នៅ​សល់​តែ ២ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ស្វែង​រក​ក្រុម​ឡើង​ទៅ​លេង​ក្នុង​ពាន​រង្វាន់ មិត្តហ្វូនខេមបូឌានលីក ២០១៤ នឹង​ចាប់​ផ្ដើម​ហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រុមហ៊ុន TriAsia Group ដែល​មាន​​ក្លិប​បាល់ទាត់​ផ្ទាល់​ខ្លួន មាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិកាណ៍​នោះ​បាន​សហការណ៍​ជាមួយ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ផ្ដល់​សំណាង​ដល់​ទស្សនិកជន​ចូល​ទស្សនា​នឹង​​អាច​​ឈ្នះ​ទូរសព្ទ​​សេរ៊ី​ថ្មី​ម៉ាក iPhone 5C មួយ​គ្រឿង។

តាម​រយៈ​​ការ​ជាវ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​មួយ​សន្លឹក​​តម្លៃ ១ ពាន់​រៀល នោះ​អ្នក​រៀបចំ​កម្មវិធី​នឹង​យក​កន្ទុយ​សំបុត្រ​​តាំង​ពី​ថ្ងៃ​​ប្រកួត​ទី១ ទៅ​ដាក់​ក្នុង​ធុង​ឆ្នោត​ដើម្បី​ចាប់​រង្វាន់​នៅ​ថ្ងៃ​​ចុង​ក្រោយ។ ក្រៅ​ពី​រង្វាន់ iPhone 5C ទស្សនិកជន​ក៏​អាច​ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត មាន​ដូចជា សម្ភារៈ​សម្រាប់​កីឡា​បាល់ទាត់ ជាដើម។ ក្រៅ​ពី​ចាប់​ឆ្នោត​ផ្សង​សំណាង ក្នុង​ការ​ប្រកួត​នោះ​ក៏​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ជូន​ទស្សនិកជន បាន​ទស្សនា​ផង​ដែរ។

លោក Hiroya Kon តំណាង​ក្រុមហ៊ុន Tri Asia បាន​លើក​ឡើង​ក្នុង​សន្និសិទ​សាព័ត៌មាន​​ស្ដី​ពី​ការ​ចូលរួម​សហការ​របស់​ក្រុមហ៊ុន ជាមួយ​សហព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី ១០ តុលា នេះ​ថា ការ​ចូលរួម​ចំណែក​​របស់​ក្រុមហ៊ុន​លោក​ជាមួយ​សហព័ន្ធ​គឺ ដើម្បី​ជួយ​លើក​ស្ទួយ​កីឡា​បាល់ទាត់​នៅ​កម្ពុជា ឱ្យ​កាន់​តែ​រីកចម្រើន ចាប់​​បាន​ការ​គាំទ្រ​ខ្លាំង​ឡើង​​។

​រីឯ​​លោក គល់ សុផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន TriAsia ដែល​បាន​ចូលរួម​ចំណែក​​​ជាមួយ​​សហព័ន្ធ​​លើ​ដំណើការ​​អភិវឌ្ឍន៍​កីឡា​បាល់ទាត់​ក្នុង​ស្រុក។

ចង់​ដឹង​ណាស់​ថា តើ​ទស្សនិក​ជន​រូប​ណា ដែល​មាន​វាសនា​ជា​ម្ចាស់​ទូរសព្ទ iPhone 5C?