ្ដល់​តម្លៃ​ខ្លួន​ឲ្យ​ក្លិប​ដើម​ក្នុង​ទំហំ​ទឹកប្រាក់​ពី​២៥០០​ដុល្លារ​ទៅ​៣០០០​ដុល្លារ។​


សុក ចាន់រស្មី កាល​​លេង​​ក្នុង​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ឲ្យ​ ​ស្វាយរៀង​កន្លង​មក

“ទោះ​ជា​ចាកចេញ​ក៏​ដោយ​ តែ​ខ្ញុំ​នៅ​តែ​នឹកនា​ដល់​ស្វាយរៀង​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ លោកគ្រូ​ ក៏​ដូច​ជា​មិត្ត​រួម​ក្លិប​ទាំងអស់​ នឹង​នៅ​តែ​ធ្វើ​បាន​ល្អ​ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ AFC President’s Cup 2014 ខាង​មុខ​នេះ។​ ចំពោះ​ការ​ជ្រើស​យក​ Tri-Asia ជា​ទ្រនំ​ថ្មី​នេះ​ ដោយសារ​ខ្ញុំ​មើល​ឃើញ​ថា​ ក្លិប​ថ្មី​មួយ​នេះ​មាន​ទស្សនៈ​វិស័យ​ច្បាស់លាស់​ ចំណែក​គ្រូបង្វឹក​ និង​អ្នក​គ្រប់គ្រង​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​កក់ក្ដៅ​ថែម​ទៀត។​ ខ្ញុំ​សង្ឃឹម​ថា​ Tri-Asia នឹង​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ ប្រកប​ដោយ​សក្ដានុពល​ក្នុង​លីក​កំពូល​កម្ពុជា​”។​ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​បន្ថែម។​

សុក​ ចាន់រស្មី​ ចាប់​អាជីព​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​២០០៥​-០៦​ ជាមួយ​ក្លិប​បៀលប្រាយ​យូណាយធីត​ ហើយ​បាន​ផ្លាស់​ទៅ​ស្វាយរៀង​ (កាល​នោះ​ជា​ ព្រះខ័នរាជ)​ នា​ឆ្នាំ​បន្ទាប់។​ ឆ្នាំ​២០០៨​ លេង​លក្ខណៈ​ខ្ចី​ជើង​ឲ្យ​ Spark FC ហើយ​ក៏​ជា​ឆ្នាំ​ដែល​កីឡាករ​រូប​នេះ​ ទទួល​បាន​រង្វាន់​ស្បែកជើង​មាស​ ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន​១២​គ្រាប់​ ក្នុង​ព្រឹត្តិការណ៍​ Hun Sen Cup 2008​ ៕​