ក្រុមនិស្សិតឆ្នាំទី៥ ផ្នែកអគ្គិសនី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញ Robot ដ៏ឆ្លាតវៃ ក្នុងកម្មវិធីសិក្ខាសាលា និងពិព័រណ៍បច្ចេកវិទ្យា BarCamp ឆ្នាំ២០១៣ ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) តាំងពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ។
សូមចុចអាន៖ យុវជនខ្មែរបង្ហាញហ្គេមបកប្រែជាភាសាជាតិ
រ៉ូបូត (Robot) ដែលមិនត្រូវបានដាក់ឈ្មោះឱ្យនោះ ត្រូវបានរចនាឡើងមានរូបរាង និងមុខងារជាត្រាក់ទ័រចូកដី (excavator) ដោយបានបង្ហាញសមត្ថភាពចាប់យកដបទឹកសុទ្ធដែលគេញ៉ាំរួចយកទៅដាក់ក្នុងធុងសំរាមគួរឱ្យកោតស្ញប់ស្ញែង។
និស្សិតឆ្នាំ៥ ផ្នែកអគ្គិសនីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបួនប្រាំនាក់ បានឈរបញ្ជាឧបករណ៍បញ្ជាពីចម្ងាយ ដើម្បីបង្ហាញសមត្ថភាព Robot ដែលក្រុមរបស់គេបានចំណាយពេលជាង ១ខែ ដើម្បីធ្វើវាឡើង ដល់យុវជនជាច្រើននាក់ ដែលបានចូលរួមកម្មវិធី BarCamp កាលពីថ្ងៃសៅរ៍កន្លងទៅ។
សូមចុចអាន៖ Asva The Monkey របស់ខ្មែរជាប់ Top 5 នៅតំបន់អាស៊ាន
យុវជន ព្រំ សីហា ដែលបានចូលរួមស្រាវជ្រាវ និងផលិត Robot ទាំងពីរនោះ បានបញ្ជាក់ប្រាប់យើងខ្ញុំថា ក្រុមរបស់ប្អូនមានគ្នាជាង ៣០នាក់ បានរចនា Robot នេះឡើង សម្រាប់គម្រោងសិក្សាស្រាវជ្រាវដែលលោកគ្រូរបស់គេបានដាក់ឱ្យធ្វើ។
យុវជន សីហា បានរៀបរាប់ទៀតថា Robot នេះត្រូវបានក្រុមប្អូនទិញឧបករណ៍មួយចំនួនដូចជា តួ ឬគ្រោងឆ្អឹង របស់វាពីកន្លែងលក់អេតចាយ ដោយយកមកច្នៃដោយខ្លួនឯង។ ចំពោះ គ្រឿងអគ្គិសនី និងអេឡិចត្រូនិក ផ្សេងៗទៀត ដូចជា រ៉េស៊ីស្តង់ កុងដង់ អាំងឧុចតង់ ម៉ូទ័រ និងអ៊ីសេ (Intergrated Circuit) ត្រូវបានសាស្ត្រាចារ្យរបស់ សីហា ឧបត្ថម្ភឱ្យ ហើយការផលិត robot នេះក៏ទទួលបានការបង្ហាត់បង្ហាញផ្នែកបច្ចេកទេសពីសាស្ត្រាចារ្យរបស់គេដែរ។
ក្នុងការរចនានេះដែរ ក្រុមរបស់ប្អូនបាន រចនាផ្នែកមេកានិច អេឡិចត្រូនិក (Hardware) និងបានសរសេរកម្មវិធី (Software) ដើម្បីឱ្យរ៉ូបូតនេះអាចបញ្ជាដោយឧបករណ៍បញ្ជាពីចម្ងាយ។ បន្ទាប់មកទៀត បានអភិវឌ្ឍដៃរ៉ូបូត (ទិញពីកន្លែងលក់អេតចាយ) សម្រាប់បំពាក់លើ robot ដើម្បីឱ្យវាអាចលទ្ធភាពចាប់យកវត្ថុផ្សេងៗបាន។
សូមចុចអាន៖ យុវជនខ្មែរមួយក្រុមប្រើបច្ចេកវិទ្យា NFC ដើម្បីលើកស្ទួយវិស័យទេសចរណ៍
និស្សិតឆ្នាំទី ៥ រូបនេះ បានបង្ហើបទៀតថា ក្រៅពីក្រុមរបស់គេ នៅមានក្រុមនិស្សិតមួយក្រុមទៀតកំពុងស្រាវជ្រាវ និងផលិត robot ដែលមុខងាររាវមីន បំពាក់ទៅដោយបច្ចេកទេសទំនើប។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាស្ថាប័នរដ្ឋមួយក្នុងចំណោមស្ថាប័នរដ្ឋ និងឯកជនជាច្រើនទៀតដែលកំពុងតែផ្ដល់ការបណ្ដុះបណ្ដាលជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដល់និស្សិតខ្មែរ។ ITC មាននិស្សិតដែលសិក្សានៅដេប៉ាតឺម៉ង់អគ្គិសនីចំនួនជាង ៤០០ នាក់ក្នុងមួយឆ្នាំៗ។ លោកសាស្ត្រាចារ្យ ខូវ មករា គ្រូឧត្ដមសិក្សាផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្លាប់បានប្រាប់យើងខ្ញុំថា ចំនួនធនធានមនុស្សផ្នែកវិស្វកម្មដែលផលិតដោយសាលាតិចណូ នៅមិនទាន់ឆ្លើយតបទៅនឹងបរិមាណតម្រូវការលើទីផ្សារការងារ ក្នុងស្រុកនៅឡើយទេ៕
0 comments:
Post a Comment