ខ្សែ​បម្រើ​ក្លិប​បិសាច​ក្រហម Manchester United, Marouane Fellaini អាច​នឹង​សម្រាក​ព្យាបាល​របួស​ដល់​ទៅ​៧សប្ដាហ៍ ឬ​ហូត​ដល់​ខែ​ធ្នូទើប​អាច​ត្រលប់​ចូល​លេង​វិញ​បាន។ ប៉ុន្តែ​ក្រោយ​ពេល​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ Man Utd បង្ហោះ​ព័ត៌មាន​នេះ​ បែរ​ជា​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ក្លិប​នេះ​ក្នុង​ន័យ​អវិជ្ជមាន​ទៅ​វិញ ពោល​គឺ​មិន​មែន​ជា​សារ​ជូន​ពរ​ឲ្យ​កីឡាករ​បែលហ្សិក​សក់​ច្រើន​រូប​នេះ​ឆាប់​ជា​នោះ​ទេ។

Fellaini (ក្រហម) ពេល​ប្រកួត​កន្លង​មក

នៅ​ក្នុង​ការ​ប្រកាស​ព័ត៌មាន​នោះដែរ ក៏​មាន​​ឃ្លា​បញ្ជាក់​ឲ្យ​អ្នក​គាំទ្រ​​ចូល​រួម​ជូន​ពរ Fellaini ឲ្យ​ឆាប់​ជា​ផង​ដែរ​ គឺ “Join us in wishing Fellaini a swift recovery”។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​សរសេរ​ Comment តប​វិញ ​គឺ​ខ្លះ​សរសេរ​​ថា​ជា​ដំណឹង​ល្អ ខ្លះ​ទៀត​បន់​ឲ្យ​របួស​យូរ​ជាង​នេះ​ទៅ​វិញ។ ចង់​ដឹង​ច្បាស់​ សូម​មើល​ comment អវិជ្ជមាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

យ៉ាង​ណា​ក្ដី ក្រៅ​ពី​ comment អវិជ្ជមាន​ខាង​លើ​​ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​សរសេរ​ក្នុង​ន័យ​វិជ្ជមាន​ខ្លះ​ដែរ។

បើ​យោង​តាម​អ្នក​ចាត់ការ​ David Moyes បាន​ឲ្យ​ដឹង​ថា​ Fellaini រង​របួស​ក​ដៃ ដែល​អាច​ឆ្លង​កាត់​ការ​វះកាត់។ កីឡាករ​ដែល​ Man Utd ទិញ​ពី​ Everton ក្នុង​តម្លៃ​២៧,៥លាន​ផោន​រូប​នេះ ត្រូវ​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​​ក្រុម​ជម្រើស​ជាតិ​​បែលហ្សិក។ ក្រៅ​ពី​ខកខាន​លេង​ឲ្យ​ Man Utd ខ្សែ​បម្រើ​វ័យ​២៥ឆ្នាំ ក៏​នឹង​មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បែលហ្សិក​ក្នុង​វគ្គ​ជម្រុះ World Cup ទល់​នឹង​ក្រូអាត និង​វែល​ផង​ដែរ។ ​

Fellaini បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១នាក់​ដំបូង​បាន​៣ប្រកួត និង​លេង​ជា​កីឡាករ​បម្រុង​ចំនួន​២ប្រកួត។ សម្រាប់​ប្រិយមិត្ត​វិញ មាន​អ្វី​និយាយ​ដែរ?