ធ្លាប់​តែ​ឃើញ​និង​ប្រើ​ប្រាស់​ទូរសព្ទ​ម៉ាក​ផ្សេងៗ ​តែ​ឥឡូវ​បែរ​ជា​មាន​ទូរសព្ទ​​ Firefox ដែល​​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Firefox OS ហើយ​កូន​ខ្មែរ​មួយ​រូប​កំពុង​សាកល្បង​ធ្វើ​តេស្តិ​សាកល្បង​ប្រើ​ទូរសព្ទ​ដ៏​ទំនើប​នេះ។

លោក​ អេង​ វណ្ណៈ ជា​អ្នក​តំណាង​ Mozilla នៅ​ស្រុក​ខ្មែរ​ និង​កំពុង​សាកល្បង​ប្រើ​​ទូរសព្ទ Firefox ម៉ូដែល Keon បាន​ឲ្យ​ដឹង​ថា​ ៖” សម្រាប់​ទូរសព្ទ​ FireFox ​ម៉ូដែល Keon នេះ ខ្ញុំ​តែ​ម្នាក់​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដែល​បាន​កាន់​ប្រើ​មុន​គេ និង​កំពុង​​​សាក​ល្បង​ក្នុង​ការ​តេស្ត​​រក​កំហុស​ឆ្គង​ផ្សេងៗ”។

ដោយ​ទទួល​ការ​អនុញ្ញាតិ​ពី Firefox លោក​ថា បើ​ការ​​ធ្វើ​តេស្ត​មាន​ភាព​ឆ្គាំឆ្គង ​លោក​នឹង​រាយការ​ទៅ​ដល់​ Mozilla។

ទាក់ទង​នឹង​ការ​ធ្វើ​តេស្តិ​សាកល្បង​ប្រើ​​ទូរសព្ទ​ប្រភេទ​នេះ​ លោក​បញ្ជាក់​ថា ទូរសព្ទ Firefox ​ម៉ូដែល​ Keon ​ឃើញ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា Wifi ដែល​ពិបាក​នៅ​ក្នុង​ការ​​ត​ភ្ជាប់, បញ្ហា​សេវា​ដែល​ពេល​ខ្លះ​មាន​ពេល​ខ្លះ​មិន​មាន និង​បញ្ហា​ថាច់ស្រ្គីន​ជា​ដើម។

លោកថា លោក​នឹង​រាយការ​បញ្ហា​ទាំង​អស់​នេះ​ទៅ​ដល់ Mozilla ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ មុន​ពេល​ដែល​ទូរសព្ទ​នេះ​អាច​ឈាន​ជើង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា។

យ៉ាង​ណា លោក​ថា ទូរសព្ទ​ Firefox មិន​ដូច​ទូរសព្ទ​ដទៃ​ទៀត​ទេ​គឺ​ធ្វើ​ឡើង​ឲ្យ​ត្រូវ​ទៅ​តាម​ ទូរសព្ទ​ និង​ ប្រព័ន្ធ​ប្រតិបត្តិការ ដោយ​មិន​ទាម​ទារ​ខ្ពស់​ពេក​ទេ​។

“ទោះ​បី​ជា​មាន​អភិវឌ្ឍន៍​ Version ខ្ពស់​យ៉ាង​ណា​ក៏​ទូរសព្ទ​ Fire Fox ស៊េរី​ទាប​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Fire Fox OS ខ្ពស់​បាន​ដែរ។ ជាង​នេះ​ទៅ​ទៀត​គឺ​ Mozilla ធ្វើ​ឡើង​សម្រាប់​អតិថិជន​​ដែល​លទ្ធភាព​តិច​តួច​អាច​ទិញ​ប្រើ​បាន​។ ហើយ​ការ​ប្រើ​ប្រាស់​សម្រាប់​អ្នក​ដែល​មិន​មែន​ជា​ Developer ក៏​អាច​យល់​ដឹង​ពី​ Code ខ្លះ​ៗ​ដែល​មាន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Fire Fox OS “។

លោក​សង្ឃឹម​ថា​ថ្ងៃ​ខាង​មុខ​នឹង​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​យើង​ ហើយ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​នឹង​បាន​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា ដើម្បី​​ចង់​ដឹង​ថា​មាន​អ្វី​ដែល​ប្លែក​​លើស​ពី ​ Smartphone ដទៃ​ទៀត​នោះ។

បច្ចុប្បន្ន​នេះ​ទូរសព្ទ​ Firefox ចំនួន​ពីរ​ម៉ូដែល​គឺ​ Keon និង Peak បាន​​ចរាចរ​នៅ​លើ​ទីផ្សា​រ​ប្រទេស​មួយ​ចំនួន​ហើយ​នៅ​អឺរ៉ុប និង​អាមេរិក​ខាង​ត្បូង និង​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ផង​ដែរ។



អត្ថបទ៖ ដារ៉ា​ឆានី​