អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho បាន​ដើរ​ចេញ​ពី​សន្និសីទ​សារព័ត៌មាន​ត្រៀម​ប្រកួត UEFA Champions League យប់​នេះ​ ទាំង​កណ្ដាល​ទី ដោយ​សារ​ខឹង​រឿង​អ្នក​កាសែត​សួរ​ពី​បញ្ហា​កីឡាករ​ដែល​លោក​មិន​ដាក់​ឲ្យ​ចូល​លេង។

លោក Jose Mourinho បញ្ជា​កូន​ក្រុម​នា​ការ​ប្រកួត​កន្លង​មក

ការ​ក្ដៅ​ស្លឹកត្រចៀក​នោះ គឺ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​បាន​សួរ​អំពី​ការ​ដក​ឈ្មោះ​កីឡាករ​ Kevin de Bruyne ពី​ក្នុង​ក្រុម​សម្រាប់​ប្រកួត​ទល់​នឹង Steaua Bucharest។ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​បែលហ្សិក​រូប​នោះ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​មក​​រ៉ូម៉ានី​នោះ​ទេ ខណៈ​មិត្ត​រួម​ជាតិ​របស់​គេ គឺ Eden Hazard ក៏​អវត្តមាន​ដែរ ប៉ុន្តែ​ដោយ​សារ​បញ្ហា​របួស។

ការ​ខឹង​នេះ គឺ​ដោយ​សារ​តែ​លោក​បាន​ធុញទ្រាន់​នឹង​សំណួរ​ដដែលៗ ពោល​គឺ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ មាន​សំណួរ​ជា​ច្រើន​សួរ​អំពី​បញ្ហា​មិន​ដាក់ Juan Mata ឲ្យ​លេង ហើយ​ពេល​នេះ​ឈាន​ដល់​រឿង​ De Bruyne ទៀត។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ក្នុង​ន័យ​ឌឺដង​មុន​ដើរ​ចេញ​ពី​សន្និសីទ​កាសែត​​ថា៖ “នេះ​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​គ្មាន​អ្នក​ណា​ម្នាក់​សួរ​ខ្ញុំ​ពី​ Mata។ អ្នក​បាន​និយាយ​ពី Mata ៣សប្ដាហ៍​មក​ហើយ ហើយ​ពេល​នេះ​អ្នក​និយាយ​ពី Kevin de Bruyne ទៀត។ តើ​អ្នក​មិន​ចាប់​អារម្មណ៍​នឹង​កីឡាករ​ដែល​ត្រូវ​លេង​​ខ្លះ​ទេ​ឬ? អ្នក​បាន​ចាប់​អារម្មណ៍​តែ​កីឡាករ​ដែល​មិន​បាន​លេង​ប៉ុណ្ណោះ។ គាត់​ (Bruyne) មិន​ត្រូវ​បាន​ជ្រើសរើស។ វា​ជា​ការ​សម្រេច​របស់​ខ្ញុំ។ មាន​តែ​១១នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​​ចូល​លេង ហើយ​មាន​តែ​១៨នាក់​ប៉ុណ្ណោះ​ដែល​អាច​​ត្រូវ​បាន​ជ្រើស​យក”។

Kevin de Bruyne

Kevin De Bruyne ជា​កីឡាករ​វ័យ​២២ឆ្នាំ​ដែល​តោ​ខៀវ​ទិញ​ពី​ក្លិប Racing Genk កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ក្នុង​រដូវ​កាល​ដំបូង (២០១២-២០១៣) ក្លិប​នេះ​បាន​ឲ្យ​ Werder Bremen ខ្ចី​ជើង។ ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ Chelsea បាន​យក​មក​វិញ ព្រម​ទាំង​​ដាក់​ឲ្យ​លេង​បាន​២ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​នេះ។ យ៉ាង​ណា​ក្ដី ក្នុង​ជំនួប​រវាង​ក្លិប​នេះ ទល់​នឹង​ក្រុម Spurs សប្ដាហ៍​មុន Bruyne មិន​មាន​ឈ្មោះ​​នោះ​ទេ។

ងាក​មក​មើល​ Chelsea វិញ កាល​ពី​ប្រកួត​​បើក​ឆាក​​ UCL ក្នុង​ពូល E ក្រុម​ជើង​ឯក​ឆ្នាំ​២០១២​​ មួយ​នេះ បាន​ចាញ់​ក្រុម​ស្វីស Basel ២-១ ក្នុង​ដី​ខ្លួន​ឯង។ តើ​ការ​ប៉ះ​ក្រុម​នៅ​រ៉ូម៉ានី​នៅ​យប់​នេះ​វិញ យ៉ាង​ណា​ដែរ?