​ខ្សែ​បម្រើ​​មាន​ល្អិត​តែ​ល្បឿន​លឿន Aaron Lennon ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur តាម​រយៈ​ការ​ចូល​ហ្វឹកហាត់​ពេញលេញ​មួយ​រយ​ភាគរយ​ឡើង​វិញ បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស ដែល​ធ្វើ​ឱ្យ​រូប​គេ​អវត្តមាន​តាំង​​ថ្ងៃ​បើក​ឆាក​ Premier League ​រដូវ​កាល​ថ្មី​នេះ​មក​។​

អត្ថបទ​៖ Poyet ​ប្ដេជ្ញា​ស្រោចស្រង់​ Sunderland ​ពី​បាត​តារាង​ក្រោយ​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី

​អតីត​យុវជន​របស់​ក្លិប​ Leeds United ​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ ​បាត់​មុខ​តាំង​ពី​ក្រោយ​ពេល​រង​របួស​ប្រអប់​ជើង​ អំឡុង​ពេល​ Spurs ​ប្រកួត​នៅ​ទឹកដី​ក្រុម​ Crystal Palace ​មក​ម្ល៉េះ​ ​ដែល​បណ្ដាល​ឱ្យ​គេ​ខកខាន​ការ​ប្រកួត​របស់​ Spurs ​​អស់​១១​ប្រកួត​មក​ហើយ។ ​ប៉ុន្តែ​ពេល​នេះ​របួស​បាន​ជា​ដាច់​ហើយ ហើយ​អ្នកចាត់ការ Andre Villas-Boas សង្ឃឹម​ថា​កីឡាករ​អន្តរជាតិ​អង់គ្លេស​ម្នាក់​នេះ​នឹង​វិល​ចូល​ទីលាន​សាជាថ្មី​​​នៅ​ទឹកដី​ក្រុម Aston Villa ​នា​ថ្ងៃ​ទី​២០ ខែ​តុលា​​។

Aaron Lennon (ឆ្វេង) ពេល​កំពុង​ហ្វឹកហាត់

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​៣៥ ​និយាយ​លើ​គេហទំព័រ​របស់​ក្លិប​ថា​៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ​Aaron ​អវត្តមាន​អស់​រយៈ​ពេល​យ៉ាង​យូរ ​តែ​ពេល​នេះ​ក្រុម​ទាំង​មូល​​សោមនស្ស​ចំពោះ​ការ​វិល​ត្រលប់​របស់​គេ​​។ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គេ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ពី​ភាព​សំខាន់​របស់​គេ​ចំពោះ​ក្រុម ដូច្នេះ​វត្តមាន​របស់​គេ​គឺ​ជា​​ជំនួយ​ដ៏​ចម្បង​សម្រាប់​ពួក​យើង”​។​

អត្ថបទ​៖ Wenger និង Ramsey ឈ្នះ​ពាន​អ្នកចាត់ការ និង​កីឡាករ​ល្អ​​ប្រចាំ​ខែ​នៅ​ BPL

​ចុង​សប្ដាហ៍​នេះ​​លីក​ធំ​ៗ​របស់​អឺរ៉ុប​មិន​មាន​ការ​ប្រកួត​នោះ​ទេ ​ដោយសារ​កីឡាករ​ភាគច្រើន​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​នៅ​ក្រុម​ជម្រើស​ជាតិ​ក្នុង​យុទ្ធនាការ​ជម្រុះ World Cup 2014​។ លីក​ទាំង​នោះ​នឹង​ចាប់​ដំណើរ​ការ​វិញ​នៅ​ចុង​សប្ដាហ៍​ក្រោយ​ ក្នុង​នោះ Spurs ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ក្រុម Aston Villa​ ក្នុង​ក្របខ័ណ្ឌ Barclays Premier League​៕​​